អភិបាលខេត្តកំពតណែនាំក្រើនរំលឹកដល់ អាជ្ញាធរ ក្រុង ស្រុកក្នុងខេត្ត ត្រូវរួមគ្នាបន្តតាមដានសភាពការណ៍រួមការងារទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ១៩

(កំពត)៖ មានប្រសាសន៍ក្នុងកិច្ចប្រជុំគណៈអភិបាលខេត្ត និងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត តាមរយៈធ្វើការ online ដែលមាន ការភ្ជាប់ប្រព័ន្ធរវាងអាជ្ញាធរក្រុង ស្រុកទាំងប្រាំបី និងមន្ទីរអង្គភាពជុំវិញខេត្ត ជាមួយនឹងកិច្ចប្រជុំដោយមានការចូលរួមសមាសភាពពីគណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត និងអង្គភាពចំណុះសាលាខេត្ត កាលពីព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០នាសាលប្រជុំសាលាខេត្ត ឯកឧត្តមឯកឧត្តមជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានក្រើនរំលឹកណែនាំដល់អាជ្ញាធរ ក្រុង ស្រុក ទាំងអស់ ក្រៅពីសភាពការណ៍រួមទាំងការងសរសន្តិសុខសណ្តាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋាន ត្រូវបង្កើនកិច្ចបន្តខិតខំជំរុញការតាមដាន និងក្តាប់រាល់សភាពការណ៍រួមទូទៅឱ្យបាន ច្បាស់លាស់ ក៏ដូចជាការវិលត្រឡប់មកវិញ របស់ប្រជាពលរដ្ឋចំណាកស្រុកមករស់នៅក្នុងមូលដ្ឋាន។

ជាមួយការតាមដានសភាពការណ៍ទូទៅ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំឱ្យមានការរួមដៃគ្នាខិតខំបន្តជំរុញ ការអប់រំផ្សព្វផ្សាយណែនាំដល់ប្រជាពលរដ្ឋ ក្នុងការពង្រឹងស្មារតីសតិអារម្មណ៍ឱ្យមានការយកចិត្តទុកដាក់ខ្ពស់ និងជំនឿទុកចិត្តចំពោះចំណាត់ការរបស់ប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោហ៊ុន សែន ក៏ដូចជាវិធានការអបរំផ្សព្វផ្សាយរបស់ក្រសួងសុខាភិបាលដើម្បីការពារទប់ស្កាត់ជំងឺកូវីដ១៩ កុំឲ្យមានការឆ្លងរីករាលដាលក្នុងសហគមន៍មូលដ្ឋាន។

ឯកឧត្តមជាវ តាយអភិបាលខេត្ត ក៏បានបញ្ជាក់ទៀតថា បច្ចុប្បន្នស្របពេលដែលបញ្ហាជំងឺឆ្លងកូវីដ១៩កំពុងរីករាលដាលជាសកល ការគ្រប់គ្រងសភាពការណ៍រួមទូទៅគឺជាការងារសំខាន់សម្រាប់រដ្ឋបាលដែនដីក្នុងការយកចិត្តទុកដាក់គ្រប់គ្រងឲ្យបានល្អ ពិសេសអាជ្ញាធរក្រុង ស្រុកត្រូវតែបង្កើនការជំរុញយកចិត្តទុកដាក់បន្តតាមដានសភាពការណ៍បញ្ហាប្រឈមនានានោះក្នុងមូលដ្ឋានពិសេសការងារប្រយុទ្ធទប់ស្កាត់ការរីករាលដាលនៃជំងឺ ឆ្លងកូវីដ១៩នេះដែលជាជំងឺរាតត្បាតសកល។

ឯកឧត្តម អភិបាលខេត្ត ក៏បានក្រើនរំលឹកណែនាំ បន្ថែមទៀតផងដែរ ដល់មន្ទីរអង្គភាព អាជ្ញាធរពាក់ព័ន្ធទាំងអស់នៅតាមភូមិសាស្ត្ររៀងៗខ្លួនខិតខំប្រឹងប្រែងធ្វើការដោយយកអស់កម្លាំងកាយចិត្តធ្វើយ៉ាងណាបម្រើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ជាពិសេសសកម្មភាពក្នុងការចុះផ្សព្វផ្សាយព័ត៌មាន អំពីការការពារទប់ស្កាត់ការរីករាលដាលនៃជំងឺ កូវីដ១៩ ដល់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានឲ្យបានល្អប្រសើរថែមទៀត។

ឯកឧត្តមក៏ បានណែនាំផងដែរ ដល់កងកម្លាំងទាំងបី អាជ្ញាធរ ក្រុង ស្រុក ទាំងអស់ត្រូវបន្ត ខិតខំប្រឹងប្រែង តាមដាន និងក្តាប់ឱ្យបាន រាល់ការ វិលត្រឡប់ចូលស្រុករបស់បងប្អូនប្រជាពលរដ្ឋដែលគាត់បានធ្វើចំណាកស្រុកទៅធ្វើការនៅឯក្រៅប្រទេស ឬកន្លែងផ្សេងៗក្តី ត្រូវធ្វើការផ្សព្វផ្សាយណែនាំ អំពីវិធីការពារ និងទប់ស្កាត់អំពីបញ្ហា នៃការ រីករាលដាលនៃជំងឺ កីវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល។

សូមបញ្ជាក់ថា កិច្ចប្រជុំនេះដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺកូវីដ១៩ដូចជាការកាត់បន្ថយពេលវេលានិងការចំណាយច្រើនក្នុងការធ្វើដំណើរ រដ្ឋបាលខេត្តកំពតបាន ដំណើរការកិច្ចប្រជុំ គណៈអភិបាលខេត្តនិងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តជាលើកដំបូងតាមរយៈធ្វើការ online ដែលមានការតភ្ជាប់ពីក្រុងស្រុកទាំងប្រាំបីនិងបណ្ដាមន្ទីរអង្គភាពជំនាញជុំវិញខេត្ត៕ ដោយ៖ មន្ទីរព័ត៌មានខេត្តកំពត