ឯកឧត្តម សុខ លូ ចុះត្រួតពិនិត្យកម្លាំងអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល នៅទីតាំងស្រុកតាំងគោក ស្រុកបារាយណ៍និងស្រុកស្ទោង គោលដៅបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩

(កំពង់ធំ)៖ព្រឹកថ្ងៃទី១៤ខែមេសាឆ្នាំ២០២០នេះ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានចុះត្រួតពិនិត្យកម្លាំងអនុវត្តបទបញ្ជា របស់រាជរដ្ឋាភិបាលស្តីពីការដាក់កំហិតលើការធ្វើដំណើរក្នងប្រទេស ក្នុងគោលដៅបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ នៅទីតាំងស្រុកតាំងគោក ស្រុកបារាយណ៍និងស្រុកស្ទោង។

តាមបទបញ្ជារបស់រាជរដ្ឋាភិបាល ដោយហាមឃាត់ការធ្វើដំណើរនៅក្នុងផ្ទៃប្រទេស រួមមាន ការធ្វើដំណើរឆ្លងកាត់ចេញ-ចូលរាជធានីភ្នំពេញ ការធ្វើដំណើរឆ្លងកាត់ ពីខេត្តមួយទៅខេត្តមួយទៀត។

ក្នុងការអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលវេលារំលងអធ្រាត្រថ្ងៃទី០៩ ឈានចូលដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០
ខណៈការដាក់បទបញ្ជានេះ គឺធ្វើឡើងក្នុងគោលបំណងទប់ស្កាត់ការរាតត្បាត នៃជំងឺកូវីដ១៩ នៅក្នុងកាលៈទេសៈពិសេសនាបច្ចុប្បន្ន ដោយការនាំចូលពីប្រភពខាងក្រៅ ដល់ដំណាក់កាលនៃការឆ្លងដល់ប្រជាជនក្នុងសហគមន៍នៅក្នុងប្រទេស។

ប៉ុន្តែទោះបីជាយ៉ាងណា ការហាមឃាត់នេះត្រូវបានលើកលែងចំពោះ៖
* ការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ទាំងតាមផ្លូវគោក ផ្លូវទឹក និងផ្លូវដែក។
* រថយន្ត និងមធ្យោបាយធ្វើដំណើររបស់មន្ត្រីរាជការស៊ីវិលគ្រប់ស្ថាប័នរដ្ឋ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងគោលដៅបំពេញការងារប្រចាំថ្ងៃ ដែលម្ចាស់យានយន្តត្រូវបង្ហាញដល់កងកម្លាំងមានសមត្ថកិច្ចត្រួតពិនិត្យនូវអត្តសញ្ញាណបណ្ណការងាររបស់ខ្លួន។
* រថយន្ត និងមធ្យោបាយធ្វើដំណើររបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងគោលដៅបំពេញភារកិច្ចរបស់ខ្លួន។
* រថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យរដ្ឋ និងឯកជន។
* រថយន្តពន្លត់អគ្គីភ័យ។
* រថយន្តបម្រើសេវាដឹកជញ្ជូនសំរាម និងកាកសំណល់។
* ការដឹកជញ្ជូនកម្មករទៅកាន់ទីកន្លែងការងារនៅតាមរោងចក្រ-សហគ្រាស ដែលត្រូវមានបណ្ណអនុញ្ញាតចេញដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឬមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
* ការធ្វើដំណើររបស់ប្រជាពលរដ្ឋទៅកាន់មន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលនៅជិតបំផុត ដើម្បីទទួលបាននូវសេវាសុខភាពចាំបាច់ និងបន្ទាន់ ដោយកំណត់ចំនួនមនុស្ស មិនឱ្យលើសពី ៤នាក់ សម្រាប់ករណីនីមួយៗ។ ជារួមយើងសង្កេតឃើញថាបងប្អូនប្រជាពលរដ្ឋយើងគោរពតាមការណែនាំរបស់រាជរដ្ឋាភិបាល បានល្អ។

ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាល នៃជំងឺcovid-19នេះទាំងអស់គ្នាយើងត្រូវរួមគ្នាអនុវត្ត:ចូលឆ្នាំ ឆ្នាំនេះ ធ្វើការធម្មតាឬសម្រាកនៅផ្ទះជាមួយក្រុមគ្រួសារ ។ ក្នុងការចុះត្រួតពិនិត្យក្រុមការងារ​បាននាំយកសម្ភារៈមួយចំនួនទៅប្រគល់ជូនដល់កងកម្លាំងផងដែរ ។

គួរបញ្ជាក់ថាខេត្តកំពង់ធំកងកម្លាំងអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលមាន ០៤ ទីតាំងគឺ៖
១. ស្រុកតាំងគោក ផ្លូវជាតិលេខ៦ ព្រំប្រទល់ខេត្តកំពង់ចាម -ខេត្តកំពង់ធំ
២. ស្រុកបារាយណ៍ ផ្លូវជាតិលេខ៧១ ព្រំប្រទល់ខេត្តកំពង់ចាម -ខេត្តកំពង់ធំ
៣. ស្រុកស្ទោង ផ្លូវជាតិលេខ៦ ព្រំប្រទល់ខេត្តសៀម -ខេត្តកំពង់ធំ
៤. ស្រុកប្រាសាទបល្ល័ង្ក ផ្លូវជាតិលេខ៦២ ព្រំប្រទល់ខេត្តព្រះវិហារ -ខេត្តកំពង់ធំ ៕