រដ្ឋបាលខេត្តកំពង់ចាម ច្រានចោលសារជាសម្លេងរបស់ស្ត្រីម្នាក់ ដែលបំផុសបំប៉ោងបំផុសព័ត៌មានមិនពិត រឿងកូវីដ១៩

(កំពង់ចាម)៖ នាថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០នេះរដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្តីប្រកាសព័ត៌មាន ដោយជូនដំណឹងដល់សាធារណជន ជាពិសេសបងប្អូន ប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាមមេត្តាជ្រាបថា ប៉ុន្មានថ្ងៃកន្លងមកនេះ មានលេចចេញសារជាសម្លេងរបស់ស្ត្រីម្នាក់មិនស្គាល់អត្តសញ្ញាណ បានបំផុសបំប៉ោងបំផុសព័ត៌មានមិនពិតដែលថា មានបុរសម្នាក់ដែលមានផ្ទុក ជំងឺកូរឹត១៩ នៅរាជធានីភ្នំពេញ បានមកធ្វើការងារ និងប្រាស្រ័យទាក់ទងជាមួយសហការីរបស់គាត់ នៅក្នុងខេត្តកំពង់ចាម ដែលអាចបង្កជាការឆ្លងរីករាលជំងឺនេះពេញក្នុងខេត្តកំពង់ចាម ។

យោងលើការអង្កេតស្រាវជ្រាវ ព័ត៌មានលម្អិតជាមួយនឹងសាមីខ្លួន និងសហការីរបស់គាត់ទាំងអស់ រដ្ឋបាលខេត្តកំពង់ចាម សូមបញ្ជាក់ថាបុរស នោះមិនដែលបានមកកាន់ទឹកដីខេត្តកំពង់ចាម ចាប់តាំងពីមាន ការរាលដាលនៃជំងឺកូវិត ១៩ នោះឡើយ ហើយរដ្ឋបាលខេត្តសូមបដិសេធ ទាំងស្រុងនូវ ព័ត៌មានរបស់ស្ត្រីខាងលើដោយតម្រូវឱ្យស្ត្រីរូបនេះកែតម្រូវព័ត៌មានរបស់ខ្លួនឡើងវិញជាបន្ទាន់ ព្រមទាំងអំពាវនាវដល់សាធារណជនឱ្យមានការជឿទុកចិត្តមកលើរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាអាជ្ញាធរខេត្ត កំពង់ចាម ដែលកំពុងធ្វើការងារយ៉ាងយកចិត្តទុកដាក់ និងសកម្មក្នុងការការពារ ទប់ស្កាត់ និងព្យាបាល ករណីជំងឺកូរឹត១៩ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីសេចក្តីសុខរបស់ប្រជាជនទូទៅ ។

ក្នុងករណីនេះ រដ្ឋបាលខេត្តកំពង់ចាម បានជម្រាបជូនដល់សាធារណជនថា ក្នុងករណី ដឹងមិនច្បាស់លាស់ ឬមានការសង្ស័យពាក់ព័ន្ធនឹងជំងឺកូរឹត១៩ សូមសាកសួរព័ត៌មានជាបន្ទាន់មកកាន់ អាជ្ញាធរ មូលដ្ឋាន ឫមន្រ្តីសុខាភិបាលមូលដ្ឋាន ឬទូរស័ព្ទ ទៅកាន់លេខ 115 ដោយឥតគិតថ្លៃដើម្បីដោះ ស្រាយបញ្ហាឱ្យបានទាន់ពេលវេលា ចៀសវាងការផ្សព្វផ្សាយព័ត៌មានមិនពិត ឬមិនច្បាស់លាស់៕ ដោយ៖ មន្ទីរព័ត៌មានខេត្តកំពង់ចាម