សម្ដេចកិត្តិព្រិទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាផ្ដល់អង្ករ និងសម្ភារៈប្រើប្រាស់ដល់អនុសាខាកាកបាទក្រហមទាំង១០ក្រុងស្រុកក្នុងខេត្តតាកែវ

(តាកែវ)៖ ប្រធានកាកបាទក្រហមកម្ពុជាសម្ដេចកិត្តិព្រិទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នៅព្រឹកថ្ងៃ សៅរ៍ ទី ២៥ ខែ មេសា ឆ្នាំ ២០២០នេះ បានសម្រេចផ្ដល់ស្បៀងអាហារជាអង្ករ និងសម្ភារៈប្រើប្រាស់មួយចំនួនដល់អនុសាខាកាកបាទក្រហមក្រុងស្រុកទាំង១០នៅក្នុងខេត្តតាកែវដើម្បីយកទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋទីទ័រក្រឬប្រជាពលរដ្ឋដែលមានបញ្ហាជីវភាពដោយសារតែការរីករាលដាលជំងឺកូវីដ១៩។

ឯកឧត្តម អ៊ូច ភា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ បានមានប្រសាសន៍ថា ការសម្រេចផ្ដល់ជាអង្ករនិងសម្ភារៈប្រើប្រាស់ដល់អនុសាខាកាកបាទក្រហមក្រុងស្រុកទាំង១០ពីសំណាក់សម្ដេចកិត្តិព្រិទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជានៅពេលនេះ បានបង្ហាញពីការយកចិត្តទុក្ខដាក់ខ្ពស់របស់សម្ដេចប្រធានដែលតែងតែយកចិត្តទុកដាក់ និងមានការព្រួយបារម្ភចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានជាពិសេសពីការរីករាលដាលនៃជំងឺកូវីដ១៩ ដោយសម្ដេចកិត្តិព្រិទ្ធបណ្ឌិតក្រៅតែពីផ្ដល់ជាស្បៀងអាហារ សម្ដេចកិត្តិព្រិទ្ធិបណ្ដិតក៍បានផ្ដល់ជូនជាអាកុល សាប៊ូ ម៉ាស់ សម្រាប់អោយមន្រ្តីកាកបាទក្រហមនៅតាមអនុសាខាក្រុងស្រុកទាំង១០ក្នុងខេត្តតាកែវយកទៅចែក ជូនបងប្អូនប្រជាពលរដ្ឋប្រើប្រាស់ដើម្បីការពារកុំឲ្យឆ្លងរីករាលដាលនៅក្នុងសហគមន៍ប្រជាពលរដ្ឋ។

ឯកឧត្តមប្រធានសាខាកាកបាទក្រហមខេត្តតាកែវ ក៍បានពាំនាំនូវការផ្ដាំផ្ញើរបស់សម្ដេចកិត្តិព្រិទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដល់មន្រ្តីអនុសាខាកាកបាទក្រហមក្រុងស្រុកទាំង១០ ក្នុងខេត្តតាកែវ ត្រូវចុះចែកស្បៀងអាហារ របស់ប្រើប្រាស់ជូនបងប្អូនប្រជាពលរដ្ឋឲ្យចំគោលដៅនិងត្រូវចុះចែកអោយដល់ខ្នងផ្ទះជាពិសេសត្រូវអប់រំបងប្អូនប្រជាពលរដ្ឋពីវិធីការពារកុំឲ្យឆ្លងជំងឺកូវីដ១៩ តាមរយៈការណែនាំដល់បងប្អូនឲ្យអនុវត្តន៏ពីអនាម័យឲ្យបានជាប់ជាប្រចាំទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល។

សូមបញ្ជាក់ថាស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ដែលសម្ដេចកិត្តិព្រិទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាផ្ដល់ជូន អនុសាខាកាកបាទក្រហមកម្ពុជាក្រុងស្រុកទាំង១០នៅក្នុងខេត្តតាកែវ សរុបចំនួន៖ អង្ករ ៤៥០បាវ ត្រីខ ៤៥០យួរ ទឹកត្រី ៤៥០យួរ អំបិល ៤៥០ កញ្ចប់ ប៊ីចេង ៤៥០កញ្ចប់ អាល់កុល ៣០០លីត្រ សាប៊ូ ៩០០ដុំ ម៉ាស់ ៤០០០ម៉ាស់ និងផ្ទាំងផ្សព្វផ្សាយចំនួន ៤០០សន្លឹក៕