គណ:ប្រតិភូខេត្តអញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ចាន់ សារឿន សមាជិកក្រុមប្រឹក្សាខេត្ត

(សៀមរាប)៖ នៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ ឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្តសៀមរាប បានដឹកនាំប្រតិភូខេត្ត ដោយមានឯកឧត្តម លោកជំទាវសមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត គណ:អភិបាលខេត្ត អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ មន្ត្រីរាជការ សហភាពសហព័ន្ធយុវជន កម្ពុជាខេត្ត និង កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរក្រុង ស្រុក ឃុំ បានចូលរួមគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ចាន់ សារឿន សមាជិកក្រុមប្រឹក្សាខេត្ត និងជួយចែករំលែកទុក្ខក្រុមគ្រួសារនៃសព ដែលបានទទួលមរណ:ភាព កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង១៣និង២៥នាទី ក្នុងជន្មាយុ៦៨ឆ្នាំ ដោយរោគាពាធ ហើយសពត្រូវបានតំកល់ទុក ប្រារព្ធធ្វើពិធីបុណ្យទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋាននៃសពដែលស្ថិត ក្នុងភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុង ខេត្តសៀមរាប ។

ក្នុងការចូលរួមរំលែកទុក្ខនោះដែរ ឯកឧត្តម ទៀ សីហា ព្រមទាំងគណ:ប្រតិភូបានសម្តែងនូវការសោកស្តាយយ៉ាងក្រៃលែងចំពោះការបាត់បង់មន្ត្រីថ្នាក់ដឹកនាំមួយរូបដ៏ឆ្នើម ដែលពោរពេញទៅដោយបទពិសោធន៍បច្ចេកទេសក្នុងការដឹកនាំ និងបំពេញ ភារកិច្ចជូនជាតិមាតុភូមិកន្លងមក ព្រមទាំងបានចូលរួមក្នុងកិច្ចការកសាង និងអភិវឌ្ឍន៍នូវសមទ្ធិផលនានា នៅតាម មូលដ្ឋានភូមិ ឃុំ ស្រុក នៃខេត្តសៀមរាប ។

ក្នុងនោះដែរ ឯកឧត្តម ទៀ សីហា ព្រមទាំង ឯកឧត្តម លោកជំទាវ គណ: ប្រតិភូ ក៏បានធ្វើការបូជាទៀនធូប ដើម្បីឧទ្ទិសជូនដល់ដួងវិញ្ញាណក្ខន្ត ដល់ឯកឧត្តមចាន់ សារឿន សូមឲ្យឯកឧត្តមបានទៅកាន់សុខគតិភព ៕

អត្ថបទនិងរូបភាព៖ លោកទ្រាពន្លឺ
កែសម្រួល៖ សុខុន