រដ្ឋបាលស្រុកពោធិ៍រៀងចុះផ្សព្វផ្សាយអំពីវិធីការពារ ទប់ស្កាត់ជំងឺ Covid 19 ដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន

(ព្រៃវែង)៖ នៅព្រឹកថ្ងៃទី ២ ខែមេសា ឆ្នាំ២០២០ លោក យស់ ស៊ីណាត អភិបាលស្រុកពោធិ៍រៀង ដោយអនុតាមការណែនាំរបស់ ឯកឧត្តម ជា សុមេធី អភិបាលខេត្ត បានដឹកនាំក្រុមការងារ ភូមិ ឃុំ ចុះអប់រំផ្សព្វផ្សាយអំពីវិធានការ ការពារ ទប់ស្កាត់ និងបង្ការការចម្លងជំងឺកូវីដ១៩ តាមរយៈការផ្សព្វផ្សាយសារអប់រំរបស់ក្រសួងសុខាភិបាល និងចែកប៉ូស្ទ័រពីវិធី ការពារ របៀបអនាម័យខ្លួនប្រាណ ដើម្បីកាត់បន្ថយការឆ្លងរីករាលដាលនូវជំងឺកូវិដ១៩ ដល់ប្រជាពលរដ្ឋ។

លោក អភិបាលស្រុក ក៏បានលើកឡើងដែរថាការចុះផ្សព្វផ្សាយនេះ គឺក្នុងគោលបំណងដើម្បីបញ្ជ្រាបព័ត៌មានដល់បងប្អូនប្រជាពលរដ្ឋ ឲ្យគាត់បានយល់ដឹងកាន់តែច្បាស់អំពីវិធានការ ការពារ ទប់ស្កាត់ អំពីការរីករាលដាលនៃជំងឺ Covid 19 ដែលកំពុងតែឆ្លង មកប្រទេសកម្ពុជាយើងនេះ។ ជាពិសេសក្រុមគ្រួសារ ដែលមានបងប្អូន កម្មករចំណាកស្រុកនៅក្រៅទេសដើម្បីឲ្យគាត់យល់ដឹងអំពីបញ្ហា នៃជំងឺកូវីដ ១៩ នឹងឲ្យគាត់បានយល់អំពីការឆ្លងនៃវីរ៉ុសនេះយ៉ាងម៉េច និងរយៈពេលនៃការចេញ រោគសញ្ញាយ៉ាងមិច។ ហើយនៅពេលដែលគាត់ត្រឡប់មកត្រូវដាក់គាត់ដាច់ដោយឡែកចំនួន ១៤ ថ្ងៃ ពីក្រុមគ្រួសារ នៅពេលគាត់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ហើយគ្រូពេទ្យពិនិត្យសុខភាពគាត់ថាមិនមានជំងឺកូវីដនោះទេ ទើបអនុញ្ញាតអោយគាត់ទៅជួបជុំគ្រួសារវិញ។

អភិបាលស្រុក ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នៃស្រុកពោធិ៍រៀង ត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលមានដូចជា៖ ១. លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុលលាងដៃ ឬអាល់កុលហ្សែល, ២. ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្តាស់ ដោយប្រេីកែងដៃ ឬក្រដាសអនាម័យ រួចបោះចោលក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ, ៣. ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនក្ដៅ ក្អក ឬផ្ដាសាយ, ៤. ជៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់, ៥. បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ, ៦. ស្វាគមន៍ដោយសំពះ ជំនួសការចាប់ដៃ។

បើយោងតាមរបាយការណ៍របស់មន្ទីរសុខាភិបាលខេត្តព្រៃវែង បានបញ្ជាក់ថា លទ្ធផលសំណាករបស់មន្ទីរសុខាភិបាលខេត្តព្រៃវែងចំនួន ១២ នាក់ ដែលបានយកសំណាកទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទរ័កាលពីរសៀលថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២០ មន្ទីរសុខាភិបាលបានទទួលលទ្ធផលនៅព្រឹកថ្ងៃទី ០២ខែមេសាឆ្នាំ២០២០ គឺ អវិជ្ជមានទាំង ១២ នាក់ ។ ដូច្នេះគិតមកដល់ត្រឹមព្រឹកថ្ងៃទី ០២ខែមេសា ឆ្នាំ២០២០ នេះ នៅទូទាំងខេត្តព្រៃវែងយើងមិនទាន់មានជម្ងឺ COVID-19 នៅឡើយទេ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តព្រៃវែង