គ្រួសារជួបការលំបាក និងកម្មករអនាម័យចំនួន២កន្លែង ក្នុងក្រុងកំពង់ឆ្នាំងចំនួន៨០គ្រួសារ បានទទួលអំណោយពី ឯកឧត្តម ឈួរ ច័ន្ទឌឿន និងលោកជំទាវ

(កំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងលោកជំទាវ ឈឹម ស្រីមុំ បានអញ្ជើញសាកសួរសុខទុក្ខ និងនាំយកអំណោយចែកជូនគ្រួសារជួបការលំបាក និងកម្មករអនាម័យ ចំនួន២កន្លែង ក្នុងក្រុងកំពង់ឆ្នាំងចំនួន៨០គ្រួសារ។ មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តម​ ឈួរ ច័ន្ទឌឿន បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើការសាកសួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេច​តែងតែ​គិតគូរ​យកចិត្តទុកដាក់​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ កម្មករ ដែលមានទុក្ខលំបាក ជនងាយរងគ្រោះ ជនរងគ្រោះ​ដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិន​ប្រកាន់​ពូជសាសន៍ និងនិន្នាការនយោបាយអ្វីឡើយ។ ឯកឧត្តម ឈួរ ច័ន្ទឌឿន ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ និងកម្មករទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ថែរក្សាសុខភាព ប្រកាន់ខ្ជាប់​នូវ​អនាម័យ​ល្អ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ដើម្បី​ជៀសវាង​ពីជំងឺនានា ជាពិសេសត្រូវរួមគ្នាទប់ស្កាត់​ជំងឺឆ្លងកូវីដ១៩ ដោយអនុវត្តតាមវិធានការដូចខាងក្រោម៖

១.ត្រូវលាងដៃនិងសាប៊ូទឹកស្អាត ឬទឹកអាល់កុល អាល់កុលហ្សែល អោយបានញឹកញាប់។
២.នៅពេលក្អក ឬកណ្តាស់ត្រូវខ្ទប់មាត់ និងច្រមុះដោយប្រើកែងដៃ ឬក្រដាស់អនាម័យ រួចបោះចោលក្នុងធុងសំរាមភ្លាម បន្ទាប់​មកលាងដៃរបស់អ្នកជាមួយសាប៊ូ និងទឹកស្អាត។
៣.ត្រូវជៀសវាងប៉ះពាល់ ភ្នែក ច្រមុះ ឬមាត់​។
៤.ត្រូវកាត់បន្ថយការជួបជុំក្នុងសង្គម និងការចំណាយពេលវេលានៅកន្លែងប្រមូលផ្ដុំ។
៥.ត្រូវជៀសវាងការប៉ះពាល់​ជិតស្និទ្ធ​ជាមួយអ្នកមានជំងឺផ្លូវដង្ហើម ដូចជាគ្រុនក្ដៅ ក្អក កណ្ដាស់ ឬផ្ដាសាយ។
៦.ត្រូវសម្អាត ​និងសម្លាប់មេរោគ លើខ្លួនប្រាណឲ្យបានញឹកញាប់។​
៧.ចំពោះអ្នកមានបងប្អូន ទើបមកពីក្រៅប្រទេសត្រូវណែនាំអោយគាត់នៅដាច់ដោយឡែកពីក្រុមគ្រួសាររយៈ១៤ថ្ងៃ រឺនៅឲ្យឆ្ងាយពីសាច់ញាតិចំនួន២ម៉ែត្រ។ បើមានស្ថានភាពមិនស្រួលក្នុងខ្លួន និងក្រុមគ្រួសារខ្លួនត្រូវទៅទំនាក់ទំនងជាមួយគ្រូពេទ្យនៅមណ្្ឌលសុខភាពនិងមន្ទីរពេទ្យអោយបានទាន់ពេលវេលា។

ក្នុងឱកាសនោះឯកឧត្តម និងលោកជំទាវបានចែកជូននូវអំណោយដល់គ្រួសារជួបការលំបាក និងកម្មករអនាម័យក្នុងក្រុងកំពង់ឆ្នាំងចំនួន៨០គ្រួសារ ក្នុងមួយគ្រួសារៗទទួលបានអង្ករ២០kg និងទឹកត្រីមួយយួរផងដែរ ៕