ប្រជាពលរដ្ឋ និងអាជ្ញាធរស្រុកបន្ទាយស្រី ចាប់ផ្ដើមធ្វើស្រែវស្សាបានជិត៤០ហិកតា ដើម្បីជួយដល់ជនពិការ ចាស់ជរា និងគ្រួសារក្រីក្រក្នុងស្រុកនេះ !

(សៀមរាប)៖ ក្នុងពេលរដូវវស្សាចាប់ផ្តើមចូលមកដល់អាជ្ញាធរស្រុកបន្ទាយស្រី បានដឹកនាំប្រជាពលរដ្ឋចាប់ផ្តើមចុះភ្ជួររាស់ដីស្រែ លើផ្ទៃដីជិត៤០ហិកតា ដើម្បីជួយដល់ប្រជាពលរដ្ឋក្រីក្រ ជនចាស់ជរា និងជនពិការ ក្នុងដំណាក់កាលវិបត្តិនៃជំងឺកូវីដ១៩នេះ ។ បច្ចុប្បន្នរដ្ឋបាលស្រុក បាននិងកំពុងអនុវត្ត “ គម្រោងស្រែសង្គម ” ដែលមានផ្ទៃដីជិត៤០ហិកតា សម្រាប់ធ្វើការដាំដុះស្រូវស្រាល ដែលសកម្មភាពសប្បុរសធម៌នេះ គឺទទួលបានការគាំទ្រ និងចូលរួមពីប្រជាពលរដ្ឋ យុវជន និងអាជ្ញាធរ ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប។

នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០នេះ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បង្ហាញថា នៅដើមខែឧសភាខាងមុខ រដ្ឋបាលស្រុកនឹងចាប់ផ្តើមស្ទូងសំណាបក្នុងវាលស្រែដែលជាការចាប់ផ្តើមដើមរដូវវស្សាតែម្តង ហើយបើមិនមានអ្វីប្រែប្រួលទេ ៣ខែខាងមុខទៀតនេះ គម្រោងនេះ នឹងអាចទទួលផល ស្រូវស្រាលដើមរដូវជុំទី១។

លោកអភិបាលស្រុក បន្ថែមថា នៅថ្ងៃនេះ យុវជន ប្រជាការពារភូមិ មន្រ្តីនគរបាលប៉ុស្តិ៍ និងអាជ្ញាធរឃុំជាច្រើននាក់ បានចូលរួមជាមួយប្រជាពលរដ្ឋ កំពុងអនុវត្តនៅក្នុងគម្រោងនេះ ដោយបាចជីអាចម៍មាន់នៅក្នុងវាលស្រែ ដែលការងារនេះ ត្រូវប្រើពេល៣ថ្ងៃ លើផ្ទៃដីជិត៤០ហិកតា ។

លោកឃឹម ហ្វីណង់ បញ្ជាក់ថា ផ្ទៃដីជិត៤០ហិកតានេះ គឺជាការផ្ដល់ជូនឲ្យប្រើប្រាស់បណ្ដោះអាសន្នរហូតដល់ដំណាច់ឆ្នាំ២០២០ ពីប្រជាពលរដ្ឋចំនួន៣៩គ្រួសារ មកពីភូមិអូរទទឹង និងភូមិថ្នល់ទទឹង និងមានការសម្របសម្រួលពីរដ្ឋបាលស្រុក ។ បន្ទាប់ពីទទួលបានផលហើយម្ចាស់ដីស្រីនីមួយៗ នឹងទទួលបានស្រូវចំនួន ៤០០គីឡូក្រាម ក្នុងមួយហិកតា។ ចំពោះស្រូវ ដែលនៅសល់ពីចែកឲ្យម្ចាស់ស្រែ នឹងត្រូវចែកជូន ប្រជាពលរដ្ឋក្រីក្រ ជនពិការ និងចាស់ជរា ជាពិសេសប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ ដោយសារវិបត្តិនៃមេរោគកូវីដ-១៩។

ជាមួយនោះដែរ លោកអភិបាលស្រុក រំពឹងថា រដ្ឋបាលស្រុកបន្ទាយស្រី នឹងមានគម្រោងធ្វើស្រែរួមគ្នា រឺសហគមន៍កសិកម្ម (Agricultural Cooperative រឺ Farmers’ Co-op) នាពេលអនាគត ប្រសិនបើគម្រោងស្រែសង្គមនេះ ជោគជ័យ។ លោកបន្ថែមថា គម្រោងប្រភេទនេះ ប្រទេសជឿនលឿន គេបានអនុវត្តន៍រួចមកហើយ ដោយសារតែវាផ្តល់គុណប្រយោជន៍ទៅដល់ប្រជាកសិករ ច្រើនជាងការធ្វើលើដីស្រែទំហំតូចៗដាច់ដោយឡែក ៕

អត្ថបទនិង រូបថត ៖ លោក ឃុត សៅ

កែសម្រួលដោយ លីវ សុខុន