ឯកឧត្តម ឯក ក្រឹត្យ នាំយកសម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ចុះចែកជូនប្រជាពលដ្ឋ នៅឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

(ត្បូងឃ្មុំ)៖ នៅរសៀលថ្ងៃទី ០៤ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ឯក ក្រឹត្យ រដ្ឋលេខាធិការក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនិតីសម្បទា និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះជួយឃុំកោងកាង រួមនិងឯកឧត្តម សៅ ឡែន អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលនិងហិរញ្ញវត្ថុ និងជាអនុប្រធានទី ១ ចុះជួយឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ អមដំណើរដោយក្រុមការងារឃុំកោងកាង បាននាំយកអំណោយ ចុះសួរសុខទុក្ខ ដល់ខ្នងផ្ទះ របស់ប្រជាពលរដ្ឋ ដែលជួបការខ្វះខាត ក្នុងដំណាក់កាល បង្ការ និង ទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីត-១៩ និង ពលរដ្ឋដែលមានជីវភាពក្រីក្រ នៅក្នុងមូលដ្ឋានឃុំកោងកាង។

នៅនាឱកាសជួបផ្ទាល់ជាមួយប្រជាពលរដ្ឋ នៅតាមខ្នងផ្ទះ ក្នុងមូលដ្ឋាន ឯកឧត្តម ឯក ក្រឹត្យ តំណាងដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតីសម្បទា ក៏បានពាំនាំនៅបណ្ដាំសួរសុខទុក្ខ ពីសំណាក់ដឹកនាំគ្រប់លំដាប់ នៅក្នុងការចូលរួមទាំងអស់គ្នា ដើម្បីបង្ការ និង ទប់ស្កាត់ ចំពោះការរីករាលដាលនៃជំងឺកូវីត-១៩ ។

ឯកឧត្តម ក៏បានមានប្រសាសន៍សំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដោយសូមចូលរួម សហការ ជាមួយអាជ្ញាធរមូលដ្ឋានឃុំ និងមន្រ្តីជំនាញសុខាភិបាលដែលនៅជិត សមត្ថកិច្ចពាក់ព័ន្ធ ក្នុងការវិលត្រឡប់របស់បងប្អូនពលករមកពីបម្រើការងារតាមបណ្តាប្រទេសជិតខាង ដើម្បី តាមដានសុខភាព របស់ពួកគាត់ ។

ឯកឧត្តម ឯក ក្រឹត្យ បានបន្តថា ដើម្បីទប់ស្កាត់ ការចម្លងនៃវីរុសកូវីត-១៩ ឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត និងការចូលរួមការការពារការចម្លង ទៅបងប្អូនប្រជាពលរដ្ឋ នៅក្នុងសកម្មភាពប្រចាំថ្ងៃ ដោយត្រូវមានអនាម័យជាប់ជានិច្ច ដោយការលាងដៃជាមួយសាប៊ូ ឬទឹកអាល់កុល ត្រូវរក្សាគំលាតឆ្ងាយពីគ្នា និង កាត់បន្ថយការប្រមូលផ្ដុំ ជាពិសេស អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលកម្ពុជា។

ឯកឧត្តម ឯក ក្រឹត្យ ក៏បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ពិសេសបងប្អូនដែលទើបត្រឡប់មកពីក្រៅប្រទេស សូមបន្តតាមដានសុខភាពផ្ទាល់ខ្លួន ប្រសិនមានបញ្ហាសុខភាព សូមទាក់ទងទៅមន្ត្រីសុខាភិបាល លោកមេឃុំ មេភូមិ នៅតាមមូលដ្ឋានរបស់បងប្អូនផ្ទាល់ ។

សូមជម្រាបថា អំណោយទាំងនោះក្នុង ១ គ្រួសារទទួលបាន មី ១ កេះ ទឹកត្រី ១ យួរ ទឹកស៊ីអ៊ីវ ១ យួរ សាប៊ូ ១ កញ្ចប់ ក្រម៉ា ១ និងថវិការមួយចំនួនផងដែរ ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ