អភិបាលស្រុកប្រាសាទបាគង ដឹកនាំក្រុមការងារ ចុះពិនិត្យ មើលការ ដ្ឋាន ជីកស្រះ ទឹក សម្រាប់សហគមន៍ភូមិដីក្រហម ស្ថិតនៅក្នុងឃុំកំពង់ភ្លុក

(សៀមរាប)៖ អភិបាលស្រុកប្រាសាទបាគង បានដឹកនាំក្រុមការងារ ចុះពិនិត្យ មើលការ ដ្ឋាន ជីកស្រះ ទឹក សម្រាប់សហគមន៍ភូមិដីក្រហម ស្ថិតនៅក្នុងឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។ ជាច្រើនឆ្នាំកន្លងមកនេះ នៅក្នុងសហគមន៍តែងតែមានការខ្វះខាតទឹកប្រើប្រាស់នារដូវប្រាំង ដោយពិនិត្យឃើញស្ថានភាពបែបនេះទើបអាជ្ញាធរស្រុកសម្រេចធ្វើការសាង់សង់ ដើម្បីធ្វើជាកន្លែងស្តុករក្សាទឹកទុក ក្នុងរដូវវស្សា ជូនបងប្អូនប្រជាពលរដ្ឋប្រើប្រាស់នារដូវប្រាំងវិញ ។ គិតត្រឹមព្រឹកថ្ងៃទី២ ៤ ខែមេសា ឆ្នាំ២០២០នេះការដ្ឋានសម្រេចលទ្ធផលបាន ប្រមាណ ៨០ ភាគរយ ហើយ ។

លោក សូរ ប្លាតុង អភិបាលស្រុក បានបញ្ចាក់ថា ស្រះសហគមន៍ភូមិដីក្រហមនេះ មានបណ្តោយ ១០០ម៉ែត្រ និង ទទឹង៧៥ម៉ែត្រ ជម្រៅ ៦ម៉ែត្រ មានធ្វើផ្លូវ និងរបងពទ្ធ័ជុំវិញ រួមជាមួយការដាំស្មៅតាមជេីងទេរផងដែរ អនុវត្តដោយម្រោងលេីកកំពស់ជីវភាពប្រជាជនក្រីក្រ (LEAP) ដែលគ្រោងចំណាយថវិកាក្នុងការសាងសង់សរុប ៤៥,៥០០ដុល្លា សហរដ្ឋអាមេរិក។

ក្រោយសាងសង់រួចរាល់ ទីនេះមិនត្រឹមក្លាយជាកន្លែងរក្សាស្តុកទឹកទុកសម្រាប់ប្រើប្រាស់តែប៉ុណ្ណោះទេ តែទីនេះ ក៏អាចនឹងក្លាយជាកន្លែង សម្រាប់បងប្អូនប្រជាពលរដ្ឋ អង្គុយជួបជុំ លំហែរកាយ ឬ ដើរហាត់ប្រាណ រួមជាមួយខ្យល់អាកាសបរិសុទ្ធផងដែរ។

លោក អភិបាលស្រុក ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមន៍នេះក្រោយពីសាងសង់រួចរាល់ សូមចូលរួមថែរក្សាឲ្យបានល្អ ដើម្បីទុកជាប្រយោជន៍សាធារណៈនៅក្នុងមូលដ្ឋានរបស់ខ្លួន ៕

អត្ថបទ និងរូបភាព: លោកគឿន វេត
កែសម្រួលដោយលីវ សុខុន