អំណោយ​ខោ អាវ ចំនួន​៥​ពាន់ កំ​ប្លេ​ចូលរួម​ក្នុង​យុទ្ធនាការ​ប្រ​ឆាំង​វីរុស កូ​វីដ​-១៩

(​កំពង់ចាម​)៖ ព្រឹក​ថ្ងៃ​សុក្រ ទី ០៣ មីនា ២០២០ នៅ​រោងចក្រ​កាត់​សំលៀកបំពាក់ ដែលមាន​ទីតាំង​ស្ថិតនៅ​ឃុំ ខ្វិត​ធំ ស្រុក ព្រៃឈរ ខេត្តកំពង់ចាម ឯកឧត្តម ខ្លូត ផន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មការ​ប្រយុទ្ធ​វីរុស កូ​វីដ​-១៩ ខេត្តកំពង់ចាម បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់ ទទួល ខោអាវ​សម្រាប់​ក្មេងៗ​ពី​អាយុ ពី ៣​ឆ្នាំ ដល់​៦​ឆ្នាំ​ចំនួន ៥​ពាន់ ក​ប្លេ​ដល់​រដ្ឋបាល​ខេត្តកំពង់ចាម​។

​លោក Shih Sung Pang អគ្គនាយក​ក្រុមហ៊ុន​រោងចក្រ សាន់​ស៊ូ បាន​មានប្រសាសន៍ថា ខោអាវ​ក្មេងៗ​ដែល​បាន​ឧបត្ថម្ភ​ដល់​រដ្ឋបាលខេត្ត​នាឱកាស​នេះ គឺជា​ការរួមចំណែក​មួ​យ​ផ្នែក​ជាមួយ ឯកឧត្តម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម អភិបាលខេត្ត​ដោះស្រាយ​ចំពោះ ដែល​ខេត្ត​បាន​នឹង​កំពុង​ត្រៀមប្រយុទ្ធ​ទៅនឹង​វីរុស កូ​វីដ​-១៩​។ រី​ឯលើ​ផ្នែក​សង្វាក់​ផលិតកម្ម​លោកនាយក​ក្រុមហ៊ុន​រោងចក្រ​បាន​បញ្ជាក់ថា រោងចក្រ​របស់លោក​នៅ​តែ​បន្ត​ការផលិត​ជា​ធម្ម​ត្តា ដោយ​រោងចក្រ​មាន​វត្ថុធាតុដើម​គ្រប់គ្រាន់ និង​ធានាបាន​ដល់​ការផលិត​។ លើ​បញ្ហា​សុខភាព​របស់​បងប្អូន កម្មករ កម្ម​ការី​នី រៀងរាល់​ចេញ ចូលធ្វើ​ការងារ​ដោយ​ឆ្លងកាត់​ការត្រួតពិនិត្យ​ជាប្រចាំ ស្រម​តាម​ការណែនាំ​របស់​រាជ​រដ្ឋាភិបាល និង​ការណែនាំ​របស់​ក្រសួងសុខាភិបាល ដោយ​ប្រើប្រាស់​ម៉ា​ស៊ី​ស្គែ​ន និង​ត្រួត ពិនិត្យ​កម្តៅ​។​

​ឆ្លើយតប​ជាមួយ អគ្គនាយក​ក្រុមហ៊ុន រោងចក្រ និង​បងប្អូន កម្មករ កម្ម​ការី​នី នាឱកាស​នោះ ឯកឧត្តម អ៊ុន ចាន់​ដា ប្រធាន​គណៈកម្មការ​ប្រយុទ្ធ​វីរុស កូ​វីដ​-១៩ និង​ជា​អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម ថ្លែងអំណរគុណ​ដល់​លោក Shih Sung Pang អគ្គនាយក​ក្រុមហ៊ុន រោងចក្រ ដែល​បាន​ផ្តល់នូវ​សំលៀកបំពាក់​ដល់​រដ្ឋបាល​ខេត្ត​នាឱកាស​នេះ ស្រប​ពេលដែល​រដ្ឋបាល​ខេត្ត រដ្ឋបាល​ក្រុង​/​ស្រុក ឃុំ​/​សង្កាត់ កំពុង​យុទ្ធនាការ អប់រំ​សុខភាព​តាម​មូលដ្ឋាន ក្នុងនាម​ក្រុមប្រឹក្សា​ខេត្ត អាជ្ញាធរខេត្ត​និង​ក្នុងនាម​ខ្លួន​ខ្ញុំ​ផ្ទាល់ ខ្ញុំ​នឹង​ចាត់ចែង​នូវ​សំលៀកបំពាក់​ទាំងនេះ​ចែកជូន​បងប្អូន​ដែល​ជួប​ការលំបាក​ដោយផ្ទាល់​ដល់​មូលដ្ឋាន​។​

​ឯកឧត្តម អភិបាលខេត្ត បាន​ផ្តាំផ្ញើ​ដល់​លោកនាយក​ក្រុមហ៊ុន រោងចក្រ​ធ្វើយ៉ាងណា​ត្រូវ​ត្រួត ពិនិត្យ​ជាប្រចាំ​លើ​បញ្ហា​សុខភាព​របស់​បងប្អូន កម្មករ កម្ម​ការី​នី​យើង គឺមាន​សារៈសំខាន់​ណាស់ កាលបើ​សុខភាព​ល្អ​ការផលិត​នឹង​ទទួលបាន​តាម​ការបញ្ជា​ទិញ​ផងដែរ​។ ចំពោះ​បងប្អូន កម្មករ កម្ម​ការី​នី ទាំងអស់​ត្រូវ​គិតគូ​ពី​សុខភាព​ផ្ទាល់ខ្លួន​ជា​ចំបង នោះ​គឺ រស់នៅ​ស្អាត ផឹក​ស្អាត និង​ដេក​ស្អាត ប្រសិនបើ​មាន​បញ្ហា​លើ​ផ្នែក​សុខភាព​ត្រូវ​ទៅកាន់​មណ្ឌល សុខភាព ឬ​មន្ទីរពេទ្យ​ដែល​នៅ​ជិត​បងប្អូន​បំផុត​៕ (​ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តកំពង់ចាម​)