ក្នុងរយ:ពេល៣ខែដើមឆ្នាំ២០២០នេះ អាជ្ញាធរជាតិអប្សរាចូលរួមសាងសង់បង្គន់អនាម័យជូនពលរដ្ឋបានចំនួនជាង៧០បង្គន់ !

(សៀមរាប)៖ នៅតំបន់រមណីយដ្ឋានអង្គរបញ្ហាបង្គន់អនាម័យជាសារ:សំខាន់សម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ។ អាជ្ញាធរជាតិអប្សរាតាមរយ:គម្រោង PAAGERA ទទួលបានជំនួយពីប្រទេសបារាំង បានផ្តល់ថវិកាបដិភាគដល់ប្រជាពលរដ្ឋ ក្នុងការសាងសង់បង្គន់អនាម័យតាមផ្ទះ។

លោក ឡៃ ប៉ូទី មន្ត្រីបច្ចេកទេសនៃនាយកដ្ឋានគ្រប់គ្រងទឹក និងជាប្រធានក្រុមការងារអនុវត្តគម្រោងសុវុឌ្ឍកម្ម និងការគ្រប់គ្រងទឹកក្នុងតំបន់អង្គរ (PAAGERA) បានឱ្យដឹងនៅរសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០នេះថា រយៈពេល៣ខែដើមឆ្នាំនេះ គម្រោងសង់បង្គន់៧០ជូនពលរដ្ឋចំនួន៣ឃុំ: មានឃុំដូនកែវ ២៤បង្គន់, ឃុំរុនតាឯក ២៩បង្គន់ និងឃុំបល័ង្ក១៧បង្គន់ ។ គម្រោងថវិកាបដិភាគសង់បង្គន់អនាម័យនេះ អាជ្ញាធរជាតិអប្សរា បានផ្តល់នូវជម្រើស៣ប្រភេទសម្រាប់ពលរដ្ឋជ្រើសរើស ដែលជម្រើសទី១អាជ្ញាធរជាតិអប្សរាផ្តល់ថវិកា៤០%, ជម្រើសទី២ ថវិកា៣០% និងទី៣ ចំនួន២០% ក្នុងនោះបើប្រជាពលរដ្ឋជ្រើសយកទី១ ត្រូវចូលរួមថវិកាសង់បង្គន់ត្រឹមតែចំនួន ១៥៦,០០០រៀល, ជ្រើសយកទី ២ ថវិកា២៩៤,០០០រៀល និងជ្រើសយកទី៣ ថវិកា ៤៦៤,០០០រៀល គឺទៅតាមតម្លៃស្តង់ដាបង្គន់ដែលគម្រោងបានសិក្សាតម្លៃចន្លោះពី ២៦ម៉ឺន, ៤២ម៉ឺន និង ៥៨ម៉ឺនរៀលសម្រាប់ប្រភេទបង្គន់នីមួយៗ ។

ក្នុងនោះដែរតាំងពីឆ្នាំ២០១៨មក អាជ្ញាធរជាតិអប្សរាបានចូលរួមថវិកាបដិភាគ ដើម្បីសាងសង់បង្គន់អនាម័យជូនប្រជាពលរដ្ឋបានចំនួន ១,២០០បង្គន់រួចហើយ ៕

អត្ថបទ និង រូបភាព៖ បូ សាវី
កែសម្រួលដោយ លីវ សុខុន