ឯកឧត្តម ខ្លូត ផន និងឯកឧត្តម អ៊ុន ចាន់ដា ចុះត្រួតពិនិត្យគោលដៅ ស្ពានព្រែកកុយ ដែលមានព្រំប្រទល់ជាប់ជាមួយ ខេត្តកណ្តាល ដើម្បីអនុវត្តតាមបទបញ្ជាលេខ ០២ ប.ប របស់រាជរដ្ឋាភិបាល

(កំពង់ចាម)៖ អនុវត្តតាមបទបញ្ជាលេខ ០២ ប.ប របស់រាជរដ្ឋាភិបាលកម្ពុជាព្រឹកថ្ងៃ សុក្រ ទី១០ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាល ខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានចុះត្រួតពិនិត្យគោលដៅ ស្ពានព្រែកកុយ ស្ថិតនៅឃុំស្តៅ ស្រុកកងមាស ខេត្តកំពង់ចាម ដែលមានព្រំប្រទល់ជាប់ជាមួយ ឃុំរការកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល។

ក្នុងឱកាសចុះពិនិត្យស្ថានភាពលើការបំលាស់ទីរបស់បងប្អូនប្រជាពលរដ្ឋភាគច្រើនពួកគាត់ ផ្លាស់ប្តូរកសិផល និងម្ហូបអាហារប្រចាំថ្ងៃរវាងឃុំស្តៅ ស្រុកកងមាស ជាមួយឃុំរការកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល។

ជួបសំណេះសំណាល ជាមួយកងកម្លាំងរក្សាការពារសុវត្ថិភាព និងសម្របសម្រួលប្រចាំគោលដៅ ឯកឧត្តម អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានផ្តាំផ្ញើដល់អាជ្ញាធរស្រុក និងកងកម្លាំងទាំងអស់ត្រូវត្រួតពិនិត្យរាល់ការបំលាស់ទីរបស់បងប្អូនប្រជាពលរដ្ឋឲ្យបានជាក់លាល់ និងយកវិធានការអប់រំ ឲ្យយល់ពីបទ បញ្ជាលេខ ០២ ប.ប. របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ ហើយអនុវត្តជាបន្ទាន់ នាពេលនេះ ក្នុងគោលបំណងទប់ស្កាត់ នៃការរីករាលដាលជមន្ងឺ កូវីដ-១៩ ឯកឧត្តម អភិបាលខេត្ត បានអំពានាវដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់សូមចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធនឹងជម្ងឺ កូវីដ-១៩ ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តកំពង់ចាម