ពលករមានស្រុកកំណើតក្នុងខេត្តត្បូងឃ្មុំ ថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និងរដ្ឋបាលខេត្តត្បូងឃ្មុំ ចាត់ក្រុមការងារ ទៅដឹកជញ្ជូនយកមកដោយផ្ទាល់ ពីច្រកទ្វារព្រំដែនខេត្តចំនួន០៦ជាប់ព្រំដែនថៃ

(ត្បូងឃ្មុំ)៖ ក្រោយពីប្រទេសថៃបានបិទច្រកទ្វារព្រំដែន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ បានធ្វើឲ្យពលករកម្ពុជា បានធ្វើដំណើរត្រឡប់ចូូូលមកស្រុកកំណើតរបស់ខ្លួនវិញ តាមច្រកព្រំដែននានា ដែលជាប់នឹងប្រទេសថៃ។

ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានបែងចែកក្រុមការងារ ដោយចាត់វិធានការនានាយ៉ាងម៉ត់ចត់បំផុត ដើម្បីគ្រប់គ្រងសភាពការណ៍ បង្ការ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងភូមិសាស្រ្តខេត្តត្បូងឃ្មុំ។ ដោយក្នុងនោះអ្នកផ្ទុកវីរុសកូវីដ១៩ ចំនួន០៤នាក់ ក៍បានជាសះស្បើយទាំង០៤នាក់ផងដែរ ដោយទទួលបានការព្យាបាលយ៉ាងយកចិត្តទុកដាក់បំផុត ពីមន្ត្រីសុខាភិបាល ក្រោមកិច្ចគាំទ្រយ៉ាងពេញទំហឹង ពីសំណាក់ឯកឧត្តមបណ្ឌិត អភិបាលខេត្ត។

ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានចាត់បែងចែកក្រុមការងារ ឲ្យធ្វើដំណើរទៅកាន់ខេត្តចំនួន០៦រួមមាន ខេត្តបាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ ប៉ៃលិន និងខេត្តកោះកុង ដែលមានព្រំដែនជាប់ប្រទេសថៃ ដើម្បីទៅទទួលដឹកជញ្ជូនពលករដោយផ្ទាល់ មានផ្ទះសម្បែង និងស្រុកកំណើតក្នុងខេត្តត្បូងឃ្មុំ ដោយចូលរួមសហការយ៉ាងល្អជាមួយអាជ្ញាធរ មន្ត្រីជំនាញ សមត្ថកិច្ចពាក់ព័ន្ធ​នៅខេត្ត​​​​​ទាំង០៦។

កាលពីពេលកន្លងទៅ ក្នុងកិច្ចប្រជុំបែងចែកក្រុមការងារដែលចុះទៅដឹកជញ្ជូនដោយផ្ទាល់នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងពីគោលបំណងរួម ដើម្បីសម្រួលថ្លៃធ្វើដំណើររបស់បងប្អូនពលករ ដោយរដ្ឋបាលខេត្តជាអ្នកធានារ៉ាប់រងលើការចំណាយទាំងអស់, ធ្វើការបញ្ជ្រាបការយល់ដឹង វិធានការនានាពាក់ព័ន្ធនឹងជំងឺកូវីដ១៩, ងាយស្រួលធ្វើតេស្តសុខភាពភ្លាមៗស្វែងរកសញ្ញាណនៃរោគសញ្ញាជំងឺកូវីដ១៩, បើសិនធ្វើតេស្តមានវិជ្ជមាន ងាយស្រួលក្នុងការទប់ស្កាត់ឲ្យបានទាន់ពេលវេលា ការឆ្លងបន្តក្នុងការធ្វើដំណើរ ក៍ដូចជានៅឯស្រុកកំណើត, ងាយស្រួលតាមសង្កេតពលករចំពោះការដាក់ឲ្យនៅដាច់ដោយឡែកចំនួន១៤ថ្ងៃ រាប់ចាប់ពីថ្ងៃចូលមកកម្ពុជាវិញ ក៍ដូចជាបន្តតាមដានសុខភាពរបស់ពួកគាត់នៅផ្ទះសម្បែងដែលរស់នៅ។

ជាការឆ្លើយតប បងប្អូនពលករទាំងអស់ បានសម្តែងក្តីរំភើបរីករាយ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះសម្តេចតេជោ ហ៊ុនសែន ប្រមុខនៃកម្ពុជា ថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ រដ្ឋបាលខេត្តត្បូងឃ្មុំ និងក្រុមការងារទាំងអស់ ដែលបានរួមសហការទទួលយ៉ាងកក់ក្តៅបំផុតតាំងពីច្រកទ្វារព្រំដែន រហូតដល់ភូមិឋានស្រុកកំណើតរបស់ខ្លួន នាខេត្តត្បូងឃ្មុំ។

ដោយឡែកនាយប់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ចេង ប៊ុណ្ណារ៉ា អភិបាលរងខេត្តត្បូងឃ្មុំ តំណាងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណអភិបាលខេត្ត បានចុះសំណេះសំណាល ទទួលការមកដល់របស់បងប្អូនពលករមកពីប្រទេសថៃ នៅស្រុកអូររាំងឱ ផងដែរ។

សូមជម្រាបថា គិតត្រឹមយប់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ ពលករវិលត្រឡប់ពីក្រៅប្រទេសមកកម្ពុជា ចូលមកខេត្តត្បូងឃ្មុំ សរុបមានចំនួន ១,៨៨២នាក់ ស្រី៧៩៧នាក់ កើនលើសម្សិលមិញ ៩៣នាក់។

ក្នុងនោះមកពីប្រទេសថៃចំនួន ១,៥៥៣នាក់ ស្រី៦៥២នាក់, ម៉ាឡេស៊ីចំនួន ១៩២នាក់ ស្រី៧៧នាក់, ប្រទេសកូរ៉េ ចំនួន៥០នាក់ ស្រី១៦នាក់ និងប្រទេសចិន ចំនួន៤០នាក់ ស្រី៣៣នាក់៕ ដោយ៖ មន្ទីរព៍ត៌មានខេត្តត្បូងឃ្មុំ