បើក​ពិនិត្យ ពិគ្រោះ​ជម្ងឺ​ជូន បងប្អូន​ប្រជាពលរដ្ឋ នៅតាម​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យបង្អែក​

(កំពង់ចាម)៖ លោក​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ចាម​បាន​ដឹកនាំ​ប្រជុំ​ជាបន្ទាន់​មួយ​ដើម្បី​ពិភាក្សា​ការរៀបចំ​មណ្ឌល​ពិនិត្យ​សុខភាព​នៅតាម​មន្ទីរពេទ្យ​ទាំងអស់ ដោយមាន​ការ ចូលរួម​ថ្នាក់ដឹកនាំ​មន្ទីរ​សុខាភិបាល​ប្រធាន​កា​រិ​យា​ល័យ ប្រធាន​មន្ទីរ ពេទ្យ​ខេត្ត មន្ទីរពេទ្យបង្អែក​ស្រុក​ទាំងអស់​ចំនួន ៤៩​នាក់​(​ស្រី​៧​នាក់​) លទ្ធផល​ប្រជុំបាន​ឯកភាពគ្នា​បង្កើត មណ្ឌល​ពិនិត្យ​សុខភាព​នៅ​គ្រប់​មន្ទីរពេទ្យ​ទាំងអស់​ទូទាំង​ខេត្ត និង​បាន​ឯកភាពគ្នា​ចាប់ដំណើរការ​មណ្ឌល​នេះ​ពីថ្ងៃ​ព្រហស្បតិ៍ ទី​០៩​ ខែមេសា ឆ្នាំ២០២០​នេះ​តទៅ​។​

នៅក្នុង​របាយការណ៍រ​បស់​លោក​ប្រធាន​មន្ទីរ​បានបញ្ជាក់​ថា​ថ្ងៃ​ពុធ ទី០៨ ខែមេសា ឆ្នាំ​២០២០ ក្រុម​ការងារ​ចុះជួយ​រៀបចំ​មណ្ឌល​ពិនិត្យ​សុខភាព​នៅតាម​មន្ទីរពេទ្យ​ទាំងអស់​រួចរាល់​ជាមុនសិន ហើយ មណ្ឌល​ពិនិត្យ​សុខភាព​នៅ ខេត្តកំពង់ចាម​មាន​ចំនួន​០៩​កន្លែង​ចាប់ដំណើរការ​ពីថ្ងៃ​ព្រហស្បតិ៍​ទី​០៩ ខែមេសា ឆ្នាំ​២០២០​នេះ​តទៅ​។​

មន្ទីរ​សុខា​ភិ​បាល​ខេត្ត​សំណូមពរ​អាជ្ញាធរ​មេត្តាជួយ​ផ្សព្វផ្សាយ​ដល់ប្រជាពលរដ្ឋ​ដែល​វិល​ត្រឡប់មក​ពី​ប្រទេសជិតខាង​អោយចូល​ទៅពិនិត្យ​សុខភាព​ជាមុនសិន​នៅ​មណ្ឌល​ពិនិត្យ​សុខភាព​ដែលមាន​ទីតាំង នៅក្នុង​មន្ទីរពេទ្យ​ខេត្ត​និង មន្ទីរពេទ្យបង្អែក​ស្រុក​ទាំងអស់​មុននឹង​ទៅកាន់​លំនៅដ្ឋាន ដើម្បី​ចូលរួម​ទប់ស្កាត់ ជំងឺ កូ​វីដ១៩៕ ដោយ៖ មន្ទីរព័ត៌មានខេត្តកំពង់ចាម​