នាយឧត្តមសេនីយ៍ គីម ប៊ុនថាន ៖ ដើម្បីការពារខ្លួនឯងកុំអោយឆ្លងជម្ងឺ COVID19 វិធីដែលល្អបំផុតគ្រប់បណ្តាអង្គភាពត្រូវរក្សាគំលាត និងមិនចេញពីអង្គភាពបើមិនមានការចាំបាច់ !

(ព្រះវិហារ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ គីម ប៊ុនថាន អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ នាយករងខុទ្ទកាល័យសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងលើកឡើងថា៖ វិធីដែលល្អបំផុត ដើម្បីការពារខ្លួនឯងកុំអោយឆ្លងជម្ងឺកូវីដ១៩ គ្រប់បណ្តាអង្គភាព នៅក្នុងទិសទី១ ប្រាសាទព្រះវិហារ ត្រូវរក្សាគំលាតគ្នា និងមិនចេញពីអង្គភាព បើមិនមានការចាំបាច់ ។

មានប្រសាសន៍ថ្លែង ឡើងរបស់នាយឧត្តមសេនីយ៍ គីម ប៊ុនថាន នៅក្នុងឱកាសដែលឯកឧត្តមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមទេសរដ្ឋមន្ត្រី ហូ សិទ្ធី នាយកខុទ្ទកាល័យសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកអំណោយ មកឧបត្ថម្ភ ជូនដល់កងទ័ពសម្ព័ន្ធមេត្រីភាព នៃវរសេនាតូច៣៨៥ ចំណុះកងពលតូចអន្តរាគមន៍លេខ៨ ដែលកំពុងបំពេញភារៈកិច្ចឈរជើងការពារទឹកដីតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ជួរមុខទិសទី១ ប្រាសាទព្រះវិហារ កាលពីរសៀលថ្ងៃសុក្រទី១០ ខែមេសា ឆ្នាំ២០២០ ម្សិលមិញ ។

ឯកឧត្តម នាយឧត្តមសេនីយ៍គីម.ប៊ុនថាន អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ បានថ្លែងលើកឡើងបន្តថា៖ រហូតមកទល់នឹងពេលនេះ អង្គការសុខភាពពិភពលោក បានធ្វើការណែនាំអោយសំអាតបំផុត ដោយត្រូវលាងដៃអោយបានញឹកញាប់ នៅពេលដែលយើងបានចាប់ ឬកាន់វត្ថុអ្វីមួយដែលប្លែក និងមិនស្គាល់ពីប្រភពច្បាស់លាស់។

នាយឧត្តមសេនីយ៍ គីម ប៊ុនថាន បានថ្លែងបញ្ជាក់ថា មេរោគCOVID-19 ពេលឆ្លងទៅក្នុងខ្លួនមនុស្ស នៅក្នុងអំឡុងពេល៥ថ្ងៃ គឺវាមិនមានបង្ហាញនូវសញ្ញាអ្វីទាំងអស់ រហូតមកដល់ថ្ងៃទី៦.៧.៨ ទើបមេរោគCOVID-19នេះ វាបង្ហាញនៅមុខសញ្ញា ដោយក្តៅខ្លួនខ្លាំង កំដៅឡើងរហូតដល់ទៅជាង៣៨អង្សា។

ឯកឧត្តមបន្ថែមទៀតថា កំរិតនៃការឆ្លងដែលខ្ពស់បំផុត គឺនៅក្នុងចន្លោះរយៈពេលបីថ្ងៃធ្វើឱ្យអ្នកឆ្លងជំងឺនេះមានអាការៈ ក្អកក្អួត, ក្តៅខ្លួនស្រៀវស្រាញ, រាគរួស និងពិបាកដកដង្ហើមជាដើម៕

ដោយ៖ មន្ទីរព័ត៌មានខេត្តព្រះវិហារ

សម្រួល៖ ខៀវ យុទ្ធវង្ស