ប្រជាពលរដ្ឋកម្ពុជា និងវៀតណាម ត្រូវបានហាមឃាត់ធ្វើដំណើរឆ្លងកាត់ទៅមក ខណៈរថយន្តដឹកទំនិញដោះដូរតាមច្រកទ្វារព្រំដែន ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ នៅតែដំណើរការជាធម្មតា

(ត្បូងឃ្មុំ)៖ បន្ទាប់ពីស្ទើរគ្រប់ប្រទេសក្នុងពិភពលោក បានផ្ទុះការរីករាលដាលជំងឺកូវីដ១៩ តាមច្រកទ្វារព្រំដែននៅតាមប្រទេសនីមួយៗត្រូវបានផ្អាក និងបិទមួយរយៈ ដូចទៅនឹងកម្ពុជាដូចគ្នា ច្រកទ្វារពំ្រដែនថៃ និងវៀតណាម ជាប់ជាមួយកម្ពុជា ត្រូវបានបិទដូចគ្នា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺគូវីដ១៩ ។

ដោយឡែកក្នុងខេត្តត្បូងឃ្មុំ ដែលមានច្រកព្រំដែនធំៗចំនួន០៦ និងច្រកតូចៗ ក៍ត្រូវបានបិទដូចគ្នា ប៉ុន្តែក្រោមការយកចិត្តទុកដាក់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រសួងស្ថាប័នពាក់ព័ន្ធ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានជួយសម្រួលភ្លាមៗឲ្យដំណើរការដឹកជញ្ជូនទំនិញ និងកសិផល នៃប្រជាជនប្រទេសទាំង២ បានប្រព្រឹត្តិទៅបានជាបន្តទៀត ប៉ុន្តែចំពោះការធ្វើដំណើរឆ្លងកាត់ទៅមកនៃប្រជាជនកម្ពុជាវៀតណាម ដាច់ខាតមិនអនុញ្ញាតនោះឡើយ។

បើតាមលោក ផាន់ គឹមសន ប្រធានច្រក លោក អ៊ួន សុវណ្ណារ៉ា មេគយប្រចាំច្រក លោក ស្រេង គា អនុប៉ុស្តិ៍ប្រចាំច្រកនៃច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ក្នុងស្រុកពញាក្រែក លោក មួន សុភាព ប្រធានច្រក និងលោកទី ចាន់ ធួន មេប៉ុស្តិ៍នៅច្រកទ្វារទ្វេភាគីដារ ក្នុងស្រុុកមេមត់ បានថ្លែងប្រាប់ក្រុមការងារទូរទស្សន៍ជាតិខេត្តត្បូងឃ្មុំ ឲ្យដឹងដូចគ្នាថា សម្រាប់ប្រជាជនកម្ពុជា និងវៀតណាម ត្រូវបានបិទ មិនអនុញ្ញាតអោយធ្វើដំណើរចេញ-ចូល ឆ្លងកាត់នោះទេ។

ប៉ុន្តែក្នុងករណី បើសិនមានប្រជាជនវៀតណាមក្នុងប្រទេសកម្ពុជា និងប្រជាជនកម្ពុជានៅប្រទេសវៀតណាម គឺត្រូវបានបើកឲ្យចូលទៅកាន់ប្រទេសរបស់ខ្លួនវិញបាន ប៉ុន្តែបន្ទាប់ពីឆ្លងកាត់ចូលហើយ ត្រូវបានមន្ត្រីជំនាញណែនាំពីចំណេះដឹង ពាក់ព័ន្ធការថែរក្សាអនាម័យពាក់ម៉ាស់ លាងសម្អាតដៃ មិនត្រូវជួបជុំ និងត្រូវដាក់ខ្លួនឲ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ រាប់ចាប់ពីចូលប្រទេសខ្លួនវិញដូចគ្នាផងដែរ។

ចំពោះដំណើរការចរាចរណ៍ទំនិញទៅមកជាប្រក្រតីដូចធម្មតា គឺចាប់ពីម៉ោង៧ព្រឹក រហូតដល់ម៉ោង៥ល្ងាច ដោយអនុញ្ញាតទៅតាមនីតិវិធីដូចខាងក្រោម៖

+ចំពោះសកម្មភាពដឹកចេញទៅវៀតណាម គឺរថយន្តអនុញ្ញាតឲ្យចូលដោយដោះដូរអ្នកបើកបរនៅតំបន់ ស ដោយមានការបាញ់អាកុលទៅលើឡាន សម្លាប់មេរោគ ពីមន្ត្រីចតាលីស័ក
+ចំពោះសកម្មភាពដឹកចូលក្នុងកម្ពុជា គឺរថយន្តដឹករបស់វៀតណាម ត្រូវសាងទំនិញនៅតំបន់ ស ដូចគ្នា ក្នុងនោះមាន២វិធី ដោយរថយន្តសណ្តោងរ៉ឺម៉កដឹកទំនិញវៀតណាម ត្រូវមកដោះដូរក្បាលរថយន្តសណ្តោង រីឯរថយន្តដែលមិនមានសណ្តោងរ៉ឺម៉ក ត្រូវប្តូរតៃកុងរថយន្ត។

មន្ត្រីជំនាញនៅប្រចាំច្រកទាំង២ ឲ្យដឹងទៀតថាការដោះដូរទំនិញនៅតាមច្រកទ្វារព្រំដែនគឺនៅជាធម្មតាគ្រាន់តែយូរជាងមុនព្រោះថា ត្រូវឆ្លងកាត់ដំណាក់មួយចំនួនដូចបានជម្រាបជូនខាងលើ។

ចំពោះកសិផលកម្ពុជាដែលដឹកទៅវៀតណាម តាមច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង និងច្រកទ្វារទ្វេភាគីដារភាគច្រើនគឺជាដំឡូងមី ក៍ដូចជាបន្លែ និងផ្លែឈើមានស្វាយចន្ទី ស្វាយកែវរមៀតជាដើម។

ដោយឡែកខាងវៀតណាមវិញទំនិញដែលដឹកចូលមកកម្ពុជាភាគច្រើនគឺចំណីសត្វ ថ្នាំសម្លាប់សត្វល្អិត ជីគីមី ព្រមទាំងឥវ៉ាន់ចាប់ហ៊ួយមួយចំនួន ជាដើមផងដែរ។

សូមជម្រាបថា ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ជាប់ប្រទេសវៀតណាម ក្រៅពីច្រករបៀងតូចៗ មានច្រកទ្វារធំៗចំនួន០៦ សម្រាប់ចរាចរណ៍ដោះដូរទំនិញ រួមមាន៖
-ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង
-ច្រកទ្វារព្រំដែនទ្វេរភាគីដារ
-ច្រកទ្វារព្រំដែនទន្លេចាម -ជាំក្រវៀន
-ច្រកទ្វារតំបន់ព្រំដែនដូនរ័ត្ន
-ច្រកទ្វារតំបន់ព្រំដែនទន្លូង
-ច្រកទ្វារតំបន់ព្រំដែនចាន់មូល៕

ដោយ៖ មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ