សុខទុក្ខប្រជាពលរដ្ឋ ជាសុខទុក្ខរបស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់

( កំពង់ធំ)៖ ដោយយោងទៅលើស្ថានភាពជាក់ស្ដែង និងការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំស្រុកបារាយណ៍នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ លោក ហាក់ ម៉ូវសេង ប្រធានក្រុមប្រឹក្សាស្រុក និងលោក អួង សារឿន អភិបាលស្រុកបារាយណ៍ បានដឹកនាំក្រុមការងារ ចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩  នៅភូមិ ចំនួនពីរនៅក្នុងឃុំក្រវ៉ាគឺ ភូមិរូង និង ភូមិកំពង់ស្ដេច ក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលមានការអញ្ជើញចូលរួមពីលោក លោកស្រី អភិបាលរងស្រុក កងកម្លាំងប្រដាប់អាវុធទាំង ៣ ប្រភេទ លោក លោកស្រី ប្រធាន អនុប្រធានការិយាល័យជុំវិញស្រុកនិងមន្ត្រីរាជការមួយចំនួនផងដែរ។


ក្នុងឱកាសនោះដែរ លោក អួង សារឿន បានថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋាន និងមន្ត្រីដែលពាក់ព័ន្ធទាំងអស់ ដែលបានផ្សព្វផ្សាយ អំពីវិធានការការពារ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ របស់រាជរដ្ឋាភិបាល ។ លោកបន្តថាសុខទុក្ខប្រជាពលរដ្ឋ ជាសុខទុក្ខរបស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់។

លោកអភិបាលស្រុក ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ពិសេសអ្នកដែលមកពីក្រៅប្រទេសបានសម្រេចចិត្តដាក់ខ្លួននៅដោយឡែកពីគេ ហើយត្រូវសម្អាត និងរក្សាអនាម័យជាប្រចាំ តាមការណែនាំរបស់ ក្រុមការងារថ្នាក់ភូមិឃុំស្រុកនិងក្រសួងសុខាភិបាល ដោយលាងដៃជាមួយនឹងសាប៊ូឱ្យបានញឹកញាប់ អាល់កុល និងជែលលាងដៃ មុនពេលនិងក្រោយពេលចាប់កាន់របស់ផ្សេងៗ ព្រមទាំងពាក់ម៉ាស់ ឬក្រម៉ានៅពេលធ្វើដំណើរទៅទីសាធារណៈឬទៅផ្សារ ដើម្បីទប់ស្កាត់ការឆ្លងរោគពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។

លោកក៏បានអំពាវនាវ និងសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមអនុវត្តទាំងអស់គ្នា ដើម្បីសេចក្តីសុខនិងសុវត្ថិភាពសុខភាពផ្ទាល់ខ្លួនផង និងដើម្បីសុវត្ថិភាពសុខភាពសម្រាប់អ្នកដទៃ និងសហគមន៍ទាំងមូលផង នៅក្នុងកាលៈទេសៈ ដែលប្រទេសជាតិកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

ជាមួយក្នុងការចុះផ្សព្វផ្សាយពីជំងឺកូវីដ១៩ដោយរស់នៅមិនមានការប្រមូលផ្ដុំគ្នានៅឡើយ ក្នុងនោះ អាជ្ញាធរស្រុកបានជំរុញឲ្យមាតាបិតាបង្រៀនកូននៅតាមផ្ទះជាពិសេសក្រសួងអប់រំបានដាក់ចេញនូវការបង្រៀនតាម online ចាប់ពីថ្នាក់ទី១ដល់ថ្នាកទី ១២ ។

អំណោយមនុស្សធម៌ដែលចែកជូនដល់គ្រួសារងាយរងគ្រោះ ចាស់ជរាគ្មានទីពឹងចំនួន ១១គ្រួសារ គឺភូមិរូងចំនួន ៧ គ្រួសារនិងភូមិកំពង់ស្ដេច ៤ គ្រួសារ ដោយមួយគ្រួសារៗទទួលបានអង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ ស្ករអំបិល ប៊ីចេង ប្រេងឆា សាប៊ូលាងដៃ និងថវិកា មួយចំនួនផងដែរ៕ ដោយ៖ Micheal