ប្រជាពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត ជន​ចាស់ជរា ជួប​ការលំបាក ចំនួន​៣៩​គ្រួសារ ទទួល​អំណោយ​ពីសា​ខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពង់ធំ​

(​កំពង់ធំ​) ថ្ងៃទី​១៥ ខែមេសា ឆ្នាំ​២០២០​នេះ ឯកឧត្តម សុខ លូ ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទ ក្រហម​កម្ពុជា​ខេត្ត កំពង់ធំ និង​លោកជំទាវ ដោយមាន​ការ អញ្ជើញ​ចូលរួម​ពី​អភិបាលក្រុង ស្រុក លោក​មេភូមិ មេឃុំ និង​សហការី នាំយក​អំណោយ​មនុស្សធម៌ ពីសា​ខា​កាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ ចែកជូន​ដល់​ប្រជាពលរដ្ឋ​ខ្វះខាត ជន​ចាស់ជរា ជួប​ការលំបាក​ចំនួន ៣៩​គ្រួសារ ក្នុងភូមិ​ដំរី​ជាន់ខ្លា ក្រុង​ស្ទឹងសែន ភូមិ​ត្រ​ពាំ​សិលា ភូមិ​វាលវែង និង​ភូមិ​ប្រាសាទ ស្រុក​ប្រាសាទ​សំបូរ ក្នុង​ខេត្តកំពង់ធំ ។​

​ឯកឧត្តម​អភិបាលខេត្ត​បាន អំពាវនាវ​សូមអោយ​ប្រជាពលរដ្ឋ ទាំងអស់ ចូលរួម​រក្សា​អនាម័យ​ខ្លួនឯង​ជានិច្ច​ត្រូវ​លាង ដៃ​នឹង​សាប៊ូ​ឱ្យបាន​ស្អាត និង​ផ្សព្វផ្សាយ​អំពី​ជំងឺ​កូ​វិដ​១៩ ជូន​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​បង្ការ​និង​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺឆ្លង​កូ​វិដ​១៩​។ ឯកឧត្តម​បាន​បន្តថា អំណោយ​ទាំងអស់នេះ​អាចជួយ​សម្រួល​ការខ្វះខាត​របស់​បងប្អូន​បាន​រយ​:​ពេល​ខ្លី​តែ​ប៉ុន​ណ្ណោះ​ប្រសិនបើ​បងប្អូន​មានការ​ខ្វះខាត ឬ​បញ្ហា​ផ្សេងៗ​ត្រូវ​ផ្តល់ដំណឹង​មក​មេឃុំ ឬ​សមាជិក​ភូមិ ឃុំ ដើម្បី​យើង​មាន​វិធានការ​ឆ្លើយតបបាន​ទាន់ពេលវេលា​ដោយ​មិន​ទុកឱ្យ​ប្រជាពលរដ្ឋ​យើង​ណា​ម្នាក់​ស្លាប់​ដោយ​អត់​អាហារ​នោះទេ ម្យ៉ាងទៀត​ការនាំយក​អំណោយ​ចែកជូន​ចាស់ ជរា​ទីទ័លក្រ ប្រជាពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត​នាពេលនេះ​ដោយ​មិន​ប្រកាន់វណ្ណៈ​ជាតិ​សាសន៍ ពណ៌​សម្បុរ ឬ​និន្នាការ​នយោបាយ​អ្វី​នោះឡើយ គឺ​យើង​ជួយ​ពួកគាត់​ក្នុងនាម​មនុស្សធម៌ និង​ជា​វប្បធម៌ នៃ​ការចែករ​ម្លែ កបាន​ទាន់ពេលវេលា​មិន​ទុកឱ្យ​ពួកគាត់​ខ្វះខាត​ដាច់​ស្បៀង​ឡើយ​។​

​ឆ្លៀត​ក្នុងឱកាស​នោះ​ឯកឧត្តម សុខ លូ បាន​ពាំ​នាំនូវ​ការ​ផ្ដាំផ្ញើ​ការសួរសុខទុក្ខ​ពី​ចម្ងាយ​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា​ដែល​សម្ដេច​តែងតែ​យកចិត្តទុកដាក់​អំពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​នៅ ទូទាំងប្រទេស ដោយ​មិន​ទុកឱ្យ​ប្រជាពលរដ្ឋ​របស់​យើង​ណា​ម្នាក់​អត់​ស្បៀង​ស្លាប់​នោះទេ គឺត្រូវធ្វើ​យ៉ាងណា​ជួយ​ប្រជាពលរដ្ឋ​ឱ្យទាន់​ពេលវេលា​។

​ចុងក្រោយ​ឯកឧត្តម​ប្រធាន ក៏បាន​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត​ជន​ចាស់ជរា ជួប​ការលំបាក​ចំនួន​៣៩​គ្រួសារ នៅក្នុង​មួយ​គ្រួសារ​ទទួលបាន អង្ករ​២៥​គីឡូ ម៉ុង​១ ភួយ​១ សារុង​១ ក្រ​ម៉ា​១ ត្រីខ​១​យួរ មី​១​កេស និង​សាប៊ូ ១​ដុំ​៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តកំពង់ធំ​