ប្រជាពលរដ្ឋចំនួន ៤៦គ្រួសារ ទទួលបានអំណោយសង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមខេត្តកំពង់ចាម

(កំពង់ចាម)៖ នាព្រឹកថ្ងៃ ព្រហស្បតិ៍ ទី២៣ ខែមេសា ឆ្នាំ២០២០នេះ  ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត និងជាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញផ្តល់ស្បៀងសង្គ្រោះបន្ទាន់ ជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន ៤៦គ្រួសារ ដែលមកពីឃុំល្វេ និងឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាម។

ឆ្លៀតនាឱកាសនោះផងដែរឯកឧត្តម ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរទុក្ខពីសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេច តែងតែគិតគូរពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋជានិច្ច ពោលគឺទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា។

ឯកឧត្តមក៏បានផ្តាំផ្ញើសុំឱ្យបងប្អូនប្រជាពលរដ្ឋ ត្រូវតែថែរទាំសុខភាព នូវអនាម័យជាប់ជាប្រចាំ ដើម្បីចូលរួមទប់ស្កាត់ នៃការរីករាលដាលជំងឺកូវីដ-១៩៕ ដោយ៖ មន្ទីរព័ត៌មានខេត្តកំពង់ចាម