រដ្ឋបាលស្រុកកំចាយមារ ចុះសួរសុខទុក្ខ និងណែនាំដល់ប្រជាពលរដ្ឋ ដែលមកពីក្រៅប្រទេស 

(ព្រៃវែង)៖ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ លោក សឿង សុជាតិ អភិបាលស្រុកកំចាយមារ និងមានការចូលរួមពីលោកប្រធានក្រុមប្រឹក្សាស្រុក មន្រ្ដីសាលាស្រុក មន្រ្តីការិយាល័យសុខាភិបាលស្រុក លោកមេឃុំ បានចុះសួរសុខទុក្ខដល់ផ្ទះបងប្អូនប្រជាពលរដ្ឋចំនួន១០គ្រួសារ ដែលទើបវិលត្រឡប់មកពីប្រទេសថៃ និងបានណែនាំដល់ពួកគាត់អោយរស់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃសិន និងមិនត្រូវដើរចេញទៅជួប ឬប៉ះពាល់អ្នកទទៃ ឈរនិយាយគ្នាចំងាយ២ម៉ែត្រយ៉ាងតិច ប្រើប្រាស់សម្ភារៈដាច់ដោយឡែកពីក្រុមគ្រួសារ ដើម្បីចូលរួមបង្ការទប់ស្កាត់ការរីករាលដាលជំងឺឆ្លងខូវីត១៩ ។

នាឱកាសនោះដែរ លោក សឿង សុជាតិ ក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋត្រូវអនុវត្តន៍ដូចខាងក្រោម៖ ១. លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុលលាងដៃ ឬអាល់កុលហ្សែល, ២. ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្តាស់ ដោយប្រេីកែងដៃ ឬក្រដាសអនាម័យ រួចបោះចោលក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ , ៣. ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនក្ដៅ ក្អក ឬផ្ដាសាយ, ៤. ជៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់. ៥. បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ, ៦. ស្វាគមន៍ដោយសំពះ ជំនួសការចាប់ដៃ ហើយសម្រាប់ព័ត៌មានបន្ថែម ឬមានករណីសង្ស័យ សូមទំនាក់ទំនងតាមលេខទូរស័ព្ទ ១១៥ ដោយឥតគិតថ្លៃ ។

អ្នកទើបត្រឡប់មកពីចំណាក់ស្រុកទាំង១០គ្រួសារ មានទឹកចិត្តសប្បាយរីករាយ និងសូមអរគុណចំពោះអាជ្ញាធរស្រុកដែលបានយកចិត្តទុកដាក់ ចុះមកសួរសុខទុក្ខពួកគាត់ដល់ខ្នងផ្ទះបែបនេះ និងបានសន្យាថារស់នៅដាច់ដោយឡែករយៈ១៤ថ្ងៃតាមអ្វីដែលលោកអភិបាលលើកឡើង ។

ក្នុងនោះដែររដ្ឋបាលស្រុក ក៏បាននាំមកនូវសម្ភារៈជូនដល់អ្នកមកពីចំណាក់មាន អង្ករ២៥Kg មី១កេស ទឹកសុទ្ធ៤យួរ ដោយឡែក១គ្រួសារមានបងប្អូន៣នាក់ ឧបត្ថម្ភបន្ថែមថវិកា១០០.០០០រៀលផងដែរ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តព្រៃវែង