ក្រុមគ្រូពេទ្យសម្តេចតេជោ ចុះផ្សព្វផ្សាយ ពីវិធានការ ការពារជំងឺកូរ៉ូណាវីរុស COVID-19 ដល់គ្រួសារកងទ័ព និងកូនចៅប្រជាពលរដ្ឋ ដែលទើបវិលត្រឡប់មកពីថៃ នៅទិសទី១ ប្រាសាទព្រះវិហារ !

(ព្រះវិហារ)៖ ដំណើរចុះពិនិត្យ ផ្សព្វផ្សាយ និងណែនាំ អំពី វិធានការការពារជំងឺ COVID-19 របស់ក្រុមគ្រូពេទ្យ សម្តេចតេជោ នៅស្រអែម នោះ គឺបានធ្វើឡើងក្រោមការគាំទ្រ និងកិច្ចសហការណ៍ល្អ ពីមេបញ្ជាការរងកងពលធំអន្តរាគមន៍លេខ៣ និងជាអនុប្រធានក្រុមការងារ ចុះជួយស្រុកជាំក្សាន្ត លោកឧត្តមសេនីយ៍ទោ ជូ តុងអាន និងអាជ្ញាធរប្រចាំមូលដ្ឋាន កាលពីថ្ងៃទី៣០មីនាឆ្នាំ២០២០ នៅទិសទី១ ប្រាសាទព្រះវិហារ ស្ថិតនៅក្នុងភូមិ ចំបក់សែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ជាប់ព្រំដែនកម្ពុជា-ថៃ ។

ក្រុមគ្រូពេទ្យសម្តេចតេជោសែន ដែលដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី នូ សារិន វេជ្ជបណ្ឌិតនៃមន្ទីរពេទ្យ សម្តេចតេជោស្រអែម រួមនឹងក្រុមការងារ បានចុះទៅដល់ផ្ទះប្រជាពលរដ្ឋ និងគ្រួសារកងទ័ព នៅក្នុងមូលដ្ឋាននោះ ហើយបានធ្វើការពិនិត្យ វាស់កំដៅ ព្រមទាំងបានផ្សព្វផ្សាយ នូវវិធានការការពារមេរោគកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេស អនុសាសន៍ដ៏ខ្ពង់ខ្ពស់ សម្តេចតេជោសែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

សេចក្តីណែនាំនោះ តម្រូវអោយប្រជាពលរដ្ឋ រួមគ្នាបង្ការ និងទប់ស្កាត់ ការរាតត្បាតមេរោគកូវីដ១៩ ដល់គ្រួសារយុទ្ធជន បងប្អូនប្រជាពលរដ្ឋ ក៏ដូចជា បងប្អូនកូនចៅ គ្រូសារកងទ័ព ដែលទើបវិលត្រឡប់មកពីក្រៅប្រទេស និងតំបន់ផ្សេងៗគ្នា នៅក្នុងប្រទេសកម្ពុជា ត្រូវមានការប្រុងប្រយ័ត្នអោយបានខ្ពស់ ចំពោះសុខភាព និងការរស់នៅ ត្រូវមានអនាម័យល្អ ត្រូវលាងដៃនឹងសាប៊ូ អាល់កុល និងចឹលទឹកអនាម័យ អោយបានញឹកញាប់ ត្រូវសំអាតបរិវេណផ្ទះ និងកន្លែងរស់នៅអោយបានគ្រប់ៗគ្នា ជាប្រចាំ។

លោកវេជ្ជបណ្ឌិត នូ សារិន បានផ្សព្វផ្សាយបន្ថែម ដល់ប្រជាពលរដ្ឋ និងគ្រួសារកងទ័ព ត្រូវអនុវត្តតាមការណែនាំរបស់ ក្រសួងសុខាភិបាល ពិសេស អនុសាសន៍ដ៏ខ្ពងខ្ពស់ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ខាងលើ ដើម្បីបង្ការ និងទប់ស្កាត់បាន ពីការឆ្លងរីករាលដាលជំងឺកូវីដ១៩ ពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត នៅក្នុងមូលដ្ឋានរស់នៅ។ លោកថា នៅគ្រាបច្ចុប្បន្ន ជំងឺដ៏កាចសាហាវនេះ កំពុងបន្តឆ្លង និងរាតត្បាតនៅទូទាំងសកលលោក បូករួមទាំងកម្ពុជា យើងផងដែរ តែកម្ពុជា ពុំទាន់មានអ្នកស្លាប់នឹងជំងឺកូវីដ១៩នេះនៅឡើយទេ។

លោកឧត្តមសេនីយ៍ទោ ជូ តុងអាន បានស្នើដល់កូនចៅប្រជាពលរដ្ឋ និងគ្រួសារកងទ័ព ដែលទើបវិលត្រឡប់មកពីក្រៅប្រទេសទាំងអស់ ប្រសិនបើមានអាការៈ ក្តៅខ្លួន ក្អក ឬ ហៀរសំបោរខុសធម្មតា ត្រូវស្នាក់នៅដាច់ដោយឡែក ពីគេនិងក្រុមគ្រួសារ ក្នុងរយះពេល១៤ថ្ងៃសិន ហើយត្រូវប្រញាប់ទៅកាន់មណ្ឌលសុខភាព ឬ មន្ទីរពេទ្យ សុំការប្រឹក្សាយោបល់ ពីក្រុមគ្រូពេទ្យ ដើម្បីពិនិត្យ និងព្យាបាលអាការៈរោគនោះ។ លោកថា ក្រោយការពិនិត្យ និងព្យាបាលរួចហើយ ក្រុមពេទ្យបញ្ជាក់ថា គ្មានការកើតឡើង នៃជំងឺកូវីដ១៩ នោះទេ ទើបអាចរស់នៅជាមួយក្រុមគ្រួសារ និងញ្ញាតិមិត្ត បងប្អូន ឬ ឪពុកម្តាយបានដូចដើម។ លោកឧត្តមសេនីយ៍ បញ្ជាក់ថា ការធ្វើបែបនេះ ដើម្បីរួមគ្នាបង្ការ និងទប់ស្កាត់ ការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ បាន៕