ឯកឧត្ដម ហ៊ឺ បាវី ផ្ដល់នូវគ្រឿងឧបភោគបរិភោគដល់អាជ្ញាធរស្រុកព្រះស្ដេចដើម្បីប្រតិបត្តិការងារ ក្នុងការទប់ស្កាត់ វីរុស Covid ១៩

(ព្រៃវែង)៖ នៅព្រឹកថ្ងៃទី ៥ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ហ៊ឺ បាវី ប្រធានក្រុមការងារចុះជួយស្រុកព្រះស្ដេច បាននាំយកនូវគ្រឿងឧបភោគបរិភោគ ផ្តល់ជូនអាជ្ញាធរស្រុកព្រះស្ដេចដើម្បីប្រតិបត្តិការងារ ក្នុងការទប់ស្កាត់នៃវីរុសផ្លូវដង្ហើម Covid 19 នៅក្នុងស្រុកព្រះស្ដេចនេះ។

ឯកឧត្តមក៏បានលើកឡើងដែរថាចំពោះគ្រឿងឧបភោគបរិភោគទាំងអស់នេះទុកសម្រាប់ អាជ្ញាធរស្រុកអនុវត្តប្រតិបត្តិការងារ ក្នុងការទប់ស្កាត់ការរីករាលដាលនៃវីរុសផ្លូវដង្ហើម Covid 19 ដែលកំពុងតែរីករាលដាល និងគំរាមកំហែងយ៉ាងខ្លាំងមកលើអាយុជីវិតរបស់មនុស្សយើងនេះ និងជាពិសេសផ្គត់ផ្គង់ដល់បងប្អូន ពលករចំណាកស្រុក ដែលគាត់កំពុងតែស្នាក់នៅដាច់ដោយឡែករយៈពេល ១៤ ថ្ងៃ និងគ្រួសារដែលមានជីវភាពខ្វះខាតខ្លាំង។

ចំពោះគ្រឿងឧបភោគបរិភោគទាំងអស់នោះមាន៖ អង្ករ ៥៤ តោន មីយើង ២,៧០០ កេស ត្រីខចំនួន ១៣,៥០០ កំប៉ុង អំបិលចំនួន ១,៦២០ គីឡូក្រាម ទឹកស៊ីអ៊ីវចំនួន ២,៧០០ ដប។

ឯកឧត្តម ប្រធាន ក៏បានអំពាវនាវដល់បងប្អូន ដែលជា ពលករចំណាកស្រុក ទាំងអស់ពេលដែលវិលត្រឡប់មកស្រុកកំណើតវិញត្រូវសហការជាមួយអាជ្ញាធរ ស្រុក ឃុំដើម្បីដាក់ខ្លួនឲ្យនៅដាច់ដោយឡែករយៈពេល ១៤ ថ្ងៃដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺផ្លូវដង្ហើម Covid 19នេះ ទាំងអស់គ្នា។

ឯកឧត្តមប្រធាន ក៏សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នៃស្រុកព្រះស្តេច ត្រូវព្យាយាមនិងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ឲ្យបានជាប្រចាំដោយត្រូវ លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុលលាងដៃ ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្តាស់ ដោយប្រេីកែងដៃ ឬក្រដាសអនាម័យ រួចបោះចោលក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ ជៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ ស្វាគមន៍ដោយគ្នាដោយសំពះ ជំនួសការចាប់ដៃ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តព្រៃវែង