អភិបាលខេត្តកំពង់ចាមបានថ្លែងអំណរគុណ និងជម្រុញដល់ម្ចាស់រោងចក្រ បន្តអប់រំណែនាំដល់កម្មករ កម្មការិនី ឲ្យម្ចាស់ការ ថែរក្សាអនាម័យជានិច្ច

(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ ១៩ ខេត្តកំពង់ចាម បានថ្លែងអំណរគុណ និងជម្រុញដល់ម្ចាស់រោងចក្រ បន្តអប់រំណែនាំដល់កម្មរ កម្មការិនី ឲ្យម្ចាស់ការ ថែរក្សាអនាម័យជានិច្ច រហូតដល់ពិភពលោក មានវ៉ាក់សាំងចាក់ការពារជម្ងឺកូវីដ ១៩។

ថ្លែងយ៉ាងដូច្នេះ ក្នុងឱកាសដែលឯកឧត្ដមអភិបាលខេត្ត រួមដំណើរជាមួយ ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សា​ខេត្ត និងឯកឧត្ដម លោកជំទាវ ជាអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធ ព្រមទាំង អាជ្ញាធរមូលដ្ឋាន ជួបពិភាក្សាការងារជាមួយម្ចាស់រោងចក្រ និងចុះសួរសុខទុក្ខផ្ទាល់ ជាមួយបងប្អូនកម្មករ កម្មការិនី នៅរោងចក្រ មីត ធិច កម្ពុជា ខប លីមីតធីត (MEDTECS Cambodia Corp Limited) ស្ថិតនៅឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ នេះ ។

ឯកឧត្ដម អ៊ុន ចាន់ដា មានប្រសាសន៍ថ្លែងអំណរគុណ ចំពោះ ម្ចាស់រោងចក្រ ដែលបានសហការ ក៏ដូចជា ការចូលរួម​ចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តនូវសេក្ដីសម្រេចលេខ ០២ ប.ប ស្ដីពីការដាក់​កំហិតលើការធ្វើដំណើរក្នុងប្រទេស ក្នុងគោលដៅ បង្ការទប់ស្កាត់ការរាត្បាត នៃជម្ងឺកូវីដ ១៩ ជាពិសេស ការណែនាំអប់រំដល់កម្មករ កម្មការិនីយើង ឲ្យមកបំពេញការងារ ទៅតាមតួនាទី ភារកិច្ចរៀងៗខ្លួនប្រកប​ដោយការទទួលខុសត្រូវ និងទឹកចិត្តសប្បាយរីករាយ ។ លើសពីនេះទៅទៀតនោះ ម្ចាស់រោងចក្រ ក៏បានធ្វើការ​អប់រំណែនាំ ដល់បងប្អូនយើង ចូលរួមថែរក្សាអនាម័យ តាមរយៈ ការលាងដៃជាមួយសាប៊ូ ឬអាល់កុល និងការ​វាស់កំដៅមុនពេលចូលធ្វើការ ដើម្បី បង្ការការឆ្លង នៃជម្ងឺកូវីដ ១៩ ទៅអ្នកដទៃ ដែលកំពុងបំរើការងារនៅក្នុងរោង​ចក្រ​នោះ ។ ដោយឡែក បើទោះបីជាពេលនេះ ខេត្តកំពង់ចាម បានបិទការព្យាបាលជម្ងឺកូវីដ ១៩ យ៉ាងណាក្ដី តែយើងទាំងអស់គ្នា នៅតែបន្តការប្រុងប្រយ័ត្នជានិច្ច ជាពិសេស ការអនុវត្តទៅតាមការណែនាំ របស់ក្រសួងសុខា​ភិបាល ដើម្បី បញ្ជៀសការឆ្លង នៃមេរោគ ដ៏កាចសាហាវ មួយនេះ ឲ្យខាងតែបាន។


ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដម អ៊ុន ចាន់ដា ក៏បានថ្លែងអំណរគុណ ចំពោះ រោងចក្រ Medtecs ដែលកន្លងមក បានជួយឧបត្ថម្ភ នូវម៉ាស់ និងសម្លៀកបំពាក់មួយចំនួន ដល់គណៈកម្មការកូវីដ ១៩ ខេត្តកំពង់ចាម សម្រាប់ផ្ដល់ជូន​ក្រុម​គ្រូពេទ្យ នៅក្នុងខេត្តកំពង់ចាម ដើម្បី ផ្ដល់សេវាព្យាបាលថែទាំអ្នកជម្ងឺកូវីដ ១៩ ដែលមកសម្រាកព្យាបាល នៅ​មន្ទីរពេទ្យខេត្តកំពង់ចាម ផងដែរ។

សូមបញ្ជាក់ថា បច្ចុប្បន្ន នៅទូទាំងខេត្តកំពង់ចាម មានរោងចក្រធំៗ សរុបចំនួន ១៧កន្លែង និងមានកម្មករ​សរុប​ចំនួន ៣២.៨៦៨នាក់ ស្រី ៣១.០៥៥នាក់ ។ ដោយឡែក រោងចក្រ (MEDTECS Cambodia Corp Limited) មានកម្មករសរុបចំនួន ៣.៥៤៦នាក់ ស្រី ៣.២៧៥នាក់ ។ បច្ចុប្បន្ន រោងចក្រមួយនេះ បានផលិតសម្ភារៈផ្នែកវេជ្ជ​សាស្ត្រ មានដូចជា សម្លៀកបំពាក់ការពារ សម្រាប់គ្រូពេទ្យ ជាដើម ដោយនាំចេញទៅលក់ នៅក្រៅប្រទេស នៅ​ក្នុងពិភពលោក ។ ដោយឡែក បច្ចុប្បន្ននេះ ដោយសារតែកម្ពុជាទទួលរងផលប៉ះពាល់ជម្ងឺកូវីដ ១៩ រោងចក្រ MEDTECS Cambodia Corp Limited ក៏បានផ្គត់ផ្គង់ នូវសម្ភារៈពេទ្យមួយចំនួន ឲ្យទៅក្រសួងសុខាភិបាល​កម្ពុជាប្រើប្រាស់ ផងដែរ ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តកំពង់ចាម