ខេត្តកំពង់ចាម នៅតែបន្តការផ្សព្វផ្សាយអំពីវិធានការការពារ ទប់ស្កាត់ការរីករាលដាល នៃជម្ងឺកូវីដ ១៩ ដល់ប្រជាពលរដ្ឋ

(កំពង់ចាម)៖ បើទោះបីស្ថានភាព នៃជម្ងឺកូវីដ១៩ នៅខេត្តកំពង់ចាម មានសភាពធូរស្រាលបន្តិច ក៏ពិតមែន តែអាជ្ញាធរខេត្ត រួមជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ នៅតែបន្តយកចិត្តទុកដាក់ផ្សព្វផ្សាយអំពីវិធានការការពារ ទប់ស្កាត់ការរាតត្បាត នៃជម្ងឺកូវីដ១៩ តាមរយៈ ឧគ្ឃោសនស័ព្ទចល័ត តាមទីប្រជុំជនក្នុង ក្រុង-ស្រុក និងអចល័ត នៅតាមសាលាឃុំ-សង្កាត់ ទីវត្តអារាម វិហារសាសនា និងមានផ្សព្វផ្សាយ តាមខ្នងផ្ទះ ចែកខិតប័ណ្ណ ផ្ទាំងរូបភាពអប់រំ ដែលផលិតដោយក្រសួងសុខាភិបាល តាមទីសាធារណៈនានា ។

ជាមួយនោះ ថ្នាក់ដឹកនាំខេត្ត ជាពិសេស ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជម្ងឺកូវីដ ១៩ ខេត្តកំពង់ចាម នៅតែលើកការអំពាវនាវ យ៉ាងទទូចទៅដល់ប្រជាពលរដ្ឋទូទៅ ត្រូវចូលរួមទាំងអស់គ្នា ដើម្បី ទប់ស្កាត់ការរីរាលដាល នៃជម្ងឺកូវីដ ១៩ ដោយធ្វើការអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល បន្តយកចិត្តថែរក្សាអនាម័យ សម្អាតខ្លួនប្រាណ លាងសម្អាតដៃ ជាប់ជាប្រចាំ និងចេះប្រើប្រាស់ម៉ាស់ ឬក្រម៉ា នៅពេលក្អក ឬកណ្តាស់ ៕