ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី​ អមដំណើរដោយក្រុមការងារ ស.ស.យ.ក នាំយកអាល់កុល ម៉ាស់ សាប៊ូ ផ្តល់ជូនរដ្ឋបាលក្រុងសែនមនោរម្យ

(មណ្ឌលគិរី)៖ សហភាពសហព័ន្ធយុវជនកម្ពុជាក្រុងសែនមនោរម្យ ចូលរួមអមដំណើរឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី នាំយកអាល់កុល ម៉ាស់ សាប៊ូ ផ្តល់ជូនរដ្ឋបាលក្រុងសែនមនោរម្យ ដើម្បីចូលរួមផ្សព្វផ្សាយពីវិធីការពារ ទប់ស្កាត់ និងបង្ការជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋ។ ពិធីនេះប្រព្រឹត្តទៅនៅសាលាក្រុងសែនមនោរម្យ នារសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០។

ឯកឧត្តម ស្វាយ សំអ៊ាង ក៏បានថ្លែងផ្តាំផ្ញើដល់រដ្ឋបាលក្រុងសែនមនោរម្យ ត្រូវអប់រំបងប្អូនប្រជាពលរដ្ឋត្រូវលាងដៃជាមួយសាប៊ូ ទឹកអាល់កុល រឺជែល ជាប្រចាំចៀសវាង ការចាប់ដៃគ្នា ត្រូវប្រើកាយវិការសំពះ ត្រូវពាក់ម៉ាស់ក្នុងទីប្រជុំជន និងរក្សាគម្លាត ២ម៉ែត្រពីគ្នា ហើយត្រូវតាមដានសុខភាពប្រសិនមានអាការៈក្អកមិនបាត់ ក្តៅខ្លួន ខ្លាំង សូមប្រញាប់ទៅមណ្ឌលសុខភាព និងមន្ទីរពេទ្យ រឺខលទៅលេខទូរសព្ទ័១១៥ ដើម្បីទទួលបានសេវាពិនិត្យសុខភាពឲ្យបានត្រឹមត្រូវ និងមិនត្រូវទៅស្វែងរកសេវា ព្យាបាលនៅគ្លីនិចឯកជនដែលពុំមានច្បាប់អនុញ្ញាតនោះទេ។

ឯកឧត្តម ស្វាយ សំអ៊ាង បានបន្តថា អាជ្ញាធរមូលដ្ឋានភូមិ សង្កាត់ ត្រូវតាមដាន និងក្ដាប់ឲ្យបានច្បាស់លាស់នូវស្ថិតិប្រជាពលរដ្ឋ ដែលបានចូលមកដល់មូលដ្ឋាន ជាពិសេសពលរដ្ឋ ដែលវិលត្រលប់មកពីក្រៅប្រទេស និងរាយការណ៍ជាប្រចាំថ្ងៃមកថ្នាក់ក្រុង ខេត្ត ជាពិសេសត្រូវអប់រំណែនាំពួកគាត់ឱ្យបានយល់ និងអនុវត្តឲ្យបានខ្ជាប់ខ្ជួនអំពីវិធានការ នៃការដាក់ខ្លួនឯងឱ្យនៅដាច់ដោយឡែកក្នុងរយៈពេល១៤ថ្ងៃ នៅតាមផ្ទះជាលក្ខណៈបុគ្គល ហើយក្នុងករណីមានការសង្ស័យ ត្រូវនាំគាត់ទៅពិនិត្យ និងព្យាបាលជាបន្ទាន់។

ឯកឧត្តម ស្វាយ សំអ៊ាង បាននាំយកសម្ភារសម្រាប់ប្រើប្រាស់ ដែលជាអំណោយរបស់រដ្ឋបាលខេត្ត ក្រុមការងារយុវជនគណបក្សខេត្ត និងសាខាកាកបាទក្រហមកម្ពុជាខេត្ត រួមមាន អាល់កុល ៩០លីត្រ ម៉ាស់ការពារ ១២ប្រអប់ សាប៊ូដុំ ១.៤០០ដុំ និងខិតប័ណ្ណចំនួន ២០សន្លឹក ប្រគល់ជូនរដ្ឋបាលក្រុងសែនមនោរម្យ និងសង្កាត់ទាំង៤ក្នុងក្រុងសែនមនោរម្យ ដើម្បីយកទៅចាត់ចែងបន្តនៅក្នុងមូលដ្ឋាន ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ 

នាឱកាសនោះ ក្រុមការងារស.ស.យ.កក្រុងសែនមនោរម្យ បាននាំយកថវិកាឯកឧត្តម អភិបាលខេត្ត រដ្ឋបាលក្រុង និងសមាជិកស.ស.យ.កក្រុង ផ្តល់ជូនទី១. ឈ្មោះ សុខ ជា ភេទប្រុស អាយុ៤៣ឆ្នាំ ជំងឺលើសឈាមស្លាប់មួុយចំហៀងខ្លួន រស់នៅភូមិចំបក់ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ 

២,ឈ្មោះ គង់ ប៊ុនធឿន ភេទស្រីអាយុ ៣៩ឆ្នាំ រស់នៅភូមិកណ្តាល សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ មានជងឺមហារីកដំណាក់កាលចុងក្រោយ ក្នុង១នាក់ទទួលបានថវិកាចំនួន៤៥០.០០០រៀល៕