សាខាកាកបាទក្រហមកម្ពុជាខេត្ត ចុះផ្សព្វផ្សាយអំពីវិធីការពារ ទប់ស្កាត់ជំងឺ Covid 19 ដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន

(ព្រៃវែង)៖ នៅព្រឹកថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២០ ឯកឧត្តមឧកញ៉ា សុខ ផេង អនុប្រធានអចិន្ដ្រៃយ៍គណៈកម្មាធិការសាខា តំណាងឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្ត បានដឹកនាំមន្រ្តីក្រុមប្រតិបត្តិសាខា ក្រុមការងារអនុសាខាស្រុក យុវជនកក្រក និងអ្នកស្ម័គ្រចិត្ត បានចុះអប់រំផ្សព្វផ្សាយអំពីវិធានការ ការពារ ទប់ស្កាត់ និងបង្ការការចម្លងជំងឺកូវីដ១៩ តាមរយៈការផ្សព្វផ្សាយសារអប់រំរបស់ក្រសួងសុខាភិបាល និងបិទប៉ុស្ទ័រពីវិធីការពារ របៀបអនាម័យខ្លួនប្រាណ ដើម្បីកាត់បន្ថយហានិភ័យពីការឆ្លងរីករាលដាលនូវជំងឺកូវិដ១៩ តាមទីសាធារណៈ និងបង្រៀនរបៀបលាងដៃអោយត្រឹមត្រូវ នៅតាមខ្នងផ្ទះនៅស្រុកស្វាយអន្ទរ និងស្រុកស៊ីធរកណ្ដាល ។ សាខាកាកបាទក្រហមកម្ពុជា បាននិងកំពុងបន្តសកម្មភាពចុះផ្សព្វផ្សាយនេះដល់បងប្អូនប្រជាពលរដ្ឋទូទាំង ១៣ ក្រុង ស្រុក នៃខេត្តព្រៃវែង។

ក្នុងឱកាសដែលឯកឧត្តម ឧកញ៉ា សុ ផេង អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការសាខាខេត្ត ក៏បានពាំនាំនូវ សេក្តីនឹករលឹក របស់សម្ដេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់កាលៈទេសៈ គ្រប់ពេលវេលា គ្រប់ទីកន្លែង ដោយមិនប្រកាន់ ពូជសាសន៍ពណ៌សម្បុរនិន្នាការនយោបាយអ្វីឡើយ។ ជាពិសេស ដោយបច្ចុប្បន្ននេះមានការរីករាលដាលឆ្លងនៅ ជំងឺ Covid19 មកដល់ ប្រទេសកម្ពុជាយើងនេះ សម្ដេចប្រធានក៏សូមផ្ដាំផ្ញើដល់ប្អូនប្រជាពលរដ្ឋ ត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ឲ្យបានជាប់ជាប្រចាំ ដើម្បីការពារ និងទប់ស្កាត់កុំឱ្យមានការឆ្លងមកក្រុមគ្រួសាររបស់យើង។

ឯកឧត្តម ឧកញ៉ា ក៏បានលើកឡើងដែរថាការចុះផ្សព្វផ្សាយនេះគឺក្នុងគោលបំណងដើម្បីបញ្ជ្រាបព័ត៌មានដល់បងប្អូនប្រជាពលរដ្ឋ ឲ្យគាត់បានយល់ដឹងកាន់តែច្បាស់អំពីវិធានការ ការពារ ទប់ស្កាត់ អំពីការរីករាលដាលនៃជំងឺ Covid 19 ដែលកំពុងតែឆ្លង មកប្រទេសកម្ពុជាយើងនេះ។

ឯកឧត្តម ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមអនុវត្តវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ (Covid-19) ដូចខាងក្រោម៖ ១. លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុលលាងដៃ ឬអាល់កុលជែល, ២. ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្តាស់ ដោយប្រេីកែងដៃ ឬក្រដាសអនាម័យ រួចបោះចោលក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ, ៣. ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនក្ដៅ ក្អក ឬផ្ដាសាយ, ៤. ជៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់, ៥. បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ និង៦. ស្វាគមន៍ដោយសំពះ ជំនួសការចាប់ដៃ សម្រាប់ព័ត៌មានបន្ថែម ឬមានករណីសង្ស័យ សូមទំនាក់ទំនងតាមលេខទូរស័ព្ទ ១១៥ ដោយឥតគិតថ្លៃ ។

ក្នុងការចុះផ្សព្វផ្សាយ អំពីវិធានការ ការពារ ទប់ស្កាត់ នៃជំងឺ Covid 19 នោះផងដែ សាខា បានផ្តល់ជូននូវសម្ភារៈដល់ អនុសាខានីមួយៗទទួលបាន៖ អាល់កុល ៨លីត្រ ផុស្ទ័រ ១៥សន្លឹក សាប៊ូ ៨ដុំតូច។

ក្នុងនោះដែគ្រួសារដែលបានទទួលការផ្សព្វផ្សាយពីជំងឺកូវីដ១៩ ដែលមានជីវភាពខ្វះខាត ទាំងពីស្រុកមានចំនួន ៤០ គ្រួសារ សាខាក៏បានផ្តល់ជូន អង្ករ ២៥គ.ក ត្រី ខ ១យួរ សាប៊ូ ១ដុំ និងអាវចំនួន ៥។ អ្នកស្ម័គ្រចិត្តទទួលបាន៖ អាល់កុល ២៥០ml និងសាប៊ូ ១ដុំ នោះផងដែ៕ ដោយ៖ មន្ទីរព័មានខេត្តព្រៃវែង