អង្គការអាដ្រាកម្ពុជា នាំយកនូវសម្ភារៈការពារ និងសម្ភារៈផ្សព្វផ្សាយ សរុបជាទឹកប្រាក់ប្រមាណជា១ម៉ឺន៥ពាន់ដុល្លាអាមេរិក ផ្ដល់ជូនមន្ទីរសុខាភិបាលខេត្តព្រះវិហារ ដើម្បីការពារ និងឆ្លើយតបការរីករាលដាលនៃការឆ្លងជំងឺកូវីដ១៩

(ព្រះវិហារ)៖ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាអាជ្ញាធរខេត្តព្រះវិហារ ក្នុងការឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺកូវីដ១៩ កាលពីរសៀលថ្ងៃទី០៣ ខែមីនានេះ អង្គការអាដ្រា កម្ពុជា បាននាំយកនូវសម្ភារៈការពារ និងសម្ភារៈសម្រាប់ផ្សព្វផ្សាយសារអប់រំ ដែលគិតជាទឹកប្រាក់សរុបប្រមាណជា ១៥,០០០ដុល្លាអាមេរិក ផ្ដល់ជូនមន្ទីរសុខាភិបាលខេត្តព្រះវិហារ ដើម្បីប្រើប្រាស់ ក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងទប់ស្កាត់ជំងឺឆ្លងកូវីដ១៩នេះ។

លោក រ័ត្ន រមនា ប្រធានគម្រោងអោបអង្គការអាដ្រាកម្ពុជា ប្រចាំខេត្តព្រះវិហារ បានគូស បញ្ជាក់ថា ក្នុងស្មារតីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាក្នុងភូមិសាស្ដ្រខេត្តព្រះវិហារទាំងមូលផងនោះ ជំហានដំបូង អង្គការអាដ្រាបានសហការជាមួយមន្ទីរសុខាភិបាលខេត្ត ដើម្បីបោះពុម្ពនូវផ្ទាំងបដារផ្សព្វផ្សាយ ផ្ទាំងប៉ូស្ទ័រ និងខិតប័ណ្ណផ្សព្វផ្សាយអំពីការលាងដៃ និងវិធីការពារដ៏ទៃទៀត ដោយប្រើប្រាស់នូវសារអប់រំតាមការណែនាំរបស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ដែលបានចែកចាយនាដើមខែមីនាកន្លងទៅនេះរួចមកហើយ។ ដោយឡែកក្នុងជំហានបន្ដនេះ គឺអង្គការអាដ្រាកម្ពុជា បានបន្ដនាំយកនូវសម្ភារៈការពារ និងសម្ភារៈផ្សព្វផ្សាយមួយចំនួន ដែលសរុបជាថវិកាសរុបប្រមាណ១៥,០០០ដុល្លាអាមេរិក ផ្ដល់ជូនមន្ទីរសុខាភិបាលខេត្តព្រះវិហារបន្ថែមទៀត ក្នុងគោលបំណងដើម្បីបំពេញតម្រូវការផ្គត់ផ្គង់សម្ភារៈការពារ និងផ្សព្វផ្សាយនៅគ្រប់មន្ទីរពេទ្យបង្អែករហូតដល់គ្រប់មណ្ឌលសុខភាព និងប៉ុស្ដិ៍សុខភាពក្នុងភូមិសាស្ដ្រខេត្ត។

ចំពោះសម្ភារៈទាំងនេះ រួមមានៈ ឧបករណ៍វាស់កម្ដៅចំនួន ៤៨គ្រឿង, ម៉ាស់ចំនួន៧,៩៧៥ម៉ាស់, ស្រោមដៃ ៧,៩៧៥គូរ, អាល់កុល ១,៣២០លីត្រ, ធុងសម្រាប់បាញ់សម្លាប់មេរោគចំណុះ២០លីត្រ ចំនួន០៤ និងសម្ភារៈផ្សព្វផ្សាយជាសារអប់រំការពារតាមការណែនាំរបស់ក្រសួងសុខាភិបាល មានដូចជាខិតប័ណ្ណចំនួន ១,៨១០សន្លឹក, ផ្ទាំងប៉ូស្ទ័រ ៩០៥ផ្ទាំង, និងបដារ ផ្សព្វផ្សាយចំនួន ៣៦២ផ្ទាំង។

ក្នុងឱកាសនេះដែរ លោកវេជ្ជបណ្ឌិត គួង ឡូ ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានធ្វើការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកាយវិការសប្បុរសធម៌ដ៏ប្រពៃរបស់អង្គការអាដ្រាកម្ពុជា ដែលបានចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងទប់ស្កាត់ការរីករាលដាល នៃវីរុសកូរ៉ូណា (កូវីដ-១៩) ដោយបានជួយឧបត្ថម្ភ ក្នុងការផ្ដល់ជាសម្ភារៈការពារ និង សម្ភារៈផ្សព្វផ្សាយជាច្រើន ស្របតាមតម្រូវការនាពេលបច្ចុប្បន្ននេះ ដល់មន្ទីរសុខាភិបាលខេត្ត។ លោកថា សម្ភារៈការពារទាំងអស់នេះ នឹងនាំយកទៅផ្ដល់គ្រប់មន្ទីរពេទ្យបង្អែក រហូតដល់មណ្ឌលសុខភាព និងប៉ុស្ដិ៍សុខភាព និងដោយឡែកសម្ភារៈសម្រាប់ផ្សព្វផ្សាយនូវសារអប់រំនឹងបានដល់ប្រជាជននៅក្នុងតំបន់ ដែលគ្រប់ដណ្ដប់ដោយមណ្ឌលសុខភាពទាំងអស់ ក្នុងភូមិ សាស្ដ្រខេត្តព្រះវិហារ។

សូមបញ្ជាក់ជូនដែរថា សម្រាប់ខេត្តព្រះវិហារ គិតមកទល់ពេលនេះ គឺពុំមានករណីពលរដ្ឋខ្មែរណាម្នាក់ផ្ទុកនូវជំងឺកូវីដ១៩ថ្មីឡើយ គឺក្រៅពីពលរដ្ឋខ្មែរពីរនាក់ ដែលវិលត្រឡប់មកពីពិធីបុណ្យសាសនាដ៏ធំមួយនៅប្រទេសម៉ាឡេស៊ីកាលពីពេលថ្មីៗកន្លងទៅនេះ។ ដោយឡែក ក្រោយពីការព្យាបាលពិនិត្យតាមដានយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ អស់រយៈពេល១៤ថ្ងៃ កន្លងមក កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ មន្ទីរសុខាភិបាលខេត្តព្រះវិហារ បានប្រកាសថា បុរសអាយុ ៣៩ឆ្នាំម្នាក់ ក្នុងចំណោមបុរស២នាក់ខាងលើ ដែលមានជំងឺ Covid-19 ពេលនេះបានជាសះស្បើយហើយៗក្រុមគ្រូពេទ្យ ក៏បានអនុញ្ញតអោយគាត់វិលត្រឡប់ទៅផ្ទះជួបជុំក្រុមគ្រួសារវិញផងដែរ៕