អំណោយជាម៉ាស់ និងជែលលាងដៃ ត្រូវបានគណៈកម្មាធិការប្រជាជនខេត្តតៃនិញ ឧបត្ថម្ភដល់រដ្ឋបាលខេត្តកំពង់ចាម 

(កំពង់ចាម)៖ នាព្រឹកថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២០នេះ នៅច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង-ស្មាច់ ឯកឧត្ដម ហាន កុសល អភិបាលរងខេត្ត តំណាង ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញទទួលយកអំណោយជា ម៉ាស់ ៣០.០០០ម៉ាស់ និងជែលលាងដៃ ចំណុះ ៥០០មីលីលីត្រ ចំនួន ២៤០ដប ពីគណៈកម្មាធិការប្រជាជនខេត្តតៃនិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានឧបត្ថម្ភដល់រដ្ឋបាលខេត្ត សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ ១៩។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលរង ខេត្តកំពង់ចាម បានពាំនាំការផ្តាំផ្ញើ សាកសួរសុខទុក្ខ និងថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ពីសំណាក់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ ១៩ ខេត្តកំពង់ចាម ជូនចំពោះ ថ្នាក់ដឹកនាំ និងប្រជាជនខេត្តតៃនិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានចូលរួមចែករំលែកការលំបាក ជាមួយរដ្ឋបាលខេត្ត និងបានជួយឧបត្ថម្ភ គាំទ្រ ដល់ការងារប្រយុទ្ធប្រឆាំងនឹងការរីករាលដាល នៃជំម្ងឺកូវីដ១៩ ដែលនេះជាកាយវិការប្រកបដោយសប្បុរស និងបង្ហាញឲ្យឃើញពីសាមគ្គីភាព មិត្តភាព រវាងខេត្តទាំងពីរ (កំពង់ចាម-តៃនិញ) និងជួយគ្នា ក្នុងគ្រាលំបាក ហើយសម្ភារៈទាំងនេះ រដ្ឋបាលខេត្តនឹងយកទៅប្រើប្រាស់ បម្រើឲ្យយុទ្ធនាការប្រយុទ្ធប្រឆាំងនិងការរាតត្បាត នៃជម្ម្ងឺកូវីដ១៩ ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តកំពង់ចាម