ការចិញ្ចឹមមាន់ និងជ្រូក ក្នុងខេត្តសៀមរាប សម្រាប់ដើមឆ្នាំ២០២០ មានការកើនឡើង១៦ភាគរយ !

(សៀមរាប)៖ នៅដើមឆ្នាំ២០២០ ការចិញ្ចឹមមាន់ និងជ្រូក មានការកើនឡើង១៦% បើធៀបទៅនឹង រយ:ពេលដូចគ្នា កាលពីឆ្នាំ២០១៩ ចំនួននេះបង្ហាញថា នៅទូទាំងខេត្ត មិនមានបញ្ហាប្រឈម ក្នុងការផ្គត់ផ្គង់សាច់សត្វអំឡុងពេលមានវិបត្តិជំងឺកូវីដ១៩ នៅកម្ពុជានោះឡើយ នេះបើតាមការឲ្យដឹងពីលោក ទា គឹមសុទ្ឋ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០នេះ។

ក្នុងឱកាសចុះពិនិត្យ និងជំរុញការងារសង្វាក់ផលិតកម្មសត្វ និងការដាំដុះ របស់កសិករតាមសហគមន៍ នៅបណ្តាស្រុកមួយចំនួនក្នុងខេត្ត ដូចជាស្រុកពួក, ប្រាសាទបាគង, សូទ្រនិគម, បន្ទាយស្រី, ស្រុកអង្គរធំ និងក្រុងសៀមរាប ។ លោកប្រធានមន្ទីរ បញ្ជាក់ថា ការចិញ្ចឹមសត្វនៅតាមសហគមន៍មានលក្ខណ:ល្អប្រសើរច្រើន លើកលែងតែការចីញ្ចឹមជ្រូកជាលក្ខណៈគ្រួសារ ប្រជាកសិករនៅមានការស្ទាក់ស្ទើរក្នុងការចិញ្ចឹម ដោយសារបញ្ហាជំងឺឆ្លងកាលពីឆ្នាំមុន ប៉ុន្តែការចីញ្ចឹមជ្រូកតាមកសិដ្ឋានការរីកចម្រើនគួរឱ្យកត់សំគាល់ ។

តាមរយ:ការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាល លើវិស័យកសិកម្ម លោកប្រធានមន្ទីរ បានអំពាវនាវ ដល់ប្រជាពលរដ្ឋ ទើបត្រឡប់ពីបរទេស សូមងាកមកចូលរួមបង្កើនការងារកសិកម្ម ដូចជាការចិញ្ចឹមសត្វ ការដាំបន្លែផ្សេងៗ នៅតាមមូលដ្ឋាន ដើម្បីរួមចំណែកកាត់បន្ថយនូវភាពខ្វះខាត និងអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងគ្រួសារ ៕

អត្ថបទ និង រូបថត ៖ លោក យូ វង្ស
កែសម្រួលដោយ លីវ សុខុន