អំណោយធុងបាញ់ថ្នាំកម្ចាត់មេរោគ ៣០គ្រឿង ពីក្រុមហ៊ុន ខាងស៊ាងលី បានប្រគល់ជូនរដ្ឋបាលខេត្តកំពង់ចាម

(កំពង់ចាម)៖ អំណោយធុងបាញ់ថ្នាំសម្លាប់មេរោគ (កូវិដ-19) ចំនួន ៣០គ្រឿង ពីក្រុមហ៊ុន ខាងស៊ាងលី បានប្រគល់ជូនរដ្ឋបាល ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៣០ មីនា ឆ្នាំ២០២០ ក្រោមការអញ្ជើញទទួល ពីឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និង អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជម្ងឺ កូវីដ១៩ ខេត្តកំពង់ចាម និងឯកឧត្ដម លោកជំទាវអភិបាលរងខេត្ត ព្រមទាំង មន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត ផងដែរ ។

ក្នុងនាមអាជ្ញាធរខេត្ត និងប្រជាពលរដ្ឋ ទូទាំងខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងនូវអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះ ទឹកចិត្តសប្បុរសធម៌ របស់ក្រុមហ៊ុន ខាងស៊ាងលី ដែលបានជួយឧបត្ថម្ភ នូវសម្ភារៈ ជាធុងបាញ់ថ្នាំ ដ៏មានសារៈសំខាន់នេះ សម្រាប់ប្រើប្រាស់ ដើម្បី កំចាត់មេរោគ កូវីដ-១៩ ស្របតាមទៅស្ថានភាពបច្ចុប្បន្ន ដែលអាជ្ញារធរ សមត្ថកិច្ច និងអង្គភាពពាក់ព័ន្ធ កំពុងនាំគ្នាធ្វើសកម្មភាព ប្រយុទ្ធប្រឆាំងយ៉ាងសកម្មបំផុតនោះ ជាពិសេស វាបានចូលរួមចំណែកបំពេញនូវសេចក្ដីការចាំបាច់ របស់អាជ្ញាធរខេត្ត យកទៅប្រើប្រាស់ក្នុងយុទ្ធនាការប្រឆាំងទប់ស្កាត់ការរីករាលដាល នៃមេរោគដ៏កាចសាហាវ មួយនេះ នៅក្នុងខេត្តកំពង់ចាមរបស់យើង ។

សូមបញ្ជាក់ផងដែរថា បន្ទាប់ពីការប្រគល់ទទួលនូវសម្ភារៈ ពីក្រុមហ៊ុនខាងលើ ឯកឧត្តមអភិបាលខេត្ត ក៏បានអញ្ជើញប្រគល់ធុងបាញ់ថ្នាំ ទាំងអស់នោះ បន្តទៅដល់អង្គភាពនានា ក្នុងខេត្ត ដែលរួមមាន ៖ ១.តំបន់ប្រតិបត្តិការសឹករងខេត្ត ២.ស្នងការនគរបាលខេត្ត ៣.កងរាជអាវុធហត្ថខេត្ត ៤.ពន្ធធនាគារខេត្ត ៥.មន្ទីរសុខាភិបាលខេត្ត និង៥.រដ្ឋបាលខេត្តកំពង់ចាម ផងដែរ ៕ សារ៉ាត