បុរសជនជាតិខ្មែររស់នៅខេត្តសៀមរាបទី២ ដែលបានជាសះស្បើយពីជំងឺកូវីដ-១៩ អនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ !

(សៀមរាប)៖ គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០នេះ នៅកម្ពុជាមានអ្នកជាសះស្បើយពីជំងឺកូវីដ១៩ ចំនួន ៩នាក់បន្ថែមទៀត ក្នុងនោះក៏មានជនជាតិខ្មែរដែលរស់នៅក្នុងខេត្តសៀមរាបមួយរូបផងដែរ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល។

បន្ទាប់ពីបានជាសះស្បើយពីជំងឺកូវីដ១៩ បុរសជនជាតិខ្មែរវ័យ ៤០ឆ្នាំរូបនេះ បានថ្លែងអំណគុណដល់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន ក្រសួងសុខាភិបាល ព្រមទាំងអាជ្ញាធរខេត្តគ្រប់ជាន់ថ្នាក់ ដែលបានពិនិត្យព្យាបាលរូបលោកយ៉ាងយកចិត្តទុកដាក់ រហូតបានជាសះស្បើយ។ ដោយឡែក លោកនឹងនៅតែបន្តដាក់ខ្លួនឲ្យនៅដាច់ដោយឡែក រហូតដល់១៤ថ្ងៃ ទោះបីរូបលោក បានជាសះស្បើយពីជំងឺយ៉ាងណាក៏ដោយ។

លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្ត និងជាប្រធានក្រុមការងារចត្តឡីស័កខេត្តសៀមរាប បានបញ្ជាក់ថា ការស្វែងរកជនជាតិខ្មែរ ដែលបានទៅចូលរួមពិធីសាសនានៅប្រទេសម៉ាឡេស៊ី នាពេលកន្លងមកនោះ ខាងអាជ្ញាធរខេត្ត រួមនឹងគណៈដឹកនាំសាសនាឥស្លាមខេត្ត បានសហការគ្នាយ៉ាងស្អិតរមួត ដើម្បីតាមរកអ្នកពាក់ព័ន្ធដោយផ្ទាល់ និងប្រយោល ក្នុងគោលដៅបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍។

ឯកឧត្តម អែល ណាសៀត គណៈដឹកនាំសាសនាឥស្លាមខេត្តសៀមរាប បានអំពាវនាវដល់សាសនិកឥស្លាមទាំងអស់នៅកម្ពុជា ត្រូវគោរពតាមការណែនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។ ឯកឧត្តម បញ្ជាក់ថា សាសនិកហាមដាច់ខាតមិនត្រូវទៅកន្លែងដែលមានជំងឺឆ្លងទៀតឡើយ តែដោយសារពួកគាត់ មិនបានយល់ដឹងពីជំងឺឆ្លងទាំងនេះ ទើបធ្វើឲ្យពួកគាត់ក្លាយជាជនរងគ្រោះ។

គួរជម្រាបថា បុរសជនជាតិខ្មែរវ័យ៤០ឆ្នាំរូបនេះ បានឆ្លងជំងឺកូវីដ១៩ បន្ទាប់ពីបានទៅចូលរួមពិធីសាសនានៅប្រទេសម៉ាឡេស៊ី។ បន្ទាប់ពីពិនិត្យឃើញថាមានលទ្ធផលវិជ្ជមាន នៃជំងឺកូវីដ១៩ បុរសរូបនេះបានមកសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្ត កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ និងធ្វើតេស្តរកឃើញថាអវិជ្ជមាន នៃជំងឺកូវីដ១៩ ជាច្រើនលើក រហូតដល់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ ក្រសួងសុខាភិបាលបានអនុញ្ញាតឲ្យបុរសរូបនេះចាកចេញពីមន្ទីរពេទ្យបង្អែកខេត្តសៀមរាប៕

អត្ថបទ និង រូបភាព៖ សេង ផល្លី
កែសម្រួលដោយលីវ សុខុន