អាជ្ញាធរខេត្តព្រះវិហារ និងមេទ័ពប្រចាំព្រំដែនកម្ពុជា-ថៃ បានរួមគ្នាចុះដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ក្រោយទាហានឈុតខ្មៅថៃ យកបន្លាលួសមកហ៊ុព័ទ្ធបិទផ្លូវចូលអណ្តូងទឹក មិនអោយពួកគាត់ប្រើប្រាស់នោះមក !

(ព្រះវិហារ)៖ អភិបាលរងខេត្ត ទទួលបន្ទុកកិច្ចការព្រំដែន ខេត្តព្រះវិហារ លោក ស៊ូ សិរី និងមេទ័ពប្រចាំព្រំដែនកម្ពុជា-ថៃ សំខាន់ៗជាច្រើនរូបទៀត បានចុះទៅកាន់តំបន់ព្រំដែន នៃច្រកអានសេះ នៅលើកំពូលភ្នំដងរែក ដើម្បីជួបជាមួយមេទ័ពឈុតខ្មៅថៃ ជជែក និងពិភាក្សារួមគ្នា ដោយសន្តិវិធី ក្នុងការដោះស្រាយបញ្ហាប្រឈម រវាងពលរដ្ឋខ្មែរ និងទាហានឈុតខ្មៅថៃ ក្រោយក្រុមទាហានព្រំដែនថៃ យកបន្លាលួសមកហ៊ុព័ទ្ធបិទផ្លូវ ចូលទៅអណ្តូងទឹក ដែលពលរដ្ឋខ្មែរ នៅតំបន់អានសេះនោះ ធ្លាប់ប្រើប្រាស់កន្លងមក ហើយកិច្ចពិភាក្សានោះ ត្រូវបានដោះស្រាយបញ្ចប់ និងវិលមករកសភាពការណ៍ល្អប្រសើរ ដូចដើមវិញ កាលពីល្ងាចថ្ងៃទី០៨ ខែមេសាឆ្នាំ២០២០។

អភិបាលរងខេត្ត ទទួលបន្ទុកកិច្ចការព្រំដែន ខេត្តព្រះវិហារ លោក ស៊ូ សិរី បានមានប្រសាសន៍អោយដឹងថា ក្រោយទទួលបានការរាយការណ៍មកថា មានទាហានឈុតខ្មៅថៃ បានដឹកបន្លាលួសយកមកបិទផ្លូវ មិនអោយពលដ្ឋខ្មែរនៅតំបន់អានសេះ ចូលដងទឹកអណ្តូង ដែលពួកគាត់ធ្លាប់តែប្រើប្រាស់ នាច្រើនឆ្នាំកន្លងមកនោះ អភិបាលខេត្តព្រះវិហារ ឯកឧត្តមប្រាក់ សុវណ្ណ បានសម្រេចអោយលោក ចុះទៅកាន់តំបន់ព្រំដែនច្រកអានសេះ នៅលើកំពូលភ្នំដងរែក ក្នុងស្រុកជាំក្សាន្ត ជាមួយលោកឧត្តមសេនីយ៍ទោ ផាត សុផេង មេបញ្ជាការរងកងពលធំលេខ៣ ប្រចាំទិសទី១ ប្រាសាទព្រះវិហារ និងលោកវរៈសេនីយ៍ឯក ឈិន ខ្នា នាយទាហានទំនាក់ទំនង និងសម្របសម្រួលកិច្ចការព្រំដែន នៃអគ្គបញ្ជាការដ្ឋានកងទ័ពជើងគោក ដើម្បីធ្វើការសម្របសម្រួល ដោយសន្តិវិធី ដោះស្រាយបញ្ហានានា ដែលកើតមាននៅតំបន់នោះ ជាមួយភាគីយោធាថៃ មានគ្នា៩នាក់ ប្រដាប់ដោយអាវុធ ដឹកនាំដោយ លោកវរៈសេនីយ៍ឯក ប៊ុនទើម ប៊ុនបំរុង ប្រធានអង្គភាពទំនាក់ទំនងព្រំដែនទិសទី១ នៃទាហានឈុតខ្មៅថៃ។

អភិបាលរងខេត្តព្រះវិហារ លោក ស៊ូ សិរី បានមានប្រសាសន៍ទៀតថា ក្រោយការជួបជជែក ពិភាក្សារួមគ្នា រវាងភាគីយោធាកម្ពុជា និងមានការសម្របសម្រួលកិច្ចពិភាក្សានោះ ពីរូបលោក ដែលតំណាងអោយអាជ្ញាធរខេត្តព្រះវិហារ ជាមួយភាគីយោធាថៃ អស់រយះពេលជាច្រើនម៉ោងនោះមក ភាគីយោធាថៃ បានយល់ព្រមរុះរើបន្លាលួស ដោយបើកផ្លូវអោយពលរដ្ឋខ្មែរ នៅតំបន់អានសេះ បានចូលទៅដងទឹកអណ្តូងនោះ ប្រើប្រាស់ជាធម្មតាដូចដើមឡើងវិញ។ ប៉ុន្តែ ភាគីកម្ពុជា ក៏ត្រូវធ្វើការរុះរើសំណង់ខ្ទម ២ខ្នង និងផ្ទះ១ខ្នង ដែលពលរដ្ឋខ្មែរបានសង់នៅលើបរិវេណ ដែលភាគីយោធាថៃចាត់ទុកថា គឺជាតំបន់ដែលមិនទាន់មានការវាស់វែងនោះ។ លោកថា កិច្ចសម្របសម្រួលនោះ បានបញ្ចប់ទៅនៅម៉ោងប្រមាណជា ៣ និង៤០នាទីរសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ហើយស្ថានភាពនៅតំបន់ព្រំដែន នៃច្រកអានសេះនោះ បានវិលត្រឡប់មករកសភាពដើមវិញហើយ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី០៦ ខែមេសាឆ្នាំ២០២០ ទាហានឈុតខ្មៅថៃមួយក្រុម បានដឹកបន្លាលួសយកមកដាក់បិទផ្លូវ និងហ៊ុព័ទ្ធជុំវិញអណ្តូងទឹកមួយ របស់យោធាកម្ពុជា នៅជិតផ្សារច្រកអានសេះ លើកំពូលភ្នំដងរែក ហើយអណ្តូងទឹកមួយនោះ ប្រជាពលរដ្ឋខ្មែរ បានប្រើប្រាស់ប្រមាណ ៣០ឆ្នាំមកហើយ ប៉ុន្តែ ពេលនេះត្រូវបានបិទដោយក្រុមទាហានឈុតខ្មៅថៃ។ មូលហេតុ នៃការចូលបិទអណ្តូងទឹកនោះ ខាងភាគីយោធាថៃចោទថា មកពីប្រជាពលរដ្ឋខ្មែរ បានចូលសាងសង់ខ្ទមនៅលើបរិវេណដី ដែលមិនទាន់មានការវាស់វែង និងឯកភាព ហើយភាគីយោធាថៃ តម្រូវអោយភាគីយោធាកម្ពុជា រុះរើសំណង់នោះចេញអោយអស់ ទើបពួកគេយល់ព្រមដកបន្លាលួស និងដកកងទ័ព ចេញពីតំបន់ដែលមិនទាន់វាស់វែងនោះ។ ទាំងអស់នេះហើយ ទើបឈានដល់មានការជួបគ្នា រវាងមេទ័ពកម្ពុជា និមេទ័ពថៃ ហើយអាជ្ញាធរខេត្តព្រះវិហារ បានធ្វើការសម្របសម្រួល ធ្វើអោយស្ថានភាពនៅតំបន់ព្រំដែនអានសេះនោះ បានវិលមករកសភាពដើមវិញ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តព្រះវិហារ