ប្រជាពលរដ្ឋមានជីវភាពខ្វះខាត និងលោកតា លោកយាយជួបការលំបាក ចំនួន២០គ្រួសារ ក្នុងភូមិចំនួន ០៤ ក្នុង ខេត្តកំពង់ឆ្នាំង ទទួលបានអំណោយពីសប្បុរសជន

កំពង់ឆ្នាំង៖ នៅព្រឹក​ថ្ងៃសុក្រ ៣រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ ក្រុមការងារបាននាំយកអំណោយរបស់សប្បុរសជនចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត និងលោកតា លោកយាយទីទាល់ក្រជួបការលំបាក ចំនួន២០គ្រួសារ ដឹកនាំដោយព្រះមង្គលានុរ័ក្ខ អំ សៃ ព្រះរាជាគណៈថ្នាក់កិតិយស ជំនួយការសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស, ព្រះគ្រូឆន្ទរតនមុនី សរ បញ្ញាឬទ្ធិ, ឯកឧត្ដម ប៉ា សុខុម អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំស្វាយជ្រុំ លោកស្រី ឡុញ ពិសារ ប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយឃុំ លោក សេង វិចិត្រ អភិបាលរងស្រុករលាប្អៀរ លោក ហួ បញ្ញា នាយករងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ រួមជាមួយអាជ្ញាធរស្រុក ឃុំ ស.ស.យ.ក ថ្នាក់ស្រុក។​ក្នុងនោះ ឯកឧត្ដម ប៉ា សុខុម និងក្រុមការងារបានផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋ អំពីវិធានការណ៍បង្ការ និងកាត់បន្ថយហានិភ័យនៃជំងឺឆ្លងបង្ករដោយជំងឺកូវីដ ១៩។ អំណោយដែលបានចែកជូន ប្រជាពលរដ្ឋមានជីវភាពខ្វះខាត និងលោកតា លោកយាយជួបការលំបាក ចំនួន ២០គ្រួសារ ក្នុងភូមិចំនួន ០៤ ក្នុងឃុំស្វាជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង​ដែលក្នុង១គ្រួសារទទួលបាន៖ អង្ករ ២០គីឡូក្រាម, មី​១កេះ, ត្រីខ ១យួរ, ជែលលាងដៃ ១ដប, ម៉ាស់ និងថវិកា ១០ ០០០រៀល។ ព្រះគ្រូឆន្ទរតនមុនី សរ បញ្ញាឬទ្ធិ សូមជូនបុណ្យ និងជូនពរសប្បុរសជនក្នុង និងក្រៅប្រទេសទាំងអស់ ឱ្យជួបប្រទះនូវសេចក្ដីសុខ ចម្រើន មានលាភ ជ័យ ប៉ងប្រាថ្នាអ្វីៗ គិតអ្វី សូមអោយសម្រេចគ្រប់ភារៈកិច្ច សូមវត្ថុស័ក្តិសិទ្ធដែលថែរក្សាក្នុងព្រះរាជាណាចក្រកម្ពុជា តាមឃុំគ្រប់បីបាច់ថែរក្សា ចូលកើតកើនចម្រើនមានដល់សម្បុរសជនទាំងអស់ សូមឱ្យជួបនូវជួបពុទ្ធពរទាំងឡាយ៤ប្រការគឺៈ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕