ឯកឧត្តម អភិបាលខេត្ត ណែនាំដល់ អាជ្ញាធរ ក្រុង ស្រុក ទាំងអស់ ត្រូវតាមដាន និងក្តាប់ឱ្យបាន រាល់ការ វិលត្រឡប់មកវិញ របស់ប្រជាពលរដ្ឋចំណាកស្រុក ដើម្បីការពារទប់ស្កាត់ជំងឺ Covid 19 កុំឲ្យមានការរីករាលដាល

(ព្រៃវែង)៖ ឯកឧត្តម ជា សុមេធី អភិបាលខេត្ត ក្រើនរំលឹកដល់អាជ្ញាធរ ក្រុង ស្រុក ទាំងអស់ត្រូវខិតខំផ្សព្វផ្សាយ តាមដាន និងក្តាប់ឱ្យបាន រាល់ការ វិលត្រឡប់មកវិញ របស់ប្រជាពលរដ្ឋចំណាកស្រុក ដើម្បីការពារទប់ស្កាត់ជំងឺ Covid 19 កុំឲ្យមានការរីករាលដាល។ ឯកឧត្ដម អភិបាលខេត្តបានលើកឡើងបែបនេះនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅរសៀលថ្ងៃទី៣០ ខែមិនា ឆ្នាំ២០២០។

ឯកឧត្តម អភិបាលខេត្ត ក៏បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងធ្វើការអស់កម្លាំងកាយចិត្តរបស់មន្ទីរអង្គភាព អាជ្ញាធរពាក់ព័ន្ធទាំងអស់នៅតាមភូមិសាស្ត្ររៀងៗខ្លួនដើម្បីធ្វើយ៉ាងណាបម្រើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋបានល្អប្រសើរ ជាពិសេសសកម្មភាពក្នុងការចុះផ្សព្វផ្សាយព័ត៌មាន អំពីការការពារទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid 19 ដល់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានបានយ៉ាងល្អប្រសើរគួរជាទីមោទនៈ។

ឯកឧត្តមក៏ បានណែនាំ ដល់កងកម្លាំងទាំងបី អាជ្ញាធរ ក្រុង ស្រុក ទាំងអស់ត្រូវបន្ត ខិតខំប្រឹងប្រែង តាមដាន និងក្តាប់ឱ្យបាន រាល់ការ វិលត្រឡប់ចូលស្រុករបស់បងប្អូនប្រជាពលរដ្ឋដែលគាត់បានធ្វើចំណាកស្រុកទៅធ្វើការនៅឯក្រៅប្រទេស ឬកន្លែងផ្សេងៗក្តី ត្រូវធ្វើការផ្សព្វផ្សាយណែនាំ អំពីវិធីការពារ និងទប់ស្កាត់អំពីបញ្ហា នៃការ រីករាលដាលនៃជំងឺ Covid 19 តាមការណែនាំរបស់ក្រសួងសុខាភិបាល។

សូមរំលឹកផងដែថា រដ្ឋបាលខេត្តបានត្រៀមទីតាំងកន្លែងជូនប្រជាពលរដ្ឋដែលសង្ស័យថាមាន វីរ៉ុស COVID-19 ដេីម្បីពិនិត្យព្យាបាល និងដាក់ដោយឡែកចំនួន ៣ កន្លែង សរុប ១០៣ បន្ទប់មាន :
១-អាគារ សណ្ឋាគារចុងប៉ម មានបន្ទប់ចំនួន ៤៨ បន្ទប់
២-អាគារ ផ្ទះសំណាក់គ្រូបង្រៀន មានបន្ទប់ចំនួន ២២ បន្ទប់
៣-អាគារ សាលាបឋមសិក្សាសម្តេចតេជោ ហ៊ុនសែន ព្រៃវែងក្រុង មានបន្ទប់ចំនួន ៣៣ បន្ទប់នោះផងដែរ៕