ជនជាតិចិន៥នាក់ ដែលទើបចូលកម្ពុជាក្នុងអំឡុងដើមឆ្នាំ២០២០នេះ កំពុងបំរើការងារនៅរោងចក្រកែច្នៃចេក ក្នុងស្រុកអូររាំងឳ ត្រូវបានមន្ត្រីសុខាភិបាលពិនិត្យសុខភាព

(ត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ កម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ រួមជាមួយអភិបាលរងស្រុកអូររាំងឳ លោកមេឃុំព្រះធាតុ កំលាំងនគរបាលស្រុក និងក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែកស្រុកអូររាំងឪ បានសហការគ្នាចុះពិនិត្យឯកសារនានា និងពិនិត្យសុខភាពជនជាតិចិនចំនួន០៥នាក់ ក្នុងនោះស្រី០២នាក់ ដែលបានមកស្នាក់នៅនិងបម្រើការងារនៅរោងចក្រកែច្នៃចេក ស្ថិតនៅក្នុងក្រុមហ៊ុនចំការកៅស៊ូពាមជាំង ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

ជនជាតិចិនទាំង៥នាក់នេះមានឈ្មោះ និងកាន់ឯកសារលិខិតឆ្លងដែនរួមមាន: ទី១ឈ្មោះCHEN.ZHIQIANG មកពីខេត្តJILIN ចូលមកកម្ពុជាថ្ងៃ១៤ ខែមីនា ឆ្នាំ២០២០ ផុតសុពលភាពថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០, ទី២ឈ្មោះQIN.WEIDONG មកពីខេត្តHEILONGJIANG ចូលមកកម្ពុជា ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ ផុតសុពលភាពថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០, ទី៣ឈ្មោះ CHEN.HANCHAO មកពីខេត្ត:JILIN ចូលមកកម្ពុជាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ផុតសុពលភាព ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០, ទី៤ឈ្មោះ ZHOU.QI មកពីខេត្តSHANDONG ចូលមកកម្ពុជាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ផុតសុពលភាពថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ និងទី៥ឈ្មោះ JIN.HONGFENG មកពីខេត្តHEILONG JIANG ចូលមកកម្ពុជាថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ ផុតសុពលភាពថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១។

ការចុះត្រួតពិនិត្យនេះ ដើម្បីធានាថាជនជាតិចិនទាំង៥នាក់នេះ មកដោយស្របច្បាប់ មានលិខិតឆ្លងដែនត្រឹមត្រូវ មិនស្នាក់នៅហួសកាលកំណត់ ជាពិសេសនោះ ឲ្យដឹងច្បាស់ថាមានផ្ទុកជំងឺកូវីដ១៩ដែរឬអត់ គឺដើម្បីធ្វើការដាក់ឲ្យនៅដាច់ដោយឡែក និងពិនិត្យព្យាបាល ការពារការឆ្លងបន្ត ក្នុងករណីពិនិត្យឃើញមានផ្ទុកវីរុសកូរ៉ូណា។

ក្រោយពីអាជ្ញាធរ មន្ត្រីមានសមត្ថកិច្ច និងមន្ត្រីសុខាភិបាលធ្វើការសហការចុះត្រួតពិនិត្យ និងតេស្តសុខភាពរួចមក ជាលទ្ធផលឃើញថា ជនជាតិចិនទាំង៥នាក់នេះ មានឯកសារគ្រប់គ្រាន់ និងសុខភាពមកដល់ពេលនេះមិនមានអ្វីគួរអោយកត់សំគាល់ទេ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី មន្ត្រីសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន នៅតែតាមសង្កេតសុខភាពជនជាតិចិនទាំង៥នាក់នេះជាបន្តទៀតផងដែរ៕