រដ្ឋបាល​ឃុំ​ស្រអែម ប្រជុំ​ផ្សព្វផ្សាយ រៀបចំ​បង្កើត​ក្រុមការងារ ដើម្បី​ដាក់ចេញ​ផែនការ​ការពារ​ថែរក្សា និង​អភិរក្ស​សត្វ​ស្លាប​(​សត្វ​ត្រ​យ៉ង​) ក្នុង​តំបន់​ទំនប់​អាង​បង្ហៀរ​ទឹកអូ​ស្វាយ ទុកជា​កន្លែង​សម្រាប់​ទេសចរណ៍​!

(​ព្រះវិហារ​)៖ រដ្ឋបាល​ឃុំ​ស្រអែម នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១៤ ខែមេសា ឆ្នាំ​២០២០ បាន​បើក​កិច្ចប្រជុំ​រៀបចំ បង្កើត​ក្រុមការងារ ដើម្បី​ការពារ ថែរក្សា និង​អភិរក្ស​សត្វ​ស្លាប​(​សត្វ​ត្រ​យ៉ង​) នៅក្នុង​តំបន់​ទំនប់​អាង​៧​ង្ហៀ​រ​ទឹកអូ​ស្វាយ សម្រាប់​ទុកជា​កន្លែង​ទេសចរ​ណ៌ របស់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ចូលមក​ទស្សនា​កម្សាន្ត​។​

​កិច្ចប្រជុំ​នេះ​ធ្វើឡើង​ក្រោម​អធិបតីភាព​ឯកឧត្តម ជូ តុង​អាន អនុប្រធាន​ក្រុមការងារ តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្ដម ដួង សំនៀង ប្រធាន​ក្រុមការងារ​ចុះជួយ​មូលដ្ឋាន​ឃុំ​ស្រអែម និង​មានការ​អញ្ជើញ​ចូលរួម​ពី​អង្គភាព នៃ​ស្ថាប័ន​ពាក់ព័ន្ធ ព្រមទាំង​ប្រជាពលរដ្ឋ សរុប​ចំនួន​៣១​នាក់ ស្ថិតនៅ​ក្នុងភូមិ​ធម្មជាតិ​សម្តេច​តេ​ជោ ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។​

​ឯកឧត្តម ជូ តុង​អាន អនុប្រធាន​ក្រុមការងារ​ចុះជួយ​មូលដ្ឋាន​ឃុំ​ស្រអែម បាន​មានប្រសាសន៍​លើកឡើងថា ដើម្បី​ឲ្យ​សត្វ​ស្លាប​ដ៏​កម្រ​នេះ រស់នៅក្នុង​តំបន់​ទំនប់​អាង​បង្ហៀរទឹក​អូ​ស្វាយ បានយូរ​អង្វែង​នោះ យើង​ទាំង​គ្នា​ត្រូវ​ចូលរួម​សហការ​គ្រប់គ្រង ការពារ ថែរក្សា និង​បន្ត​ផ្សព្វផ្សាយ អប់រំ​ទៅកាន់​ប្រជាពលរដ្ឋ ព្រមទាំង​ស្ថាប័ន នៃ​អង្គភាព​ពាក់ព័ន្ធ​ដែល​ឈរជើង​ការពារ​ក្បែរ​តំបន់​នេះ ឲ្យ​បាន​យល់ដឹង​កាន់តែច្បាស់ អំពី​សារៈសំខាន់ នៃ​ការថែរក្សា ការពារ និង​អភិរក្ស នូវ​ប្រភេទ​សត្វ​ដ៏​កម្រ និង​មិនដែល​បានឃើញ​។ ដើម្បី​ទុក​តំបន់​មួយ​នេះ ប្រែក្លាយ​ទៅជា​កន្លែង​រម​ណី​យ​ដ្ឋា​ន​មួយ ដ៏​ស្រស់ស្អាត សម្រាប់​ទាក់ទាញ​ភ្ញៀវទេសចរ​ណ៌​ជាតិ និង​ភ្ញៀវ​អន្តរជាតិ ចូលមក​ទស្សនា​កម្សាន្ត​។​

​ជាមួយគ្នានេះ​ឯកឧត្តម ជូ តុង​អាន ក៏បាន​ធ្វើការ​អំពាវនាវ​ទៅកាន់​បងប្អូន​ប្រជាពលរដ្ឋ និង​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ ព្រមទាំង​អង្គភាព​ចំណុះ​ទាំងអស់​ដែលមាន​វត្តមាន​ឈរជើង នៅក្បែរ​តំបន់​សត្វ​ស្លាប​កំពុង​រស់នៅ ក្នុងភូមិ​សាស្ត្រ​ខាងលើនេះ សូម​បញ្ឈប់​សកម្មភាព​ចំពោះ​ការ​លបលួច​ចូល​បរបាញ់​និង​កុំ​យក​ឧបករណ៍​នេសាទ​គ្រប់​ប្រភេទ ដែល​អាជ្ញាធរ​បាន​ហាមឃាត់ ចុះទៅ​ធ្វើការ​ដាក់​នេសាទ នៅក្នុង​តំបន់​ទំនប់​អាង​បង្ហៀរ​ទឹកអូ​ស្វាយ​នោះ​ជា​បន្តទៀត​។ ហើយ​បើ​នៅតែ​បន្តសកម្មភាព​នោះ និង​ត្រូវ​មានទោស​ដោយ​មិនអាច​លើកលែង​អោយ​ជាដាច់ខាត ។​

​ឯកឧត្តម ជូ តុង​អាន បាន​ថ្លែង​ដោយ​លើកឡើង​បន្តថា បើ​យើង​គ្រប់គ្រង ថែរក្សា​ការពារ និង​អភិរក្ស​បាន​សត្វ​ស្លាប​ប្រភេទ​ដ៏​កម្រ​នេះ នោះ​ទៅ​ថ្ងៃមុខ​ប្រជាពលរដ្ឋ ដែល​រស់នៅក្នុង​តំបន់​នេះ និង​មាន​ជីវភាព​ធូរធារ ដោយ​ទទួលបាន​ផលប្រយោជន៍​ជាច្រើន ដូចជា​ការលក់​វត្ថុ​អនុស្សាវរីយ៍ ម្ហូបអាហារ​នានា ជូន​ឲ្យ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ដែល​បាន​អញ្ជើញ​មកលេង​កម្សាន្ត​នៅទីនេះ​។​

​ដើម្បី​ចូលរួមចំណែក​ក្នុងការ​គ្រប់គ្រង ថែរក្សា​ការពារ និង​អភិរក្ស​សត្វ​ស្លាប នៅក្នុង​ទំនប់​អាង​បង្ហៀរ​ទឹកអូ​ស្វាយ ឯកឧត្តម ជូ តុង​អាន អនុប្រធាន​ក្រុមការងារ តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ដួង សំនៀង និង​លោក ប្រាក់ ភី មេឃុំ​ស្រអែម បានសម្រេច​ឧបត្ថម្ភ​សំលៀកបំពាក់​ប្រជា​ការពារ​ចំនួន ១២​កំ​ប្លេ វិទ្យុទាក់ទង ចំនួន​១០ និង​ចូលរួម​ថវិកា​ក្នុង​ការសាងសង់​ប៉ុស្តិ៍​យាម​ចំនួន​៣​កន្លែង​ជុំវិញ​តំបន់​សត្វ​ស្លាប​រស់នៅ ដើម្បី​ដាក់​កម្លាំង​ការពារ​កុំអោយ​មានការ​រំខាន​ដល់​ការរស់នៅ នៃ​ហ្វូង​សត្វ​ស្លាប​ដ៏​កម្រ​នេះ​ផងដែរ​៕ (​ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តព្រះវិហារ​)​