រដ្ឋបាលខេត្តកំពង់ធំ បន្តចុះមូលដ្ឋានចែកអំណោយ និងអប់រំពលរដ្ឋ ឱ្យយល់ច្បាស់ពីវិធានការ ការពារវីរុសកូវីត១៩

(កំពង់ធំ)៖ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានចុះទៅដល់សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ដើម្បីចែកអំណោយដល់ពលរដ្ឋ ព្រមទាំងអប់រំផ្សព្វផ្សាយជូនពួកគាត់ឱ្យយល់ច្បាស់លាស់ពីវិធានការវីរុសកូវីត១៩ និងប្រាប់ពួកគាត់កុំជឿព័ត៌មានក្លែងក្លាយដែលធ្វើឱ្យជ្រួលច្របល់ ព្រមទាំងជំរុញឲ្យអាជ្ញាធរមូលដ្ឋានបង្កើនការផ្សព្វផ្សាយ បញ្ជ្រៀបការយល់ដឹងឱ្យកាន់តែស៊ីជម្រៅដល់ពលរដ្ឋទាំងអស់ ពិសេសណែនាំពលរដ្ឋដែលទើបមកពីថៃ និងប្រទេសនានាសូមស្នាក់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃសិន
ឯកឧត្តមបានថ្លែងប្រាប់នៅ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ ។

ឯកឧត្តម ក៏បានជម្រុញឲ្យអាជ្ញាធរក្រុង ស្រុកទាំង៩ ត្រូវបន្តផ្សព្វផ្សាយការយល់ដឹងឲ្យកាន់តែស៊ីជម្រៅដល់ប្រជាពលរដ្ឋទាំងអស់ជាពិសេសបងប្អូនត្រូវមានអនាម័យល្អ ដោយពាក់ម៉ាសការពារ ប្រើប្រាស់ទឹកអាល់កុលលាងសម្អាតដៃពេលចាប់កាន់វត្ថុផ្សេងៗ ដើម្បីការពារការឆ្លងករណីណាមួយ ,និយាយនេះមិនមែនចោទប្រកាន់ថាឱ្យតែអ្នកមកពីថៃ គឺសុទ្ធតែមានផ្ទុកវីរុសកូវីត១៩នោះទេ ពោលគឺត្រូវតែប្រុងប្រយ័ត្នទាំងអស់ ព្រោះបើឈឺតែម្នាក់ឯងមិនជាបញ្ហាធំទេ ប៉ុន្តែសំខាន់នោះគឺឆ្លងដល់អ្នកផ្ទះដែលមិនដឹងអី ដែលនាំទុក្ខសោកដល់ពួកគាត់គួរឱ្យអាណិតបំផុត ហើយការរស់នៅមិនត្រូវមានការប្រមូលផ្តុំ គ្នានោះទេ ។

ឯកឧត្តមអភិបាលក៍បានណែនាំពលរដ្ឋផងដែរថា សូមបងប្អូនកុំឆាប់ជឿសារសម្លេងតាមChat សូមកុំជឿព័ត៌មានក្លែងក្លាយ ព័ត៌មានបំពុល ព័ត៌មានញុះញង់ឱ្យចលាចល ពិសេសកុំជឿតាមមាត់មួយទៅមាត់មួយ ព្រោះទាំងអស់នោះគ្មានមូលដ្ឋានអ្វីដែលគួរឱ្យជឿនោះទេ ប៉ុន្តែសូមបងប្អូនជឿតែទៅលើក្រសួងសុខាភិបាលទៅបានហើយ ព្រោះពួកគេផ្ដល់ព័ត៌មានពិត ព័ត៌មានជាក់លាក់ និងជាព័ត៌មានច្បាស់លាស់បំផុត
សម្រាប់ខេត្តកំពង់ធំ គ្រូពេទ្យបានសំណាកបងប្អូនប្រជាពលរដ្ឋចំនួន១៧ នាក់ទៅពិនិត្យជាលទ្ធផលគឺអវិជ្ជាមានទាំងអស់ ។

ឯកឧត្តម ក៏បានបន្តទៀតថា ដោយអនុវត្តន៍តាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រុមការងារត្រូវខិតខំដោយមិនគិតពីការនឿយហត់ឡើយ គឺធ្វើយ៉ាងណា ចូលរួមយ៉ាងសកម្មបំផុតដើម្បីបង្ការការរីករាលដាលវីរុសកូវីត១៩នេះ មិនឱ្យរីករាលដាលដល់សហគមន៍ក្នុងនោះ លោកបានឲ្យអាជ្ញាធរស្រង់ប្រជាពលរដ្ឋក្រីក្រឲ្យបានច្បាស់លាស់ ។ ក្នុងនោះដែរលោកបានផ្តល់នូវ អាល់កុលចំនួន៥៤០ លីត្រស្មើ១៨ប៊ីដុង ម៉ាសចំនួន ២០០ដុំ ម៉ាស៊ីនវាស់កំដៅ ៥៤ គ្រឿង ក្រម៉ា ៥០០ ក្រម៉ា សាប៊ូ ថ្នាំដុសធ្មេញ និងផ្ទាំងរូបភាពជាច្រើន ។

គួរបញ្ចាក់ថា ចំនួនអ្នកមកពីក្រៅប្រទេសមានចំនួន៣៣៣៣នាក់ គិតត្រឹមថ្ងៃទី២៩ ខែ មីនា ឆ្នាំ២០២០នេះ ៕