កម្លាំងចម្រុះចុះត្រួតពិនិត្យការអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ដែលដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស ដើម្បីទប់ស្កាត់ COVID-19 ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ

(ត្បូងឃ្មុំ)៖ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តត្បូងឃ្មុំ នាល្ងាចថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០នេះ
បានដឹកនាំកម្លាំងចម្រុះចុះពិនិត្យគោលដៅចំនុចគល់ស្ពានគីហ្សុណា ត្រើយខាងកើត ស្ថិតក្នុងស្រុកត្បូងឃ្មុំ ជាប់ព្រំប្រទល់ខេត្តកំពង់ចាម ដោយអនុវត្តន៍ តាមបទបញ្ជារបស់រាជរដ្ឋាភិបាល លេខ០២ បប ដោយហាមឃាត់ការធ្វើដំណើរនៅក្នុងផ្ទៃប្រទេស រួមមានការធ្វើដំណើរឆ្លងកាត់ចេញ-ចូលរាជធានីភ្នំពេញ ខេត្តកណ្តាល និងការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយទៀត។

ការអនុវត្តន៍ចុះត្រួតពិនិត្យនេះបន្ទាប់ពីគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ ដឹកនាំដោយឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំបើកកិច្ចប្រជុំបន្ទាន់មួយកាលពីព្រឹកមិញ។

ការចុះត្រួតពិនិត្យនេះ ដោយមានការចូលរួមពី លោក ប៊ួន សេងសុវិទ្យា នាយករងរដ្ឋបាលសាលាខេត្ត និងលោក សេង សុខខឿន អភិបាលស្រុកត្បូងឃ្មុំដោយធ្វើឡើងក្នុងគោលបំណងទប់ស្កាត់ការរាតត្បាត នៃជំងឺកូវីដ១៩ នៅក្នុងកាលៈទេសៈពិសេសនាបច្ចុប្បន្ន ដោយការនាំចូលពីប្រភពខាងក្រៅ ដល់ដំណាក់កាលនៃការឆ្លងដល់ប្រជាជនក្នុងសហគមន៍នៅក្នុងប្រទេស។

ប៉ុន្តែទោះបីជាយ៉ាងណា ការហាមឃាត់នេះត្រូវបានលើកលែងចំពោះ៖
* ការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ទាំងតាមផ្លូវគោក ផ្លូវទឹក និងផ្លូវដែក។
* រថយន្ត និងមធ្យោបាយធ្វើដំណើររបស់មន្ត្រីរាជការស៊ីវិលគ្រប់ស្ថាប័នរដ្ឋ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងគោលដៅបំពេញការងារប្រចាំថ្ងៃ ដែលម្ចាស់យានយន្តត្រូវបង្ហាញដល់កងកម្លាំងមានសមត្ថកិច្ចត្រួតពិនិត្យនូវអត្តសញ្ញាណបណ្ណការងាររបស់ខ្លួន។
* រថយន្ត និងមធ្យោបាយធ្វើដំណើររបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងគោលដៅបំពេញភារកិច្ចរបស់ខ្លួន។
* រថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យរដ្ឋ និងឯកជន។
* រថយន្តពន្លត់អគ្គីភ័យ។
* រថយន្តបម្រើសេវាដឹកជញ្ជូនសំរាម និងកាកសំណល់។
* ការដឹកជញ្ជូនកម្មករទៅកាន់ទីកន្លែងការងារនៅតាមរោងចក្រ-សហគ្រាស ដែលត្រូវមានបណ្ណអនុញ្ញាតចេញដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឬមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
* ការធ្វើដំណើររបស់ប្រជាពលរដ្ឋទៅកាន់មន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលនៅជិតបំផុត ដើម្បីទទួលបាននូវសេវាសុខភាពចាំបាច់ និងបន្ទាន់ ដោយកំណត់ចំនួនមនុស្ស មិនឱ្យលើសពី ៤នាក់ សម្រាប់ករណីនីមួយៗ។

បទបញ្ជានេះមានសុពលភាពអនុវត្តចាប់ពីម៉ោង ២៤៖០០ ថ្ងៃទី០៩ រហូតដល់ម៉ោង ២៤៖០០ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០។

គួរបញ្ជាក់ផងដែរថា ខេត្តត្បូងឃ្មុំ មាន ៧ក្រុង-ស្រុក ដែលមានព្រំប្រទល់ជាប់ខេត្តកំពង់ចាម ព្រៃវែង និងខេត្តក្រចេះ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ