តំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ និងក្រុមប្រឹក្សាខេត្ត បន្តចុះចែកអំណោយជូនសាសនិកឥស្លាមគ្រួសារក្រីក្រ១២៥គ្រួសារ និងផ្សព្វផ្សាយអំពីវិធីទប់ស្កាត់ជំងឺកូវីដ១៩

(ត្បូងឃ្មុំ)៖ ឯកឧត្តម ម៉ូត យូសុះ តំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ និងជាអុីមុំាខេត្តត្បូងឃ្មុំ និងឯកឧត្តម ម៉ាត់ ហ្គោហ្វូត សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានសមាគមយុវជនមុស្លីមកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ បានបន្តចុះចែកអំណោយជាកញ្ចប់អាហារសម្រាប់បួស ជូនសាសនិកឥស្លាមគ្រូសាក្រីក្រ និងបន្តផ្សព្វផ្សាយពីវិធីទប់ស្កាត់ជំងឺកូវីដ១៩ នៅក្នុងភូមិពោធិឥន្ទទី១ ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដើម្បីដោះស្រាយជីវភាពមួយគ្រាក្នុងខែកាន់អំណត់បួស រ៉ម៉ាឌន ខាងមុខដែលនឹងស្ថិតក្នុងកំឡុងពេលនៃវិបត្តិជំងឺកូវិដ-១៩នេះ ។

នៅក្នុងឱកាសចុះជួបសំណេះសំណាលផ្ទាល់ និងដល់ខ្នងផ្ទះនោះ ឯកឧត្តម ម៉ូត យូសុះ បានមានប្រសាសន៍អំពាវនាវឲ្យបងប្អូនសាសនិកឥស្លាមទាំងអស់ បង្កើនការប្រុងប្រយ័ត្ន នៅក្នុងសកម្មភាពប្រចាំថ្ងៃរបស់ខ្លួន ជាពិសេសខែរ៉ម៉ាឌនជិតមកដល់ បន្ថែមលើការអនុវត្តតាមវិធានការកាពារបស់ក្រសួងសុខាភិបាលកម្ពុជា និងវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលចម្លងបន្តនៃជំងឺកូវីត-១៩ ព្រោះថាជម្ងឺនេះវាអាចឆ្លងយ៉ាងលឿនពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត និងអាចអោយយើងស្លាប់បាន ។

បន្ទាប់មកឯកឧត្តម បានសំណូមពរដល់អាជ្ញាធរមូលដ្ឋានរួម លោកអភិបាលស្រុក អុីមុំាស្រុក ឃុំ អ៉ីមុំាម៉ាស្ជិទ នៅតាមបណ្តាភូមិ ត្រូវបន្តសកម្មភាពចុះផ្សព្វផ្សាយជាប្រចាំវិធានការពារចម្លងជំងឺកូវីដ_១៩នេះ និងជាពិសេស ខែរ៉ម៉ាឌន ខិតជិតមកដល់ និងរាល់ពេលអាហ្សានទាំងបួនពេល រួមមាន, អាហ្សានពេលសូហូត ,អាហ្សានពេលអាសើត ,អាហ្សានពេលម៉ូករីប និងអាហ្សានពេល អុីហ្សា ជាពេលដែលប្រាប់បងប្អូនប្រជាពលរដ្ឋ សាសនិកឥស្លាម ប្រារព្ធថ្វាយបង្គំប្រចាំថ្ងៃនៅតាមផ្ទះរៀងៗខ្លួនសិន បើសិន ជាស្ថានភាពល្អប្រសើរហើយ ហើងអាចមកថ្វាយបង្គុំ ពើតជាម៉ាអះ បានវិញដូចដែលយើងបានប្រារព្ធសព្វដង ដោយធ្វើយ៉ាងណា ឲ្យពួកគាត់បានយល់កាន់តែច្បាស់អំពីហានិភ័យ ផលប៉ះពាល់នានា ដែលបណ្ដាលមកពីជំងឺកូវីត-១៩ ។

បន្ទាប់មកទៀតឯកឧត្តម ម៉ូត យូសុះ និង ឯកឧត្តម ម៉ាត់ ហ្គោហ្វូត ដឹកនាំក្រុមការងារចុះរចែកអំណោយចំនូន១២៥គ្រូសារ ក្នុង១គ្រូសាបានទទូលអង្ករ៥គីឡូក្រាម ស្ករស១គីឡូក្រាម មីខ្លាឃ្មុំ ចំនូន៥កញ្ចប់ ទឹកត្រី១ដប ប្រេងឆា១ដប គិតជាវិការស្មើនឹង៤ម៉ឺនរៀល សរុបថវិកាទាំង១២៥កញ្ចប់ ស្មើនឹង៥លានរៀល និងបានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ អោយមានការប្រុងប្រយ័ត្ត អោយបានខ្ពស់បំផុត ក្នុងការអនុវត្តប្រចាំថ្ងៃរបស់អោយបានស្អាតជានិច្ច ជាពិសេសបងប្អូនដែលទើបត្រឡប់មកពីក្រៅប្រទេស សូមបន្តតាមដានសុខភាពផ្ទាល់ខ្លួន និងនៅដាច់ ដោយឡែកចំនួន១៤ថ្ងៃ ចាប់ពីថ្ងៃចូលមកប្រទេស ដូចការណែនាំរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ប្រសិនមានបញ្ហាសុខភាព សូមទាក់ទងទៅមន្ត្រីសុខាភិបាល អុីមុំាម៉ាស្ជិទ នៅតាមភូមិ អុីមុំាស្រុក នៅតាមមូលដ្ឋានរបស់បងប្អូនផ្ទាល់ ។

ចំពោះថវិការជាកញ្ចប់អាហារសម្រាប់បួសនេះ ជាអំណោយពីសប្បុរសជននៃប្រទេសម៉ាឡេស៊ី និងប្រទេសសិង្ហបុរី តាមរយៈលោក សាន់ ម៉ះម៉ូត ជាគ្រូបង្រៀនខ្មែរឥស្លាម និងជាសមាជិកសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជាខេត្តត្បូងឃ្មុំ ។

ឯកឧត្តម ម៉ូត យូសុះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះម្ចាស់អំណោយ និងអ្នកដែលពាំនាំអំណោយមកជូនប្រជាពលរដ្ឋ ហើយឯកឧត្តមសំណូមពរអោយនៅតែបន្ត ជួយឧបត្ថម្ភបន្ថែមទៀត ដើម្បីបង្ហាញពីវប្បធម៍ចែករំលែកជួយគ្នាក្នុងគ្រាទុក្ខលំបាក ពិសេសសម្រាប់ប្រជាពលរដ្ឋទីទាល់ក្រ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ