អភិបាលស្រុកប្រាសាទបាគង និងសប្បុរសជន បានចុះសួរសុខទុក្ខគ្រួសារយោធិនពិការតេជោ ៣១៧ សៀមរាប !

(សៀមរាប)៖ លោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង បានដឹកនាំសប្បុរសជន ចុះសួរសុខទុក្ខ និងចែកអំណោយជូនគ្រួសារយោធិនពិការ នៅមជ្ឈមណ្ឌល អភិវឌ្ឍន៍យោធិនពិការ សម្តេចតេជោ ហ៊ុន សែន គូលេន ៣១៧សៀមរាប ស្ថិតក្នុងភូមិស្នារតេជោ ឃុំបាល័ង្គ ស្រុកប្រាសាទបាគង ខេត្តសៀមរាប កាលពីរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០។

ក្នុងកិច្ចស្វាគមន៍ ឯកឧត្តម ឧត្តមសេនីយឯក ពៅ ស៊ា នាយកមជ្ឈមណ្ឌល អភិវឌ្ឍន៍យោធិនពិការ សម្តេចតេជោហ៊ុនសែន គូលេន ៣១៧ សៀមរាប បានអោយដឹងថា៖ បច្ចុប្បន្នក្នុងមណ្ឌល់មាន ៣០០គ្រួសារ ក្នុងនោះមាន ៖ (យោធិនពិការ ចំនួន ២៧៣គ្រួសារ, គ្រូបង្រៀនស្ម័គ្រចិត្ត ២៥ គ្រួសារ, ពេទ្យឆ្មប ស្ម័គ្រចិត្ត ០២គ្រួសារ, សមាជិកសរុបរួមមានចំនួន ១៣០០នាក់ ។

ដោយមានការយកចិត្តទុកដាក់ឧបត្ថម្ភជាបន្តបន្ទាប់ពី សម្តេចអគ្គមហា សេនា បតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងសប្បុរសជន បានធ្វើអោយបងប្អូនយោធិនពិការ និងគ្រួសារមានលំនឹងលើផ្នែកជីវភាពរស់នៅ បានល្អប្រសើរហូតមកដល់សព្វថ្ងៃនេះ ។

លោក សូរ ប្លាតុង បានពាំនាំនូវការសួរសុខទុក្ខពីលោកអភិបាលខេត្តសៀមរាប ដោយលោកមានភារៈកិច្ចត្រូវបំពេញច្រើនមិនអាចចូលរួមបាន ។ លោក ក៏បានថ្លៃងអំណរគុណចំពោះការរៀបចំពិធីជួបជុំថ្ងៃនេះ សម្រាប់ការចុះសុខទុក្ខ និងចែកអំណោយជូនគ្រួសារយោធិនពិការ ៣១៧នេះ ។

លោក ង៉ាយ ម៉េងលី តំណាងគ្រួសារបុរីចំបុីសៀមរាប និងជាម្ចាស់អំណោយថ្លែងថា៖ អំណោយដែលបានមកពីសប្បុរសជនរួមជាមួយគ្រួសារបុរីចំបុីសៀមរាបយកមកផ្តល់ជូនពេលនេះ ជាការតបស្នងនៅស្នាមញញឹមដែលបងៗយុទ្ធជនបានផ្តល់មកដល់កូនចៅជំនាន់ក្រោយមានសន្តិភាព ។ អំណោយទាំងនេះគឺជាអ្វីដែលពួកគាត់អាចធ្វើរបាន និងជួយកាត់បន្ថយការលំបាកក្នុងជីវភាពប្រចាំថ្ងៃ ។ អំណោយរួមមាន ÷
– អង្ករ, ត្រីខ, មុី, ស្កសរ, អំបិល, ទឹកត្រី , ទឹកសុីអ៊ីវ និងសាប៊ូ ចែកជូនស្មើរៗគ្នាទាំង៣០០គ្រួសារ ដោយឡែកគ្រួសារដែលក្រីក្រចំនួន ១១គ្រួសារត្រូវបានផ្តល់ជូនថវិកាបន្ថែមទៀត៕

អត្ថបទ និងរូបភាព: លោក ខេង ឧត្តម
កែសម្រួលដោយ លីវ សុខុន