តំណាងរាស្ត្រខេត្តត្បូងឃ្មុំ និងអាជ្ញាធរស្រុក បន្តចែកអាហារបួសខែរ៉ម៉ាឌន ជូនសាសនិកឥស្លាមក្រីក្រចំនួន៥៥៤គ្រួសារ ក្នុងស្រុកពញាក្រែក

(ត្បូងឃ្មុំ)៖ ឯកឧត្តម ម៉ូត យូសុះ តំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ និងជាអុីមុំាខេត្តត្បូងឃ្មុំ រួមដំណើរដោយ ឯកឧត្តម ម៉ាត់ ហ្គោហ្វូត សមាជិកក្រុមប្រឹក្សាខេត្ត និងលោក លី សុភាលីន អភិបាលស្រុកពញាក្រែក ព្រមទាំងអុីមុំាស្រុក ក្រុមប្រឹក្សាស្រុក ឃុំ អុីមុំាម៉ាស្ជិទ នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ បន្តនាំយកអំណោយជាអាហារបួស ទៅចែកជូនសាសនិកឥស្លាមគ្រួសារក្រីក្រចំនួន៥៥៤គ្រួសារ នៅឃុំចំនួន៣ ក្នុងស្រុកពញាក្រែក រួមមាន ឃុំពពេល៣៦៥គ្រួសារ ឃុំកោងកាង៧៩គ្រួសារ និងឃុំក្រែក១១០គ្រួសារ។

ក្នុងឱកាសនោះ ឯកឧត្តម ម៉ូត យូសុះ បានផ្សព្វផ្សាយណែនាំពីវិធាន ការការពារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ តាមការ ណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងសុខាភិបាល និងគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ឲ្យពួកគាត់បានយល់កាន់តែច្បាស់អំពីហានិភ័យ ផលប៉ះពាល់នានាដល់សេដ្ឋកិច្ចគ្រួសារ សហគមន៍ ប្រទេសជាតិ និងទូទាំងពិភពលោក ដែលបណ្ដាលមកពីជំងឺកូវីត-១៩។

ដោយឡែកចំពោះអំណោយចែកជូនក្នុងមួយគ្រួសារទទួលបានអង្ករចំនួន២៥គីឡូក្រាម, ត្រីខ៥កំប៉ុង, ទឹកដោះគោ២កំប៉ុង, ប្រេងឆា១ដប, ស្កសរ១គីឡូក្រាម, តែ១កញ្ចប់, អំបិល ១គីឡូក្រាម និងសាប៊ូ១ដុំ ដោយសរុបក្នុងមួយគ្រួសារអស់ទឹកប្រាក់ ចំនួន៧៦,000៛ សរុបថវិការទាំងអស់ ស្មើនឹងជាង៤២លានរៀល។ ថវិកាទាំងអស់នេះបានមកតាមរយៈលោកស្រី ជីប នោស្នី ប្រធានឣង្គការមូលនិធិពិភពកុមារកំព្រាកម្ពុជាសម្រាប់ដោះស្រាយជីវភាពសម្រាប់ខែរ៉ម៉ាឌននេះ។

ឯកឧត្តម ម៉ូត យូសុះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះម្ចាស់អំណោយ និងអ្នកដែលពាំនាំអំណោយមកជូនប្រជាពលរដ្ឋ ហើយឯកឧត្តមសំណូមពរអោយនៅតែបន្ត ជួយឧបត្ថម្ភបន្ថែមទៀត ដើម្បីបង្ហាញពីវប្បធម៍ចែករំលែកជួយគ្នាក្នុងគ្រាទុក្ខលំបាក ពិសេសសម្រាប់ប្រជាពលរដ្ឋទីទាល់ក្រ។

បន្ទាប់មកឯកឧត្តម ម៉ូត យូសុះ ជាអុីមុំាខេត្តត្បូងឃ្មុំ ក៍បានធ្វើការសំណូមពរដល់ អុីមុំាស្រុក អុីមុំាម៉ាស្ជិទ នៅតាមបណ្តាភូមិឃុំទូទាំងខេត្តត្បូងឃ្មុំ ត្រូវតែថ្វាយបង្គំសំពះយំាងហ្វើតទូ ទាំងប្រាំពេល និងសំពះយំាងសូណីត តារ៉ាវីស ក្នុងខែរ៉ម៉ាឌន នេះ នៅតាមផ្ទះរៀងៗខ្លួន ដើម្បីរួមគ្នាជាមួយអាជ្ញាធរខេត្ត និងរាជរដ្ឋាភិបាលកម្ពុជា បន្តទប់ស្កាត់ការពារការរីករាលដាលនៃជម្ងឺកូវីដ១៩៕ ដោយ៖ មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ