អភិបាលខេត្តរតនគិរី ចុះសំណេះសំណាល ជាមួយកងកម្លាំងប្រចាំការនៅទីតាំងក្នុងស្រុកចំនួន២

(រតនគិរី)៖ នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី និងជាប្រធានកាកបាទក្រហមខេត្តបានចុះសំណេះសំណាល ជាមួយកងកម្លាំងប្រចាំការនៅទីតាំងក្នុងស្រុកចំនួន២ រួមមាន៖ ស្រុកលំផាត់ត្រង់ចំនុចភូមិថ្មី ឃុំជ័យឧត្តម លើផ្លូវជាតិលេខ៧៦ ជាប់ព្រំប្រទល់ស្រុកកោះញែក ខេត្តមណ្ឌលគិរី និងស្រុកលំផាត់ ត្រង់ចំណុចឃុំស្រែអង្រ្គង ស្ពានស្រែពក លើផ្លូវជាតិ៧៨ ជាប់ព្រំប្រទល់ខេត្តស្ទឹងត្រែង។

ក្នុងឱកាសនោះឯកឧត្តម បានធ្វើការណែនាំកងកម្លាំង ដែលឈរជើងនៅគោលដៅក្នុងស្រុកទាំង២ខាងលើឲ្យអនុវត្តឲ្យបានម៉ឺងម៉ាត់នូវបទបញ្ជាលេខ៣៩សសរ របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដាក់កំហិតការធ្វើដំណើរឆ្លងខេត្តក្នុងគោលដៅបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមបាននាំយកអំណោយមួយចំនួនជារបស់កាកបាទក្រហមកម្ពុជាចែកជូនជូនកងកំលាំងដែលប្រចាំការក្នុងគោលដៅខាងលើផងដែរ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តរតនគិរី