ប្រយុទ្ធជំងឺកូវីដ១៩ រដ្ឋបាលខេត្តត្បូងឃ្មុំ ផ្តល់ធុងនិងទឹកបាញ់សម្លាប់មេរោគដល់ក្រុងស្រុកទាំង៧ មន្ទីរអង្គភាពពាក់ព័ន្ធ និងស.ស.យ.កខេត្ត ដែលឧបត្ថម្ភដោយក្រុមហ៊ុនGANZBERG

(ត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០នេះ ធុងបាញ់សម្លាប់មេរោគចំនួន៣០គ្រឿង និងទឹកថ្នាំសម្លាប់មេរោគ ចំណុះ២៥លីត្រ ចំនួន៥ពីដុង ដែលជាការឧបត្ថម្ភដោយ ក្រុមហ៊ុន GANZBERG ត្រូវបានប្រគល់ជូនរដ្ឋបាលខេត្តត្បូងឃ្មុំ ដើម្បីចូលរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវិត១៩។

ការប្រគល់ធុងនិងថ្នាំបាញ់សម្លាប់មេរោគ នាឱកាសនោះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ជាមួយនឹងប្រធានសាខាក្រុមហ៊ុន ganzberg ប្រចាំខេត្តត្បូងឃ្មុំ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធាន-អនុប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត អភិបាលស្រុក-ក្រុង និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រធានសាខាក្រុមហ៊ុន GANZBERG ប្រចាំខេត្តត្បូងឃ្មុំ ដែលបានឧបត្ថម្ភធុងនិងទឹកថ្នាំបាញ់សម្លាប់មេរោគ ជូនរដ្ឋបាលខេត្តត្បូងឃ្មុំ និងកោតសរសើរ ដល់សប្បុរសជននានា ដែលតែងតែបរិច្ចាគធនធានផ្ទាល់ខ្លួនទាំងថវិការ និងសម្ភារៈ និងអ្នកពាក់ព័ន្ធផ្សេងទៀត ដែលបានខិតខំយកចិត្តទុកដាក់អស់កម្លាំងកាយចិត្ត ក្នុងការចុះផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋ ឲ្យយល់ដឹងអំពីវិធានការការពារ និងបង្ការជំងឺឆ្លងកូវីដ១៩ ដ៏កាចសាហាវនេះ ។

ចំពោះសម្ភារៈដែលទទួលបានឱកាសនោះ ត្រូវបានឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បែងចែកជូនដល់សាលាស្រុកក្រុងនិងមន្ទីរអង្គភាពជុំវិញខេត្ត រួមមាន : សាលាស្រុកពញាក្រែក ៣ធុង ស្រុកមេមត់២ធុង ស្រុកត្បូងឃ្មុំ ៣ធុង ស្រុកអូររាំងឪ ២ធុង ស្រុកតំបែរ ២ធុង ស្រុកក្រូចឆ្មារ ២ធុង ក្រុងសួងចំនួន២ធុង ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ១ធុង
តំបន់ប្រតិបត្តិការសឹករងខេត្ត១ធុង ស្នងការដ្ឋាននគរបាលខេត្ត១ធុង សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្ត៧ធុង និងមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ៕

ដោយ៖ មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ

សម្រួល៖ ខៀវយុទ្ធវង្ស