ឯកឧត្តម លី វ៉ាន់​ហុង នាំ​អំណោយ​គ្រឿងឧបភោគ បរិភោគ របស់​ឯកឧត្តម​រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន ​ចែកជូន​ប្រជាពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត និង​ពលករ​ដែល​មកពី​ក្រៅប្រទេស នៅតាម​ខ្នង​ផ្ទះ

(​កំពង់ចាម​)៖ ដើម្បី ចូលរួមចំណែក សម្រាល​បន្ទុក ដល់​ប្រជាពលរដ្ឋ ដែលមាន​ជីវភាព​ជួប​ការលំបាក ខណៈដែល​ជម្ងឺ​កូ​វីត ១៩ កំពុង​រីក​រាល​ត្បា​ត ពេញ​ពិភពលោក ហើយ​ប្រទេស​កម្ពុជា ក៏​កំពុង​រង​ផលប៉ះពាល់​មួយចំនួន ផងដែរ នា​ព្រឹក​ថ្ងៃទី​០៥ ខែមេសា ឆ្នាំ​២០២០ នេះ ឯកឧត្តម លី វ៉ាន់​ហុង ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​អគ្គនាយក​រដ្ឋបាល និង​ហិរញ្ញវត្ថុ នៃ​ក្រសួង​ព័ត៌មាន រួម​ដំណើរ ជាមួយ ឯកឧត្ដម ងួន ស៊ឹម​អាន អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម និង​សហការី បាន​នាំ​អំណោយ​ជា​គ្រឿងឧបភោគ បរិភោគ របស់​ឯកឧត្ដម​រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន និង​លោកជំទាវ ទៅ​ប្រគេន​វត្ត​ចំនួន ០៣ និង​ចែកជូន​ប្រជាពលរដ្ឋ មាន​ជីវភាព​ខ្វះខាត និង​គ្រួសារ​ពលករ ដែល​ទើប​វិល​ត្រលប់​មកពី​ក្រៅប្រទេស តាម​ខ្នង​ផ្ទះ ចំនួន ៦៧​គ្រួសារ នៅ​ឃុំ​មហាខ្ញូង ស្រុក​កោះសូទិន ខេត្តកំពង់ចាម​។​


ស្ថិត​ឱកាស​នោះដែរ ឯកឧត្តម លី វ៉ាន់​ហុង ក៏បាន​ពាំ​នាំនូវ​ប្រសាសន៍​ផ្ដាំផ្ញើ និង​ការសាកសួរ​សុខទុក្ខ​ពីស​ម្ដេច​អគ្គ​មហា​សេ​នប​តី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋាភិបាល នៃ​កម្ពុជា ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ជូន​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ នៅក្នុង​មូលដ្ឋាន ជាពិសេស បងប្អូន​ប្រជាពលរដ្ឋ ដែលមាន​ជីវភាព​ខ្វះខាត និង​គ្រួសារ​ពលករ ដែល​ទើប​វិលត្រឡប់​មកពី​ក្រៅប្រទេស ផងដែរ ។ ឯកឧត្តម ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា មានប្រសាសន៍ថា អំណោយ​ទាំងអស់នេះ វា​បាន​ចូលរួមចំណែក បាន​ដោះស្រាយ​ជីវភាព​របស់​បងប្អូន បាន​មួយគ្រា ជាពិសេស ការ​ដោះ​ទ័ល នៅពេលដែល​បងប្អូន​មិនអាច​ចេញទៅ​ប្រកប​របរ​ទទួលទាន​ខា​ង​ក្រៅ​បាន ខណៈពេលដែល ប្រទេស​កម្ពុជា​កំពុង​ប្រឈម ទៅនឹង​ការរីក​រាលដាល នៃ​ជម្ងឺ​កូ​វីដ ១៩ នោះ ។ ដូច្នេះ ដើម្បី ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល សូម​បងប្អូន ត្រូវអនុវត្ត ទៅតាម​ការណែនាំ របស់​ក្រសួងសុខាភិបាល តាមរយៈ​សារ​អប់រំ​សុខភាព​សំខាន់ៗ ដូចខាងក្រោម ៖ ១.​លាងដៃ​ឲ្យ​បាន​ញឹកញាប់ ជាមួយ​សាប៊ូ និង​ទឹកស្អាត ឬ​ទឹក​អាល់កុល ។ ២.​ខ្ទប់មាត់ និង​ច្រមុះ នៅពេល​ក្អក ឬ​កណ្តាស់ ដោយ​ប្រើ​កែងដៃ ឬ​ក្រដាសអនាម័យ រួច​បោះចោល​ក្នុង​ធុងសម្រាម ឲ្យ​បាន​ត្រឹមត្រូវ ។ ៣.​ជៀសវាង​ប៉ះពាល់​ជិតស្និទ្ធ ជាមួយ​អ្នក​ដែលមាន​គ្រុនក្ដៅ ក្អក ឬ​ផ្ដាសាយ ។ ៤.​ជៀសវាង​ប៉ះពាល់​ភ្នែក ច្រមុះ ឬ​មាត់ ។ ៥.​បរិភោគ​អាហារ ដែល​ចម្អិន​បាន​ឆ្អិន​ល្អ ។ ៦.​ស្វាគមន៍​ដោយ​សំពះ ជំនួស​ការ​ចាប់ដៃ ។ ក្រៅពីនោះ ត្រូវ​ប្រកាន់​ខ្ជាប់ខ្ជួន​នូវ​អនាម័យ តាមរយៈ ការផឹក​ស្អាត ហូប​ស្អាត និង​ការរស់នៅ​ស្អាត ដើម្បី ជៀស​ផុតពី​ជម្ងឺ កូ​វីដ ១៩ ។ ដោយឡែក សម្រាប់​ព័ត៌មាន​បន្ថែម ឬ​មាន​ករណី​សង្ស័យ សូម​ទំនាក់ទំនង​តាម​លេខ​ទូរស័ព្ទ ១១៥ ដោយ​ឥតគិតថ្លៃ ។
​សូមបញ្ជាក់ថា អំណោយ​សម្រាប់​ប្រជាពលរដ្ឋ​ទាំង ៦៧​គ្រួសារ ក្នុង ១​គ្រួសារៗ អង្ករ ១៥​គ​.​ក្រ មី ១​កេស និង​សាប៊ូ ០៣​កញ្ចប់ ។ ដោយឡែក អំណោយ​សម្រាប់​ប្រគេន​វត្ត​ទាំង ៣ ស្ថិតនៅក្នុង​ឃុំ​មហាខ្ញូង ក្នុង ១​វត្តៗ​មាន ៖ អង្ករ ៥០​គ​.​ក្រ សាប៊ូ ១០​កញ្ចប់ ទឹក​សុទ្ធ ៣​កេស ទឹក​ផ្លែឈើ ៣​កេស និង​បច្ច័យ ២០​ម៉ឺន​រៀល ផងដែរ ។​


​ឆ្លៀត​ក្នុងឱកាស​នោះដែរ ឯកឧត្តម លី វ៉ាន់​ហុង ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា និង​ឯកឧត្ដម ងួន ស៊ឹម​អាន ព្រមទាំង ប្រតិភូ​អមដំណើរ ក៏បាន​អញ្ជើញ​ប្រគល់​នូវ​បង្គន់​អនាម័យ ដល់​ប្រជាពលរដ្ឋ ដែលមាន​ជីវភាព​ខ្វះខាត ចំនួន ៤​គ្រួសារ ស្ថិតនៅក្នុង​ឃុំ​មហាខ្ញូង ស្រុក​កោះសូទិន ផងដែរ ។
​គួរ​កត់សម្គាល់ថា ដើម្បី សម្រួល​ដល់​ការលំបាក​របស់​ប្រជាពលរដ្ឋ​ទាំង ៤​គ្រួសារ ខាងលើនេះ ឯកឧត្ដម លី វ៉ាន់​ហុង និង​ឯកឧត្ដម ងួន ស៊ឹម​អាន ក៏ដូចជា ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ឃុំ​មហាខ្ញូង ក៏បាន​រួមគ្នា បរិច្ចាក​នូវ​ធនធាន​ផ្ទាល់ខ្លួន ដើម្បី រួមចំណែក​កសាង​នូវ​បង្គន់​អនាម័យ​ទាំងអស់នេះ​ឡើង ទុក​សម្រាប់​គ្រួសារ​ទាំង ៤​គ្រួសារ ក៏ដូចជា អ្នកភូមិផង បាន​ប្រើប្រាស់​ទៅតាម​តម្រូវការ​ជាក់ស្ដែង ៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តកំពង់ចាម​