អភិបាលខេត្តកំពង់ធំប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ស្តីពីការកែសម្រួលបទបញ្ជាលេខ ០២

(កំពង់ធំ) ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ នារសៀលថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២០ បានដឹកនាំកិច្ចប្រជុំបន្ទាន់មួយស្តីពីសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលការកែសម្រួលបទបញ្ជាលេខ ០២ ដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស ក្នុងគោលដៅបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ ១៩ និងរៀបចំសេចក្ដីសម្រេចស្ដីពីកាបង្កើតក្រុមការងារសម្របសម្រួលនិងការគ្រប់គ្រងពលករធ្វើមាតុភូមិវិវត្តន៏ពីប្រទេសថៃដើម្បីប្រយុទ្ធ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅខេត្តកំពង់ធំ ឯកឧត្តមបាន

ណែនាំ នឹងឲ្យបន្តចុះផ្សព្វផ្សាយវិធានការ ការពារ ដល់ប្រជាពលរដ្ឋ និងបងប្អូនពលករដែលទើបតែមកពីប្រទេសថៃ រក្សាអោយនៅឆ្ងាយពីក្រុមគ្រួសារចំនួន ១៤ថ្ងៃសិន និងត្រូវរស់នៅប្រកបដោយអនាម័យខ្ពស់ ព្រមទាំងអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខភាព ស្តីពីការ ការពារ ការរាតត្បាតមេរោគកូវីដ ១៩ អោយបានដាច់ខាត ។

ឯកឧត្តមសុខ លូបានលើកឡើងថា យោងតាមសេចក្តីសម្រេច របស់រាជរដ្ឋាភិបាលចុះថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ បានអោយដឹងថា សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី បានសម្រេចធ្វើការកែសម្រួលបទបញ្ជាលេខ០២ ដែលចេញពីថ្ងៃ០៩ ខែមេសា ឆ្នាំ២០២០ កន្លងទៅនេះ ដោយអនុញ្ញាអោយមានការធ្វើដំណើរឆ្លងកាត់ ពីរស្រុកមួយ ទៅស្រុកមួយបានជាធម្មតាឡើងវិញ សម្រាប់តែនៅក្នុងខេត្តតែមួយប៉ុណ្ណោះ ។ ដោយលើកលែងតែរាជធានីភ្នំពេញ និងខេត្តកណ្តាល់តែប៉ុណ្ណោះ ព្រោះរាជរដ្ឋាភិបាលបានសមេ្រចចាត់ទុកជាតំបន់តែមួយ ពោលគឺប្រជាជនអាចធ្វើដំណើរឆ្លងកាត់ទៅមកធម្មតា ។ រាជរដ្ឋាភិបាលសម្រេចបែបនែះ ដោយយោងលើស្ថានភាពភូមិសាស្ត្រនិងតម្រូវការជាក់ស្ដែងក្នុងការបំពេញការងារការប្រកបមុខរបរ និង ការប្រាស្រ័យទាក់ទងប្រចាំថ្ងៃដោយខានមិនបានរបស់មន្ត្រីរាជការសាធារណៈ និយោជក កម្មករ និយោជិក និងប្រជាជនទូទៅ។

ចុងក្រោយឯកឧត្តម សុខ លូ បានក្រើនរំលឹកដល់អាជ្ញាធរក្រុង ស្រុក និងមន្ទីរ អង្គភាពជុំវិញខេត្ត ត្រូវតែអនុវត្តតាមបទបញ្ជាខាងលើនេះអោយបានមឹងម៉ាត់ជាប្រចាំ ដោយយកចិត្តទុកដាក់ធ្វើការងារតាមដានការវិលត្រឡប់មកវិញរបស់ប្អូនពលករខ្មែរដែលមកពីប្រទេសថៃ នៅក្នុងថ្ងៃឈប់សម្រាក់ចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ ៕