ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង បានទទួលនូវសម្ភារៈប្រើប្រាស់មួយចំនួន ក្នុងការងារបង្ការ និងប្រឆាំងជំងឺ Covid19 ពីប្រទេសវៀតណាម

(ព្រៃវែង)៖ នៅព្រឹកថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង អមដំណើរដោយមន្ទីរអង្គភាពពាក់ព័ន្ធ បានអញ្ជើញទទួលនូវសម្ភារៈ បរិក្ខាពេទ្យមួយចំនួនក្នុងការងារបង្ការ និងប្រឆាំងជំងឺ Covid 19 នៅច្រកទ្វារអន្តរជាតិបន្ទាយចក្រី ដែលជាប់ និងខេត្តដុងថាប់ នៃប្រទេសវៀតណាម។

ដោយយោងតាមស្មារតីជួយគ្នាទៅវិញទៅមក សាមគ្គីភាពអន្តរជាតិ និងចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី ភូមិផងល្អប្រសើរ រវាងខេត្តទាំងពីរ ដុងថាប់- ព្រៃវែង និងដើម្បីសុខភាពរបស់ប្រជាជននៃប្រទេសទាំងពីរ វៀតណាម កម្ពុជា គណៈកម្មការប្រជាជនខេត្តដុងថាប់ ជួយឧបត្ថម្ភដល់រដ្ឋបាលខេត្តព្រៃវែងនៅសម្ភារៈ និងឧបករណ៍បរិក្ខារពេទ្យមួយចំនួនក្នុងការងារបង្ការ និងប្រឆាំងជំងឺ Covid 19។

សម្ភារៈនិងឧបករណ៍បរិក្ខារពេទ្យ ដែលវៀតណាមផ្ដល់ជូនដល់រដ្ឋបាលខេត្តព្រៃវែងនោះមាន -ម៉ាសសុខភាពចំនួន ៣០,០០០ ម៉ាស និងសាប៊ូដុំ ចំនួន ៣,០០០ ដុំ។

ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង បានសំដែងនូវសេចក្តីអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះខេត្តដុងថាប់  ដែលបានផ្ដល់នូវសម្ភារៈ និងបរិក្ខាពេទ្យមួយចំនួនមកដល់រដ្ឋបាលខេត្តព្រៃវែងក្នុងការប្រើប្រាស់ប្រតិបត្តិការងារទប់ស្កាត់ ប្រឆាំងនឹងជំងឺ Covid19 នៅក្នុងខេត្តព្រៃវែងនេះ។

ឯឧត្តមក៏បានបន្តទៀតថាទាំងនេះគឺបង្ហាញអំពីចំណងមិត្តភាពរវាងកម្ពុជា វៀតណាម ខេត្តដុងថាប់- ព្រៃវែង ឲ្យកាន់តែជិតស្និទ្ធបន្ថែមទៀតក្នុងការសហការគ្នាពួតដៃគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺ Covid 19 ដែលកំពុងតែគំរាមកំហែងអាយុជីវិតមនុស្សទូទាំងពិភពលោកនេះ។

ឯកឧត្តមអភិបាល សូមជូនពរដល់លោក ង្វៀន វ៉ាន់ យឿង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត និង និងប្រជាជនទាំងអស់នៅប្រទេសវៀតណាមបានជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ហើយនិងជៀសផុតអំពីជម្ងឺដ៏កាចសាហាវដែលកំពុងតែគំរាមកំហែងទូទាំងពិភពលោកនេះ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តព្រៃវែង