ក្រសួង​ព័ត៌មាន​ផ្ញើ​សារលិខិត​ថ្វាយព្រះពរ​ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​

(​ភ្នំពេញ​៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ព្រមទាំង​មន្ត្រីរាជការ​ក្រសួង​ព័ត៌មាន​ទាំងអស់ នៅ​ថ្ងៃទី​០៦ ខែមេសា ឆ្នាំ​២០២០ បាន​ផ្ញើ​សារលិខិត​ថ្វាយព្រះពរ​ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ក្នុងឱកាស​ដ៏​មហោឡារិក នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ ឆ្នាំ​ជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ មហាសករាជ ១៩៤២ ចុល្លសករាជ ១៣៨២ ទូលព្រះបង្គំ យើងខ្ញុំ​ទាំងអស់គ្នា​ជា​ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ​ក្រសួង​ព័ត៌មាន​ទាំងមូល សូម​លំឱនកាយ​ក្រាបថ្វាយបង្គំ ព្រះករុណា​ថ្លៃ​វិសេស និង​សូម​បួងសួង​ដល់ វត្ថុ​ស័ក្តិសិទ្ធិ ទាំងឡាយ​ក្នុង​លោក ទេវតា​ទាំង​មួយ​ម៉ឺន​លោកធាតុ ទេវតា​ថែរក្សា​ព្រះមហា​ស្វេត​ឆ្ឆ​ត្រ ព្រះ​បារមី​អតីតព្រះមហាក្សត្រ មហាក្សត្រិយានី ជាពិសេស​ទេវតា​ឆ្នាំ​ថ្មី​ព្រះនាម គោ​រាគៈ ទេវី សូមជួយ​តាម​បីបាច់​ថែរក្សា​ព្រះអង្គ ជានិច្ច​និរន្តរ៍​។​

​ទូលព្រះបង្គំ​យើងខ្ញុំ សូម​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ កែវ​ទាំងបី វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក សូម​បញ្ចេញ​មហិទ្ធិឫទ្ធិ ថ្វាយ​ព្រះរាជ​សព្ទសាធុការពរ​បវរ​មហាប្រសើរ​ថ្វាយ​ចំពោះ ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត សូម​ព្រះអង្គ​ទ្រង់​បាន​ប្រកបដោយ​ព្រះ​សុខុមាលភាព​ពេញបរិបូរណ៍ ព្រះកាយពល​មាំមួន មាន​ព្រះ​ជន្មាយុ​យឺនយូរ​ជាង​រយ​ព្រះវស្សា និង​មាន​ព្រះ​តេ​ជៈ​បារមី​ភ្លឺ​ថ្លា ដើម្បី​គង់ប្រថាប់​នៅ​ជា​ម្លប់​ដ៏​ត្រជាក់ត្រជុំ​បំផុត​របស់​ប្រជានុរាស្ត្រ​ខ្មែរ ជា​កូន ជា​ចៅ ជា​ក្មួយ របស់​ព្រះអង្គ តរៀង​ទៅ​៕ ដោយ​៖ ធូ កុសល​