កិច្ចប្រជុំដាក់គោលដៅ ត្រៀមសម្រាប់ទទួលបងប្អូន ប្រជាពលរដ្ឋខ្មែរ ដែលត្រឡប់ពីប្រទេសថៃមកខេត្តព្រៃវែង

(ព្រៃវែង)៖ ដោយមានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីអាជ្ញាធរខេត្តដែលមាន ឯកឧត្តម ជា សុមេធី អភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំសម្រាប់ដាក់គោលដៅ ដល់ក្រុមការងារគណៈកម្មការប្រយុទ្ធប្រឆាំង Covid 19 សម្រាប់ត្រៀម ទទួលបងប្អូនប្រជាពលរដ្ឋ ខ្មែរ ដែលគាត់ទៅប្រទេសថៃ និងបានវិលត្រឡប់មកខេត្តព្រៃវែងវិញ តាមខេត្តបាតដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តប៉ៃលិន ដែលកិច្ចប្រជុំនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២០ នៅសាលប្រជុំសាលាខេត្ត។

នៅក្នុងកិច្ចប្រជុំនោះផងដែរ ក៏បានសម្រេចបែងចែកចេញជា ៣ ក្រុម ដែលក្នុងមួយក្រុមៗ មានគ្នា ៨ នាក់ ដោយបែងចែកទៅតាមគោលដៅនៃខេត្តនីមួយៗរៀងៗខ្លួន ដើម្បីចាំទទួលដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលគាត់ទៅប្រទេសថៃ ហើយវិលត្រឡប់មកខេត្តព្រៃវែង។

នៅក្នុងនោះដែរ ឯកឧត្តម ជា សុមេធី អភិបាលខេត្តក៏បានឲ្យក្រុមការងារសម្រាប់គោលដៅ ដែលប្រចាំការទទួលនិងដឹកជញ្ជូនប្រជាពលរដ្ឋដែលវិលត្រឡប់ពីប្រទេសថៃមកខេត្តព្រៃវែង នោះត្រូវមានតួនាទី និងភារកិច្ចដូចខាងក្រោម៖ ១.ត្រូវធ្វើទំនាក់ទំនង និងចូលរួមជាមួយរដ្ឋបាលខេត្តជាប់ព្រំដែនជាមួយប្រទេសថៃ ដើម្បីជួយឧបត្ថម្ភដោះស្រាយ ដល់ការដឹកជញ្ជូនប្រជាពលរដ្ឋខ្មែរដែលមានលំនៅដ្ឋានក្នុងខេត្តព្រៃវែង ពីព្រំដែនមកកាន់លំនៅឋានរបស់ពួកគាត់។

២. ត្រូវចាត់ចែងមធ្យោបាយសមស្រប ដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋខ្មែរ ពីព្រំដែនមកកាន់លំនៅឋានរបស់ពួកគាត់ រួមទាំងជួយឧបត្ថម្ភនូវម្ហូបអាហារ ទឹក សម្ភារៈ និងថ្នាំពេទ្យ។

៣.ក្នុងការដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋខ្មែរនេះ ត្រូវយកចិត្តទុកដាក់ អំពីសុវត្ថិភាព សុខភាព និងទ្រព្យសម្បត្តិរបស់ពួកគាត់ ព្រមទាំងត្រូវរក្សាឲ្យបាននូវសណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ។

៤. ត្រូវរាយការណ៍ជាប្រចាំអំពីដំណើរការនៃការទទួល និងដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលវិលត្រឡប់ពីប្រទេសថៃ ជូនថ្នាក់ដឹកនាំខេត្ត និងក្រសួងមហាផ្ទៃ និងអនុវត្តកិច្ចការដទៃទៀត តាមការចាំបាច់៕ ដោយ៖ មន្ទីរព័ត៌មានខេត្តព្រៃវែង