ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ ចុះលើកផ្ទះ០១ខ្នង ជូនជនពិការ ក្នុងក្រុងព្រះវិហារ

(ព្រះវិហារ)៖ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០នេះ ឯកឧត្តម ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ (ស.អ.ក) ដឹកនាំក្រុមការងារ ស.អ.ក ខេត្ត ស្រុក និងអាជ្ញាធរមូលដ្ឋាន ចុះលើកផ្ទះ០១ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា។

ឯកឧត្តម ច័ន្ទ សុភ័ក្រ្តា បានពាំនាំនូវប្រសាសន៍ផ្តាំសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលសម្តេចតែងតែគិតគូរជានិច្ចនូវសុខទុក្ខរបស់អតីតយុទ្ធជន។ ហើយការអភិវឌ្ឍន៍ និងសុខសន្តិភាពដែលទទួលបានដូចសព្វថ្ងៃ គឺជាចំណែកមួយដែលមិនអាចកាត់ផ្តាច់បាន ពីការលះបង់របស់បងប្អូនវីរអតីតយុទ្ធជនយើងបានឡើយ។

ផ្ទះ០១ខ្នង ខាងលើនេះ មានទំហំ៥x៦ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី ចំណាយថវិកាអស់ចំនួន ៨,៩៨០,០០០៛ ត្រូវបានប្រគល់ជូនឈ្មោះ រៀម ផាត ភេទប្រុស អាយុ៥៦ឆ្នាំ ជាអតីតយុទ្ធជន រស់នៅភូមិប៉ាលហាល សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ៕